១៥​នាក់​ស្លាប់​ខណៈ​កងកម្លាំង​ស្រីលង្ការ​វាយប្រហារ​លើ​ជម្រក​លាក់​ខ្លួន​របស់​ភេរ​វករ​

423
ចែករម្លែក

​មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់ រួម​មាន​កុមារ​៦​នាក់ ក្នុងអំឡុងពេល​កងកម្លាំង​សន្តិសុខ​ស្រីលង្កា​របើក​ប្រតិបត្តិការ​តាម​ប្រមាញ់​និង​បោសសម្អាត​ពួក​ភេរ​វករ​សេសសល់​​ពី​ការវាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃអាទិត្យ​មុន នៅ​ពេល​ជន​វាយប្រហារ​អត្តឃាត​បាន​បំផ្ទុះ​ខ្លួនឯង​ក្នុងពេល​ត្រូវ​ឡោម​ព័ទ្ធ​ជិត និង​មួយចំនួនទៀត​ត្រូវបាន​បាញ់សម្លាប់​ នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​កាលពី​ថ្ងៃ​សៅរ៍​ទី​២៧​មេសា​។​

​បុរស​៣​នាក់​បាន​បំផ្ទុះ​ខ្លួនឯង ដោយ​ក៏​បាន​សម្លាប់​ស្ត្រី​៣​នាក់​និង​កុមារ​៦​នាក់ នៅក្នុង​អ្វីដែល​គេ​ជឿ​ថា​ផ្ទះ​សុវត្ថិភាព​របស់​ក្រុម​ជី​ហាត នៅ​ជិត​ទីប្រជុំជន​កាល់​មូ​ណាយកាល​​ពី​យប់​ថ្ងៃ​សុក្រ​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា « បុរស​៣​នាក់​ទៀត ដែល​ក៏​ត្រូវ​គេ​ជឿ​ថា​ជា​ជន​វាយប្រហារ​អត្តឃាត ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ក្រៅ​ផ្ទះ​»​។​

​ប៉ូលិស ក្រោម​ការគាំទ្រ​ពី​ទាហាន បាន​បាញ់​ត​គ្នា​ជាមួយ​អ្នក​នៅ​ខាងក្នុង​ផ្ទះ អស់​ពេល​ប្រមាណ​១​ម៉ោង និង​សាកសព​ត្រូវបាន​រកឃើញ​នៅ​ដើម​ថ្ងៃ​សៅរ៍​។​

​សូមបញ្ជាក់​ថា កងកម្លាំង​ស្រីលង្ការ​បាន​បង្កើន​ការ​តាម​ប្រមាញ់​ពួក​ជ្រុលនិយម​ក្រោយពី​ក្រុង​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​អត្តឃាត​លើ​​សណ្ឋាគារ​និង​ព្រះវិហារ​កាលពី​ចុង​សប្តាហ៍​មុន ដែល​សម្លាប់​មនុស្ស​២៥៣​នាក់​និង​របួស​ប្រមាណ​៥០០​នាក់​។​

​ប្រតិបត្តិ​ការរួម​គ្នារ​វាង​ប៉ូលិស​និង​កងទ័ព ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​ព័ត៌មាន​ស៊ើបការណ៍​បង្ហាញថា ពួក​ភេរ​វករ​សម្ងំ​លាក់ខ្លួន​នៅ​ទីប្រជុំជន​កាល់​មូណា​យ ចម្ងាយ​៣៧០​គីឡូម៉ែត្រ​​ពី​រដ្ឋធានី​កូឡុំបូ​។​

​ប៉ូលិស​បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​មិន​មាន​ស្លាប់​ឬ​របួស​ទេ​៕​ដោយ​៖​វាសនា​