១០០​នាក់​របួស​នៅក្នុង​ការប្រឆាំង​តវ៉ា​ដ៏​ធំ​របស់​និស្សិត​នៅ​បង់​ក្លា​ដែស ដោយសារ​តែ​កូតា​ការងារ​របស់​រដ្ឋ​

833
ចែករម្លែក

​និស្សិត​រាប់ពាន់​នាក់​នៅ​ទូទាំង​បង់​ក្លា​ដែស​បាន​ធ្វើ​ការអង្គុយ​តវ៉ា​មិន​ចេញពី​សាលា​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​មេសា ក្រោយ​ការប៉ះទង្គិច​នៅ​សកល​វិទ្យាល័យ​ល្បី​មួយ​របស់​​ប្រទេស​ដែល​បណ្តាលអោយ​មនុស្ស​យ៉ាងតិច​១០០​នាក់​រង​របួស​និង​មនុស្ស​១៥​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​។​

​ប៉ូលិស​បាន​បាញ់​គ្រាប់​ជ័រ​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​ពួក​និស្សិត​នៃ​សកល​វិទ្យាល័យ​ដា​កា ដែល​កំពុង​ប្រឆាំងនឹង​អ្វី​ដែល​ពួកគេ​អះអាងថា​ជា​ការរើសអើង​ក្នុង​ការកំណត់​​កូតា​ការងារ​រដ្ឋ ដោយ​ផ្តល់​អាទិភាព​ដល់​ក្រុម​ពិសេសៗ​។​

​វា​ជា​ការប្រឆាំង​តវ៉ា​ធំ​បំផុត​ដែល​នាយករដ្ឋមន្ត្រី សេក ហា​ស៊ីណា ជួបប្រទះ​ក្នុង​រយៈពេល​កាន់អំណាច​របស់​លោកស្រី​។​

​រដ្ឋ​មន្ត្រី​ម្នាក់ ត្រូវ​ចេញ​មក​ជួប​ប្រជុំ​ជាមួយ​ពួក​មេដឹកនាំ​បាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​។​តែ​ពួក​និស្សិត​នៅ​សកល​វិទ្យាល័យ​រដ្ឋ​នៅក្រុង​Chittagong, Khulna, Rajshahi, Barisal, Rangpur, Sylhet និង Savar​មិន​បាន​ចូលរៀន​ទេ ហើយ​នាំគ្នា​អង្គុយ​តវ៉ា​បន្ត​។​

​ការប៉ះទង្គិច​បានចាប់ផ្តើម​កាលពី​យប់​ថ្ងៃអាទិត្យ​និង​បន្ត​រហូត​ព្រឹក​ថ្ងៃ​ចន្ទ នៅ​សកល​វិទ្យាល័យ​ដា​កា ដោយ​ប្រែក្លាយ​សាលា​នេះ​ទៅ​ជា​សមរភូមិ​។​

​ពួក​និស្សិត​ខឹង​នឹង​ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​ដើម្បី​លៃ​ទុក​ការងាររ​ដ្ឋ​៥៦%​សំរាប់​សមាជិក​ក្រុមគ្រួសារ​ទាហាន​ជើង​ចាស់​មក​ពី​សង្គ្រាម​ទាមទារ​ឯករាជ្យភាព​ឆ្នាំ​១៩៧១​និង​សម្រាប់​ក្រុម​ជនជាតិភាគតិច​ដែល​មិន​មាន​ប្រៀប ដោយ​ទុក​អោយ​និស្សិត​ដែល​ចេញពី​សាលា​ប្រកួតប្រជែង​គ្នា​យក​ចំណែក​ការងារ​៤៤%៕​ដោយ​៖​វាសនា​