១២​នាក់​ស្លាប់​ដោយ​ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​នី​ហ្សេ​រី​យ៉ា​

296
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​ក្រុង​ឡាហ្គោ​ស​របស់​នី​ហ្សេ​រី​យ៉ា បាន​កើន​ដល់​១២​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​បន្ទាប់​ពី​១០​នាក់​បាន​ស្លាប់​បាន​ស្លាប់​នៅ​មន្ទីរ​​ពេទ្យ​ដោយ​សារ​របួស​បង្កឡើង​ពី​ការផ្ទុះ​ឆេះ​ប្រេង​កាលពី​សប្តាហ៍​មុន​។​

​ដុំ​ភ្លើង​ធំ​មួយ​បង្ក​ឡើង​ពី​ពួក​លួច​ចោះ​បូម​ប្រេង​ចេញពី​បំពង់​បង្ហូរ​ប្រេង​របស់​រដ្ឋ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា ក្នុង​គ្រោះថ្នាក់​ចុងក្រោយ​បំផុត​មួយ​​ក្នុងចំណោម​សោកនាដកម្ម​ស្រដៀងៗ​គ្នា​ជា​បន្តបន្ទាប់​។​

​មនុស្ស​២​នាក់ ត្រូវបាន​សម្លាប់​ភ្លាម​ដោយ​រលាកភ្លើង ដែល​បាន​បំផ្លាញ​រថយន្ត​ជាង​៣០​គ្រឿង និង​មនុស្ស​២០​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​អ្នករងរបួស​១០​នាក់​​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយសារ​រលាក​ធ្ងន់ធ្ងរ​។​

​បើ​តាម​ពួក​មន្ត្រី ភ្នាក់ងារ​សន្តិសុខ​បាន​ស្ទាក់​ចាប់​ពួក​ចោរ​ដែល​បាន​កំពុង​លួច​ត្រងប្រេង​និង​ជញ្ជូន​ទៅ​ដាក់​ក្នុង​រថយន្ត​របស់​គេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​ជនល្មើស​ខ្លះ​បាន​ចាក់​​ប្រេង​លើផ្លូវ​និង​ដុត​ដើម្បី​ព្យាយាម​គេច​ពី​ការចាប់ខ្លួន​ដែល​បង្ក​ជា​អគ្គិភ័យ​ឡើង​។​

​នី​ហ្សេ​រី​យ៉ា ជា​អ្នក​ផលិត​និង​នាំចេញ​ប្រេង​ធំ​បំផុត​នៅ​អាហ្វ្រិក​។​ប្រទេស​នេះ​មាន​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​ឆៅ​និង​ប្រេងសាំង​កាត់​ផ្ទៃ​ប្រទេស​។​តែ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ ឧបទ្ទវហេតុ​ស្រដៀង​គ្នា ឬ​ការ​ដង​ដួស​ប្រេង​ពី​រថយន្ត​ក្រឡាប់់​ហើយ​ផ្ទុះ​ឆេះ​។​

​កាលពី​ថ្ងៃ​០១​កក្កដា ឆ្នាំនេះ មនុស្ស​យ៉ាង​តិច​៤៥​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​រងរបួស​នៅ​ក្រុង​អា​ហូ​ម​បេ ភាគ​កណ្តាល នៅ​ពេល​រថយន្ត​ដឹក​ប្រេង​មួយ​ក្រឡាប់​និង​ផ្ទុះ​ឆេះ​​ចំ​ពេល​មនុស្ស​ទាំង​ហ្វូង​នាំគ្នា​មក​ដួស​យក​ប្រេង​កំពប់​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​

ដុំ​ភ្លើង​ធំ​មួយ​បង្ក​ឡើង​ពី​ពួក​លួច​ចោះ​បូម​ប្រេង​ចេញពី​បំពង់​បង្ហូរ​ប្រេង​របស់​រដ្ឋ នៅ​តំបន់​មួយ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា​