១១​ខែ​នេះ កម្ពុជា​នាំចេញ​កៅស៊ូ​បាន​ជាង​១៥​ម៉ឺន​តោន​

253

(​ភ្នំពេញ​) ៖ បើតាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ ស្ដីពី​ស្ថានភាព​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ គឺ​គិត​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧​កម្ពុជា​បាន​នាំចេញ​ជ័រ​​កៅស៊ូ​ជាង ១៥​ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ជិត ២៥០​លាន​ដុល្លារ​។​
​ ​
​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កៅស៊ូ បានបញ្ជាក់​ឲ្យ​ដឹងថា រយៈពេល ១១​ខែ នេះ​កម្ពុជា​បាន​ប្រមូល​ផល​ជ័រកៅស៊ូ​បាន​ចំនួន​១៥២.៩៦២​តោន កើនឡើង​ចំនួន​៣៦.៦១៣​តោន ស្មើនឹង ៣១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន​និង​ទទួលបាន​ថវិកា​​ជិត​២៥០​លាន​ដុល្លារ ដែល​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម​ក្នុង​រយៈពេល​១១​ខែ គឺ​ចំនួន​១.៦២៥​ដុល្លារ ក្នុង​១​តោន កើនឡើង ៤៥២ ដុល្លារ ក្នុង ១​តោន សើ្ម​នឹង​៣៨​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ ​
​សូមជម្រាបថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន​ជិត​៤៤​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃ​ដែល​អាចចៀរ​ជ័រ​បាន​ចំនួន​១៧​ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​ជិត​២៧​ម៉ឺន​ហិកតា​៕​ដោយ​៖​វិបុល​/sn