១៧០​នាក់​ស្លាប់​និង​របួស​នៅក្នុង​ការបោះឆ្នោត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

737
ចែករម្លែក

ជនជាតិអាហ្វហ្គានីស្ថានប្រមាណ១៧០នាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងអំពើហិង្សាពាក់ព័ន្ធការបោះឆ្នោតកាលពីថ្ងៃសៅរិ៍ ខណៈក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបណ្តាគោលដៅបោះឆ្នោត។

នៅក្នុងការវាយប្រហារចុងក្រោយមួយ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះស្ថានីយបោះឆ្នោតមួយក្នុងក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ និងរបួស២០នាក់ ជាហេតុនាំអោយចំនួនមនុស្សស្លាប់នៅទូទាំងក្រុងឡើងដល់១៩នាក់និងជិត១០០នាក់រងរបួស។

មិនទាន់មានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេតែមុននេះក្រុមតាលីបង់បាននិយាយថាខ្លួនបានវាយប្រហារជាង៣០០លើការបោះឆ្នោត«ក្លែងក្លាយ»នៅទូទាំងប្រទេស។

អំពើហិង្សាក៏បានរំខានការបោះឆ្នោតនៅក្រុងគុនឌូហ្ស៍ភាគខាងជើង ដោយមន្រ្តីសុខាភិបាលបាននិយាយថា មនុស្ស៣នាក់ត្រូវបានសម្លាប់និង៣៩នាក់រងរបួសក្រោយពីគ្រាប់រ៉ុក្កែតជាង២០ត្រូវបានបាញ់ចូលទីក្រុង។

អ្នករងរបួសត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងកាប៊ុល កាលពីថ្ងៃសៅរិ៍ បន្ទាប់ពីជនវាយប្រហារបានបំផ្ទុះគ្រាប់បែកនៅមុខស្ថានីយបោះឆ្នោតនៅក្នុងសាលារៀនមួយ

សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតម្នាក់ត្រូវបានសម្លាប់និង៧នាក់ទៀតកំពុងបាត់ខ្លួនក្រោយពួកតាលីបង់វាយប្រហារមណ្ឌលបោះឆ្នោតមួយនៅចម្ងាយប្រមាណគីឡូម៉ែត្រពីក្រុងគុនឌូហ្ស៍ ដោយបំផ្លាញហិបឆ្នោត។

នៅក្នុងខេត្តណាហ្កាហាភាគខាងកើតឯណោះវិញ ការផ្ទុះចំនួន៨ត្រូវបានកត់ត្រាឃើញ និងមនុស្ស២នាក់ត្រូវបានសម្លាប់។

ក្រសួងមហាផ្ទៃដាក់តួលេខស្លាប់និងរបួសសរុបទាបជាងបន្តិច គឺ១៦០នាក់ និងថាមានការវាយប្រហារ១៩៣នៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ិ។

ស្ថានីយបោះឆ្នោតរាប់រយនៅអាហ្វហ្គានីស្ថានបានពន្យារពេលការបោះឆ្នោតរហូតដល់ថ្ងៃអាទិត្យដោយសារតែអំពើហិង្សានិងបញ្ហាបច្ចេកទេស។ទោះជាមានការគំរាមវាយប្រហារពីក្រុមតាលីបង់ ក៏មនុស្សចេញមកបោះឆ្នោតយ៉ាងច្រើន។តួលេខដំបូងបង្ហាញថាអ្នកបោះឆ្នោតយ៉ាងតិច១,៥លាននាក់បានទៅបោះឆ្នោតនៅ២៧ខេត្តកាលពីថ្ងៃសៅរិ៍។

ក្រសួងការពារជាតិបាននិយាយថា ខ្លួនបានបង្កើនការដាក់ពង្រាយទ័ពដល់៧ម៉ឺនាក់ ដោយកើនពីចំនួន៥ម៉ឺននាក់ដែលបានគ្រោងកាលពីដំបូងដើម្បីការពារបណ្តាស្ថានីយបោះឆ្នោត៕ដោយ:វាសនា

កងកម្លាំងសន្តិសុខបានទៅដល់កន្លែងកើតហេតុនៅក្រុងកាប៊ុល ក្រោយការផ្ទុះ