១៣​នាក់​ស្លាប់​និង​២៨​របួស​ក្នុង​អគ្គិភ័យ​នៅ​ប្លុក​ផ្ទះល្វែង​ក្នុង​ក្រុង​ហូជីមិញ​

3406
ចែករម្លែក

​មនុស្ស​១៣​នាក់​ស្លាប់​និង​យ៉ាងតិច​២៨​រងរបួស​នៅពេល​អគ្គិភ័យ​មួយ​បានកើត​មាននៅ​ប្លុក​ផ្ទះល្វែង​មួយ​នៅ​ក្រុង​ហូជីមិញ​កាលពីដើម​​ថ្ងៃ​សុក្រ​ទី​២៣​មីនា​។​

​អគ្គិភ័យ​នៅ​អាគារ​Carina Plaza​បានចាប់ផ្តើម​ប្រមាណ​ពាក់កណ្តាល​យប់​នៅ​ជាន់​ក្រោម​នៃ​អាគារ​និង​បាន​រាល​ទៅជា​ន់​លើ​ភ្លាមៗ​។​

​មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​AFP​ថា​ជនរងគ្រោះ​ជាច្រើន​បាន​ស្លាប់​ដោយ​ថប់ដង្ហើម ខណៈ​ពួកគេ​ព្យាយាម​ភៀសខ្លួន​​ចេញពី​ភ្លើង​ដោយ​រត់​ឡើងទៅ​ជាន់​លើៗ​។​«​សព​មនុស្ស​១៣​នាក់​ត្រូវបាន​ទាញ​ចេញមក​និង​ជាង​ម្ភៃ​នាក់​រងរបួស​។​ពួកគេ​ស្លាប់​ដោយ​ថប់​​ដង្ហើម​»​។​

​មន្ត្រី​ដដែល​បាន​និយាយថា គេ​នៅ​មិនទាន់​កំណត់​បាន​ថា​អ្វី​ជាដើម​ហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​។​

​សារព័ត៌មាន​រដ្ឋ​វៀតណាម​VietnamPlus បាន​និយាយថា​អគ្គិភ័យ​បានចាប់ផ្តើម​នៅ​ជាន់​ក្រោម​ដី កន្លែង​ចំណតរថយន្ត​។​វា​ត្រូវបាន​​ពន្លត់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​។​

​ប្លុក​អាគារ​ផ្ទះល្វែង​នេះ រួមមាន​អាគារ​កំពស់​១៥​ទៅ​២២​ជាន់​ជាច្រើន​និង​ត្រូវបាន​សាងសង់​កាលពី​៦​ឆ្នាំមុន​នៅ​សង្កាត់​អ្នកស្រុក​រស់នៅ​​ក្នុង​ក្រុង​ហូជីមិញ​។​វា​រួមមាន អាង​ហែល​ទឹក កន្លែង​វាយ​តេ​ន្នី​ស កុមារដ្ឋាន​និង​ហាង​ទំនិញ​។​

​វា​ជា​អគ្គិភ័យ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​វៀតណាម​ចាប់តាំងពី​ឆ្នាំ​២០១៦​នៅពេល​អគ្គិភ័យ​មួយ​ក្នុង​ហាង​ខារ៉ាអូខេ​ក្នុង​ក្រុង​ហាណូយ​​ដែល​បានសម្លាប់​មនុស្ស​១៣​នាក់​៕​ដោយ​៖​វាសនា​