១ឆ្នាំកន្លងផុតទៅទើប លី ច័ន្ទសីហា ព្រមទម្លាយរឿងលែងប្ដី

246

(​ភ្នំពេញ​)៖ ពិតជា​មិន​នឹកស្មាន តារា​សម្តែង​ដែល​ពូកែ​លេង​ស្រក់​ទឹកភ្នែក​អ្នកនាង លី ច័ន្ទ​សីហា ព្រម​ទម្លាយ​រឿង​លះលែង​ស្វាមី​យ៉ាងពិត​ប្រាកដ​មែន ខណៈ​រឿងនេះ​នាង​ស​ង្ងំ​លាក់ទុក​រយៈពេល មួយឆ្នាំ​មកហើយ​។​

​ក្នុង​ពិធី​អបអរ​ខួបកំណើត​គម្រប់​វ័យ​មួយ​ខួប​របស់​កូនស្រី​នាង​និង​ការប្រកាស​មុខ​ជំនួញ​នាំចូល​ផលិតផល​រក្សា​សម្ផស្ស​យីហោ Fendi កាលពី​រាត្រី​ថ្ងៃទី​០៩​ខែមករា​ឆ្នាំ​២០១៩ នៅ​ភោជនីយដ្ឋាន Ming Palace ត្រូវបាន​មហាជន ភ្ញៀវ និង​ក្រុម​អ្នកសារព័ត៌មាន​នឿយ​ឆ្ងល់​ចំពោះ​ការបាត់​មុខ​របស់ ស្វាមី​នាង​គឺ​លោក ច័ន្ទ ថៃ​សេង ដែល​មិនឃើញ​មាន​វត្តមាន​អបអរ​ថ្ងៃ​កូនស្រី​របស់ខ្លួន​ជាមួយ លី ច័ន្ទ​សីហា ។

​អ្នកនាង លី ច័ន្ទ​សីហា បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា នាង​បាន​លែងលះ​ប្តី និង​មាន​សាលក្រម​ពី​តុលាការ​ជាង​មួយឆ្នាំ​មកហើយ​ពោលគឺ​មុនពេល​នាង​សម្រាល​កូនស្រី មកម្ល៉េះ​។ នាង​ជា​អ្នកសម្រេចចិត្ត​សុំ​លែង​ប្តី​ដែល​នាង​អះអាងថា​ស្វាមី​មិនបាន​ផ្តល់​ភាព កក់ក្តៅ​ពោលគឺ ដើរចោល​នាង​បាត់ៗ​ពី​ផ្ទះ គ្រា​ដែល​អំឡុង​មាន​ផ្ទៃពោះ​។

​តារា​ស្រី​រូបនេះ​បាន​បញ្ជាក់ថា ក្រោយ​មាន​ផ្ទៃពោះ​៥​ខែ​នាង​បាន​ចេញទៅ​រស់នៅ​ផ្ទះ​ដែល​ខាង​ប្តី​ទិញ នា​តំបន់​ចម្ការ​ដូង​ក្រោយ​រស់នៅ​ទីនោះ​បាន​ប្រមាណ​មួយខែ​នាង​ក៏​លេចចេញ​រឿងរ៉ាវ​រកាំរកូស ពិសេស​មិនសូវ​បាន​នៅ​ជុំ​ប្តី​។ នាង​ទទួលស្គាល់ថា​ក្រោយ​ភ្ជាប់ពាក្យ​នាង​ក៏​ធ្លាប់មាន​លេចចេញ ភាព​រកាំរកូស​ខ្លះៗ​ដែរ ប៉ុន្តែ​នាង​រំពឹងថា​ក្រោយ​រៀបការ​រួច​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែមួយ និង​ក្រោយ​មានកូន​ជា​តំណក់ឈាម​រួមគ្នា នឹង​អាចធ្វើ​ឲ្យ​ស្វាមី​កែប្រែ​ទើប​នាង​ចេះ​ទ្រាំ ប៉ុន្តែ​គឺ​មិនមាន​អ្វីដែល​ធ្វើ​ឲ្យ​នាង​កក់ក្តៅ​ដូច​ការរំពឹងទុក​។​

​តារា​សម្តែង​រូបនេះ​បាន​ប្រាប់ថា នាង​គឺជា​មនុស្ស​ស្រី​មាន​ផ្ទៃពោះ​នៅផ្ទះ​តែឯង ដែលជា​សម្ពាធ​ផ្លូវ ចិត្ត​មួយ​ដ៏​ធ្ងន់​ពិសេស​នាង​បារម្ភ​ប៉ះពាល់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​។ កន្លងមក​នាង​តែង​លាក់ មិន​បង្ហាញ​ជា​សាធារណៈ​អំពី​រឿងរ៉ាវ​លែងលះ​ស្វាមី​នោះទេ​ប៉ុន្តែ​ការពិត​មិនអាច​លាក់​ជិត​នោះដែរ ហើយក៏​អាច​បញ្ចៀស​ការ​ចោទសួរ​ជា​ញឹកញាប់​ពី​អ្នក​រួម​អាជីព និង​អ្នកសារព័ត៌មាន​អំពី ការបាត់​វត្តមាន​អតីត​ស្វាមី​នាង​។ តារា​ស្រី​រូបនេះ​លើកឡើងថា​ថ្ងៃ​សម្រាល​កូនស្រី​ស្វាមី​នាង​ក៏ បាន​ទៅ​មើលមុខ​កូនស្រី​ដែរ​តាម​ការហៅ​ទូរស័ព្ទ​ផ្តល់ដំណឹង​ពី​ឪពុក​នាង​ហើយ​ក្រោយពេល សម្រាល​ស្វាមី​នាង​ក៏បានផ្តល់​ប្រាក់​តិចតួច​ប្រចាំខែ​សម្រាប់​កូនស្រី​ផងដែរ​។

​អ្នកនាង លី ច័ន្ទ​សីហា បាន​បង្ហើប​ថា រឿង​អតីត​ប្តី​នាង​មាន​ស្រី​ថ្មី​នៅ​ខាងក្រៅ​នោះ​នាង​មិន បានដឹង​ច្បាស់​ទេ​នៅពេល​នៅ​ជាមួយគ្នា ប៉ុន្តែ​គ្រាន់តែ​ក្រោយ​ចែកផ្លូវ​គ្នា​អតីត​ស្វាមី​នាង​ក៏មាន ប្រពន្ធក្រោយ​ដែរ​ដែល ពេលនេះ​គេ​ក៏មាន​ផ្ទៃពោះ​៦​ខែ​ហើយ​ដែរ​។ សម្រាប់​ថ្ងៃ​ខួបកំណើត​កូនស្រី អតីត​ស្វាមី​នាង​ក៏បានផ្តល់​របស់​ខ្លះ​ដល់​កូនស្រី​ដែរ​គឺ​ខ្សែដៃ និង​ក្រវិល​។​

​តារា​ល្បី​ពូកែ​សម្តែង​លេង​ស្រក់​ទឹកភ្នែក ក៏​សម្រាប់តែ​ជួប​រឿង​មិន​សមប្រកប​ក្នុង​ជីវិត ដូច​ក្នុង​រឿងកុន​យ៉ាង​ដែរ ហើយ​នាង​ក៏បាន​លាន់មាត់​ថា​នាង​ពិតជា​មិន​នឹកស្មាន​ទេ​ថា​ចំណង​ស្នេហ៍ ដែល​មើលចិត្ត​គ្នា​អស់​មិនតិចជាង​៦​ឆ្នាំ​របស់​នាង​ដើរ​ដល់​ផ្លូវ​ទាល់​នោះទេ​។ ក្រោយ​លែងលះគ្នា​នាង និង ស្វាមី មិនមាន​ទ្រព្យសម្បត្តិ​អ្វីដែល​ពិបាក​នឹង​បែងចែក​គ្នា​នោះទេ ព្រោះ​ជំនួញ​មុខរបរ​របស់​នាង សុទ្ធតែជា​កម្លាំង​ញើស​ឈាម និង ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​ទាំង​មុខរបរ​សម្អាងកា​រ​នាំ​ផលិតផល ពី​បរទេស​មក​លក់ និង ការ​ពុះ​ដី​ឡូ​តិ៍លក់​រួមជាមួយ​បងប្អូន​ជីដូនមួយ​ទាំងអស់គ្នា​គ្មាន​ពាក់ព័ន្ធ នឹង​អតីត​ស្វាមី​នាង​នោះឡើយ ។​

​សូម​បញ្ជាក់ដែរថា តារា​សម្តែង លី ច័ន្ទ​សីហា បាន​ចូល​រោងការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ​២០១៧ ដែល​ស្វាមី​នាង​ត្រូវបាន​គេ​ស្គាល់​ថា​ជា និស្សិត​យោធា ច័ន្ទ ថៃ​សេង ក្រោយ​ភ្ជាប់ពាក្យ​អស់​មួយឆ្នាំ​ហើយ​។ មង្គលការ​របស់​នាង​ត្រូវបាន​រៀបចំ​យ៉ាង​ធំ ក្រោម​វត្តមាន​ភ្ញៀវ​មិនតិចជាង​១២០០​នាក់​នោះឡើយ​៕ ដោយ​: បូ​រិ​ន​