១១​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ អ្នកទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត​ជាង​២​លាន​នាក់

494

(​ភ្នំពេញ​)៖ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បង្ហាញថា រយៈពេល ១១​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧​មាន​អ្នក​ទេស​​ចរ​បរទេស ២.១៨៩.៨០៤ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប និង​ទទួលបាន​ចំណូល ៩៥.៦៦១.២៤១ លាន​ដុល្លារ​អាមេរិក​។

​ចំនួន​អ្នកទេសចរ​បរទេស ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​រយៈពេល ១១​ខែ ឆ្នាំ​២០១៧ នេះ បាន​កើនឡើង ១២,៤៣% បើ​ធៀប​នឹង​រយៈពេល ១១ ខែ កាលពី​ឆ្នាំ​២០១៦​។​

​របាយការណ៍​ដដែល បង្ហាញថា នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​អ្នកទេសចរ​បរទេស បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ២៤៩.២៣១ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ កើនឡើង ១៣,៧៨% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៦​និង​ទទួលបាន​​ចំណូល​១១.៤៤៦.២២៧ ដុល្លារ មានការ​កើនឡើង ៨០,៨៧ ភាគរយ​។
​ ​
​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ គ្រឹះស្ថាន​អង្គរ​ដែលជា​សហគ្រាសរ​បស់​រាជរដ្ឋាភិបាល​ទ​ទួល​បន្ទុក​លក់​សំបុត្រ​ចូល​​ទស្សនា​រមណីយដ្ឋាន​អង្គរ បានសម្រេច​កែសម្រួល​ត​ម្លៃ​ប័ណ្ណ​ថ្មី សម្រាប់អ្នកទេសចរ​ប​រទេស​។ ក្នុងនោះ រួមមាន ៣ ប្រភេទ គឺ​ប័ណ្ណ​ទស្សនា ១​ថ្ងៃ ពីមុន​តម្លៃ ២០ ដុល្លារ ត្រូវបាន​តម្លើង​ដល់ ៣៧ ដុល្លារ​។ ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ ៣ ថ្ងៃ ពីមុន​តម្លៃ ៤០ ដុល្លារ ត្រូវបាន​តម្លើង​ដល់ ៦២ ដុល្លារ និង​ប័ណ្ណ​ទស្សនា​រយៈពេល ៧​ថ្ងៃ ពីមុន ៦០ ដុល្លារ ត្រូវបាន​តម្លើង​ដល់ ៧២ ដុល្លារ​។​
​ ​
​ជាមួយនឹង​ការសម្រេច​តម្លើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ដក​លុយ ២ ដុល្លារ​ពី​ប័ណ្ណ​សម្រាប់​អ្នក​​ទេសចរ​បរទេស​ម្នាក់ ដើម្បី​ចូលក្នុង​មូលនិធិ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។ ក្នុង​រយៈពេល ១០​ខែ​គិត​​ចាប់ពី​ខែកុម្ភៈ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ថវិកា ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ សរុប​ចំនួន ៣.៨០៥.៥២៦ ដុល្លារ ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​៕​ដោយ​៖ ម៉េង​ឆៃ​/sn