១៣​ប្រទេស​ចូលរួម​សន្និសីទ​តំបន់ដីសើម​នៅ​ខេត្តសៀមរាប​

1177
ចែករម្លែក
  • 4
    Shares

(​សៀមរាប​)៖ ប្រទេស​ជា​សមាជិក​អនុសញ្ញា​តំបន់​រ៉ា​ម​សារ​១៣​ប្រទេស រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ពាក់​ព័​ន្ឋ បាន​ចូលរួម​ក្នុង​សន្និសីទ​​ថា្នក់​តំបន់ ស្តីពី​និរន្តរភាព​តំបន់ដីសើម​ជាយក្រុង នៅ​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ។​
​ ​
​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​ថា ប្រធានបទ​សម្រាប់​សន្និសីទ​លើក​ទី​១៣ នៃ​អនុសញ្ញា​រ៉ា​ម​សារ គឺ​ចង់​ផ្សព្វ​ផ្សាយ​លទ្ធផល​នៃ​ការសិក្សា ដែល​ទទួលបាន​ជោគជ័យ និង​ការអនុវត្ត​ល្អៗ​ទាក់ទង​នឹង​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​នៃ​តំបន់​ដី​​សើម​ជាយក្រុង ។
​ ​
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក ផៃ ប៊ុន​ឈឿន បាន​លើកឡើងថា ប្រទេស​កម្ពុជា មាន​តំបន់ដីសើម​គ្របដណ្តប់​ប្រមាណ​៣០​ភាគរយ នៃ​ផ្ទៃ​ប្រទេស ។ តំបន់ដីសើម​ដ៏​ធំ​ល្វឹងល្វើយ​នេះ គឺជា​ទីជម្រក​យ៉ាងសំខាន់​សម្រាប់​មច្ឆា​ជាតិ សត្វ​ស្លាប​ទឹក សត្វព្រៃ និង​ប្រព័ន្ធ​អេកូ​ឡូ​​ស៊ី​សម្បូរបែប ដែល​ទ្រទ្រង់​សោភ័ណភាព​ធម្មជាតិ បរិស្ថាន ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​​ពលរដ្ឋ​នៅ​ជនបទ ។​
​ ​
​ប្រជាពលរដ្ឋ​នៅ​តំបន់ដីសើម​ទាំងនេះ បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ធនធានធម្មជាតិ តាមរយៈ​ការប្រមូល​ផល អនុផល​ព្រៃឈើ​ការ​ធ្វើ​កសិកម្ម ការនេសាទ និង​ការអភិវឌ្ឍន៍​មណ្ឌល​កម្សាន្ត នៅក្នុង​តំបន់ដីសើម ។
​ ​
​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា តាមរយៈ​សន្និសីទ​នេះ គឺជា​ឱកាស​ផ្សព្វផ្សាយ ចែករំលែក​ចំណេះដឹង ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ​ស្តីពី​ការ​​គ្រប់គ្រង​តំបន់ដីសើម និង​ពង្រឹង​ទំនាក់ទំនង រវាង​បណ្តា​ប្រទេស​ជា​សមាជិក សម្រាប់​សម្រួល​ការងារ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ ក្នុងការ​គ្រប់គ្រង​តំបន់ដីសើម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​
​ ​
​គួរ​បញ្ជាក់ថា សន្និសីទ​ថ្នាក់​តំបន់​ស្តីពី​និរន្តរភាព​តំបន់ដីសើម​ជាយក្រុង គឺ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​នៅ​ខេត្តសៀមរាប ៕​ដោយៈ​សម្បត្តិ​កញ្ញា​/sn

​សមាជិក​សន្និសីទ​ថ្នាក់​តំបន់​ថតរូប​អនុស្សាវរីយ៍​និង លោក​ផៃ ប៊ុន​ឈឿន​មានមតិ