១០​ខែ ចំណូល​ពី​ប្រាសាទ​អង្គរ បាន​ជាង ៨០​លាន​ដុល្លារ ថយចុះ​ជាង ១៤​ភាគរយ ធៀប​នឹង ១០​ខែ ក្នុង​ឆ្នាំ​២០១៨

.​នៅ​ខែតុលា ចំណូល​ទទួលបាន​ជាង ៦​លាន​ដុល្លារ ក៏​ថយចុះ​ជិត ២៤% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៨

393
ចែករម្លែក

ភ្នំពេញ​៖ ក្នុង​រយៈពេល ១០​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៩ ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប ទទួលបាន ៨០ ៧៩១ ២៨៤ ដុល្លារ​អាមេរិក​។ ចំនួន​នេះ បាន​ថយចុះ ១៤,០៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​។

​របាយការណ៍​ប្រចាំខែ របស់​គ្រឹះស្ថាន​អង្គរ បង្ហាញថា រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ អ្នកទេសចរ​បរទេស បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១ ៨០៤ ០០៧ នាក់ ថយចុះ ១៣,៦៩% ធៀប​នឹង ១០​ខែ ក្នុង​ឆ្នាំ​២០១៨​។​

​ដោយឡែក នៅ​ខែតុលា ឆ្នាំ​២០១៩ ចំនួន​អ្នកទេសចរ​ទិញ​បណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៤១ ៤៩៤ នាក់ ថយចុះ ២៤,៩៣% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៨​។ រីឯ​ចំណូល ក្នុង​ខែតុលា ទទួលបាន ៦ ៣៦១ ១០៣ ដុល្លារ ថយចុះ ២៣,៨០% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៨​។​

​ទោះបីជា​ចំណូល​ធ្លាក់ចុះ តែ​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ គ្រឹះស្ថាន​អង្គរ ក៏បាន​ដក​លុយ​ពី​ចំណូល​សរុប​នេះ ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំនួន ៣ ៦០៤ ០១៤ ដុល្លារ​។​

​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញថា ចំនួន​អ្នកទេសចរ​បរទេស និង​ចំណូល​នៅ​រមណីយដ្ឋាន​អង្គរ បាន​ធ្លាក់ចុះ ចាប់តាំងពី​ខែមករា រហូតដល់​ខែតុលា ឆ្នាំ​២០១៩​។ ក្នុងនោះ រួមមាន​៖ នៅ​ខែមករា ឆ្នាំ​២០១៩ ទេសចរ​ទិញ​បណ្ណ មាន​ចំនួន ២៧១.០៥០ នាក់ ថយចុះ ៨,០៦% ធៀប​នឹង​ខែមករា ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ១២.៣៨០.៧០៥ ដុល្លារ ថយចុះ ៨,១៥% ធៀប​នឹង​ខែមករា ឆ្នាំ​២០១៨​។

ខែកុម្ភៈ ឆ្នាំ​២០១៩ ទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ២៧៣,២៥៩ នាក់ ថយចុះ ៧,៤៩% ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ១២,៦៩៨,២៨៨ ដុល្លារ ថយចុះ ៩,៣៦% ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៨​។

​ខែមីនា ឆ្នាំ​២០១៩ មាន​អ្នកទេសចរ ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន ២៤៣.៥៩១ នាក់ ថយចុះ ៩,២៤% ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ១០.៨៧៣.៨៤៧ ដុល្លារ ថយចុះ ១០,៦៤% ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨​។

​នៅ​ខែមេសា ឆ្នាំ​២០១៩ ទេសចរ​ទិញ​បណ្ណ មាន​ចំនួន ១៨៥.៤០៥ នាក់ ថយចុះ ៣,៦៤% ធៀប​នឹង​ខែមេសា ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ៨.១៨១.៧៩៥ ដុល្លារ ថយចុះ ៤,៨៥% ធៀប​នឹង​ខែមេសា ឆ្នាំ​២០១៨​។

​ខែឧសភា ឆ្នាំ​២០១៩ អ្នកទេសចរ​ទិញ​បណ្ណ មាន​ចំនួន ១៤៤.៥៣៦ នាក់ ថយចុះ ៦,៨៧% ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ៦.១៧៨.២១២ ដុល្លារ ថយចុះ ៨,៣១%​។

​ខែមិថុនា ឆ្នាំ​២០១៩ អ្នកទេសចរ​ទិញ​បណ្ណ មាន​ចំនួន ១២៦.៦០២​នាក់ ថយចុះ ១៦,០៣% ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៨ និង​ទទួលបាន​ចំណូល ៥.៤១៦.៧១៤ ដុល្លារ ថយចុះ ១៦,៤០% ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៨​។

​ខែកក្កដា ឆ្នាំ​២០១៩ អ្នកទេសចរ​ទិញ​បណ្ណ មាន​ចំនួន ១៤៩.២៦៩ នាក់ ថយចុះ ១៩,៧០% ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០១៨ ហើយ​ចំណូល​ទទួលបាន ៦.៥៨០.៥៩៨ ដុល្លារ ថយចុះ ១៩,៦៨% ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០១៨​។

​នៅ​ខែសីហា ឆ្នាំ​២០១៩ អ្នកទេសចរ​ទិញ​បណ្ណ មាន​ចំនួន ១៥៨.១២៤​នាក់ ថយចុះ ២១,៦៧% ធៀប​នឹង​ខែសីហា ឆ្នាំ​២០១៨ និង​ចំណូល​ទទួលបាន ៧.១៥៤.០៥៨ ដុល្លារ ថយចុះ ២១,៥០% ធៀប​នឹង​ខែសីហា ឆ្នាំ​២០១៨​។​

​ខែកញ្ញា ឆ្នាំ​២០១៩ អ្នកទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១១០.៦៧៧ នាក់ ថយចុះ ២៩,៤៤% ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ចំណូល​ទទួលបាន ៤.៨៧៥.៩៦៤ ដុល្លារ ថយចុះ ២៨,៣១% ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៨​។​

​នៅ​ខែតុលា ឆ្នាំ​២០១៩ ចំនួន​អ្នកទេសចរ​ទិញ​បណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៤១ ៤៩៤ នាក់ ថយចុះ ២៤,៩៣% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៨​។ រីឯ​ចំណូល ក្នុង​ខែតុលា ទទួលបាន ៦ ៣៦១ ១០៣ ដុល្លារ ថយចុះ ២៣,៨០% ធៀប​នឹង​ខែតុលា ឆ្នាំ​២០១៨​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល បាន​កែប្រែ​តម្លៃ​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ ដោយ​បែង​ចែកជា ៣​ប្រភេទ គឺ​ប្រភេទ​បណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ​។ បណ្ណ​ចូល​ទស្សនា ៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព​១០​ថ្ងៃ​និង បណ្ណ​ចូល​ទស្សនា ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព ០១​ខែ​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដក ២ ដុល្លារ ក្នុង​បណ្ណ​មួយ សម្រាប់​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។​

​កាលពី​ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ២.៥៩០.៨១៥ នាក់ កើន ៥,៤៥% ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ និង​ទទួលបាន​ចំណូល​សរុប ១១៦.៦៤៦.៦៨៥ ដុល្លារ ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ គឺ​កើន ៨,០៣%​។ នៅ​ឆ្នាំ​២០១៨ ចំណូល​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំនួន​សរុប ៥.១៨១.៦៣០ ដុល្លារ​។​
នៅ​ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​បរទេស ចំនួន ២.៤៥៧.០២៣ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១១,៨២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបាន​សរុប​ចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារ គឺ​កើនឡើង ៧២,៥៤ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦៕ ល​