១៧ មេសា ឆ្នាំ​១៩៧៥:​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​

1649
ចែករម្លែក
  • 224
    Shares
១៧ មេសា ឆ្នាំ​១៩៧៥:​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​

ដោយៈ​ដកស្រង់​ចេញពី​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈនៅពេល​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ប្រជាជន​កម្ពុជា​ចំនួន​ប្រហែល​បី​លាន​អ្នក​កំពុង​រស់នៅក្នុង​រដ្ឋធានី​ភ្នំពេញ​។ ចំនួន​ប្រជា ជន​បាន​កើនឡើង​បី​ដង​បើ​ប្រៀបធៀប​រយៈពេល​ប្រាំ​ឆ្នាំមុន ដែល​ប្រជាជន​ទាំងនេះ​បាន ចាក​ចេញពី​ទីជនបទ​ចូលមក​រស់នៅ​តាម​ទីក្រុង​ផ្សេងៗ ដោយសារ​គេច​ចេញពី​សង្គ្រាម ស៊ីវិល និង​ការទម្លាក់​គ្រាប់បែក​ការស្វែងរក​ទី​ជំរក​ឬ​គេច​ចេញពី​ការគាបសង្កត់​ធ្វើទុក្ខ​ទោស​នៅក្នុង​តំបន់​ដែល​ត្រួតត្រា​ដោយ​ខ្មែរក្រហម​។​


​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ខ្មែរក្រហម​បាន​ជម្លៀស​ទាំង​អ្នក​ភៀសខ្លួន​និង​អ្នករស់នៅ​ក្នុង​ទីក្រុង​យូរ​ឆ្នាំ​ដោយ​បង្ខំ ឲ្យ​ចាក​ចេញពី​គេហដ្ឋាន​របស់ខ្លួន​។ មាន គ្រួសារ​តិចតួច​ដែល​បានរៀបចំ​បង្វិចខោអាវ ចានឆ្នាំង គ្រឿងអលង្ការ ម្ហូបអាហារ និង​រូបថត​ដាក់ចូល​ទៅក្នុង​រថយន្ត ឬ​ដា​ក់លើ​ម៉ូតូ ឬ​រទេះគោ​របស់ខ្លួន​។ ប៉ុន្តែ​ភាគច្រើន​នៃ អ្នក​ជម្លៀស​បានធ្វើ​ដំណើ​រ​ដោយ​ថ្មើរជើង ដឹក​ដៃ​កូន ពរ​កូន និង​បាន​យក​របស់របរ​ផ្ទាល់ខ្លួន​ខ្លះ​ដែល​អាច​យកទៅ​ជាមួយ​បាន​។​

.​ជីវិត​ក្នុង​ភាព​នឹងថ្កល់(​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៦១​ឆ្នាំ​២០១៦)៖​ខ្ញុំ​និង​ប្តី​ខ្ញុំ​ធ្វើការ​នៅ​រោងចក្រ​ផលិត​សរសៃ​កប្បាស​។ នៅពេលដែល​ការ​ច្បាំង​គ្នា​ចាប់ផ្តើម​នៅ​ខេត្តកំពង់ចាម​ក្នុង​ឆ្នាំ​១៩៧២ មាន​ប្រជាជន​ជាច្រើន​នាក់​បាន​ស្លាប់ ដូច្នេះ​យើង​ក៏បានរ​ត់ទៅ​រស់នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ទីនោះ​ប្តី​ខ្ញុំ​ធ្វើការ​ជា​អ្នកប្រមូល​ស្ថិតិ​ខាង​វិស័យ​កសិកម្ម​ឲ្យ​ក្រសួងផែនការ​និង​ស្ថិតិ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ចំណែក​ឯខ្ញុំ​ដំបូង​ធ្វើ​ចម្ការ​លុះ​ក្រោយមក​ខ្ញុំ​លក់​នំកង​។​ក្រោយមក​ការប្រយុទ្ធ​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​។​ដោយសារតែ​មានការ​ទម្លាក់​គ្រាប់បែក​ច្រើនលើកច្រើនសា​យើង​បាន​ទៅ​លាក់ខ្លួន​នៅ​លេណដ្ឋាន​។ ខ្ញុំ​ត្រូវ​អម្បែង​គ្រាប់​ត្រង់​ដៃ ខ្ញុំ​ក៏​ត្រឡប់មក​ភូមិ​វិញ ហើយ​ប្តី​ខ្ញុំ​មក​តាម​ក្រោយ​។ បន្ទាប់មក​យើង​ត្រូវ​ជម្លៀស​ទៅ​ខេត្តក្រចេះ​។


​.ភាពរន្ធត់ និង​ការឈឺចាប់​ដែល​ខ្ញុំ​បាន​ជួបប្រទះ​ជា​លើក​ទី​១​ហើយ​មិនអាច​បំភ្លេចបាន( ​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៥៦​ ឆ្នាំ​២០០៤)៖
​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ បន្ទាប់ពី​អបអរ​ជ័យជម្នះ​របស់​ខ្មែរក្រហម​ហើយ ប្រជាជន​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។ គ្រួសារ​របស់ខ្ញុំ​ដែលមាន​សមាជិក​១៣​នាក់ បាននាំគ្នា​ចាកចេញ​ជាមួយ​ឡាន​៣​គ្រឿង​។ នៅតាម​ផ្លូវ​ធ្វើដំណើរ​កកស្ទះ​ទៅដោយ​មនុស្ស ដូច្នេះ​យើង​ត្រូវ​ចំណាយពេល​ពេញ​មួយថ្ងៃ​ក្នុងការ​ធ្វើដំណើរ​ពី​ផ្សារ​អូរ​ឬ​ស្សី​ទៅដល់​ស្ពាន​ក្បាលថ្នល់​។ យើង​មានតែ​ទឹក​បន្តិចបន្តួច​ដើម្បី​ផ្សើម​បំពង់ករ​ពេលយប់​ទើប​ប៉ារ​កបាយ​ជាមួយ​ទឹកត្រី​ឲ្យ​យើង​ញាំ​បាន​។ ទាហាន​ខ្មែរក្រហម​បាន​ឆែកឆេរ​ឡាន​របស់​យើង​ហើយ​បាន​សើចចំអក​ឲ្យ​យើង​ព្រោះ​ពុំមាន​អ្វី​បន្តិច​សោះ​នៅក្នុង​ឡាន​។​ម៉ាក់​មាន​គម្រោង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​ប៉ុន្តែ​ប៉ា​ជំទាស់​ដោយ​គាត់​ចង់​ធ្វើដំណើរ​តាមផ្លូវ​ព្រែកប្រា​ដែល​នៅ​ប្រប​ទន្លេ​វិញ ព្រោះ​គាត់​គិតថា​អត់​មាន​បាយ​ញាំ ក៏មាន​ទឹក​ផឹក​ដែរ​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ទៅដល់​ភូមិ​ពោធិ៍​អណ្តែត​ស្រុក​ស្អាង​ខេត្តកណ្តាល​រង់ចាំ​អង្គការ​អនុ​ញ្ញា​ត្តិ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​។ ប្រធានភូមិ​បាន​ឲ្យ​គ្រួសារ​ខ្ញុំ​រស់នៅ​ទីនោះ​មួយរយៈ​។​ប៉ា​របស់ខ្ញុំ​បាន​លាក់​ប្រវត្តិរូប​ដែល​គាត់​ធ្លាប់ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​របប លន់ លន់ ប៉ុន្តែ​ក្រោយមក​បាន​១​ខែ​ក៏​បែកធ្លាយ​ព័ត៌មាន​នេះ​។


​ក្រោយមក​ប៉ា​ក៏ត្រូវ​អង្គការ​នាំទៅ​រៀនសូត្រ​ចំណែក​បងប្រុស​របស់ខ្ញុំ​ដែល​ចេញទៅ​តាមមើល​ប៉ា​ក៏បាន​បាត់​ដំណឹង​សូន្យ​។ លោកតា​របស់ខ្ញុំ​មាន​ជំងឺ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ទីនោះ​។ ក្រោយមក​គ្រួសារ​ខ្ញុំ​ត្រូវបាន​អង្គការ​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​បាត់ដំបង​។ នៅ​ទីនោះ​គ្រួសារ​របស់​យើង​បាន​ស្លាប់​ម្តង​មួយៗ​យ៉ាង​វេទនា​។ បងប្រុស​៥​នាក់​ស្លាប់​ក្នុង​ខែ​តែមួយ​ក្នុង​១៩៧៧ និង​បងស្រី​ខ្ញុំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ជំងឺ និង​ការអត់ឃ្លាន​។ ម៉ាក់​របស់ខ្ញុំ​នៅសល់តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ក្នុងចំណោម​សមាជិកគ្រួសារ​យើង​១៣​នាក់ គាត់​ស្ទើ​តែ​ក្លាយជា​មនុស្ស​វិកលចរិត​ដោយសារតែ​ការបាត់បង់​សមាជិកគ្រួសារ​ស្ទើរតែ​ផុត​ពូជ​។


.​ទឹកភ្នែក​ម៉ែ(​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៥២ ឆ្នាំ​២០០៤)៖
​នៅក្នុង​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ភ្នំពេញ​។ ដោយ​ភាពទាល់ច្រក​ម្តាយ​របស់ខ្ញុំ បានសម្រេច​ចិត្ត​បោះបង់​ជីតា ដែលមាន​ជំងឺ​ចោល​ដោយ​ពួកយើង​បាន​ចាកចេញ​ទុក​គាត់​ឲ្យ​នៅ​ដេក​លើ​កន្ទេល​ឈឺ​ម្នាក់ឯង​។ ម្តាយ​ខ្ញុំ​បាន​នាំ​កូនៗ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ខាង​គាត់​ដោយ​សង្ឃឹម​ពឹងពាក់​ទៅលើ​បងប្អូន​នៅ​ទីនោះ​ជួយ​យកអាសារ​។ ប៉ុន្តែ​គ្រប់យ៉ាង​វា​មិន​ដូច​ជាការ​គិតទុក​នោះទេ​នៅពេលដែល​ពួកយើង​ទៅដល់​ពុំមាន​សាច់ញាតិ​ណា​រាបរក​ឡើយ​ពួកគេ​មានការ​រើសអើង​ចំពោះ​គ្រួសារ​ខ្ញុំ​ដោយ​គេ​ចាត់ទុក​ក្រុមគ្រួសារ​របស់ខ្ញុំ​ជា​ពួក​មូលធន​ដែលជា​វណ្ណៈ​ជិះជាន់​នៅក្នុង​សង្គម​។ ទ្រព្យសម្បត្តិ​ដែលមាន​ទាំង​ប៉ុន្មាន​ត្រូវ​ប្រមូល​ដាក់​ជា​ទ្រព្យសម្បត្តិ​រួម​។ បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៦​នាក់​ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​ការដ្ឋាន​។ ពួកយើង​រស់នៅក្នុង​សភាព​គ្រោះថ្នាក់​បំផុត​ក្នុង​របប​ខ្មែរក្រហម​។ ម្តាយ​របស់ខ្ញុំ​តែងតែ​យំ​គ្រប់​ពេលដែល​គាត់​នឹក​ទៅដល់​ជីតា​របស់ខ្ញុំ ដែលមាន​ជំងឺ​ដើរ​មិន​រួចហើយ​ត្រូវ​ពួកយើង​បោះបង់ចោល​ពេលដែល​អង្គការ​ជម្លៀសចេញ​ពី​ទីក្រុង​។​


.​អ្វីៗ​ដែល​ខ្ញុំ​នៅ​ចងចាំ​ពី​របប​ខ្មែរក្រហម (​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៩០ ឆ្នាំ​២០០៧​​)៖
​ខ្ញុំ​ឈ្មោះ នូ ប៊ុន​ធី មាន​ស្រុកកំណើត​នៅ​ឃុំ​វ​ល្លិ៍ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​១៩៧៥​ក្រសួង​ឃោសនាការ​ស្ថានីយវិទ្យុផ្សាយសំឡេង​បាន​ចាក់ផ្សាយ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​របស់​ឧ​ត្ត​ម​សេនីយ៍ ម៉ី​ស៊ី​ច​ន ថា « សូម​ឲ្យ​គ្រប់​កងពល​ខាង​ផ្នែក​ជើងគោក ជើង​ទឹក ជើង​អាកាស កុំ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ហើយ​លើក​ទង់ជ័យ​ស​ជា​សញ្ញា​បញ្ចប់សង្គ្រាម​»​។ ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដូចជា​នៅ​កំពង់ស្ពឺ​សប្បាយរីករាយ​ណាស់​ក្រោយពី​ទទួលដំណឹង​នេះ​។ ប៉ុន្តែ​ការសប្បាយ​នេះ​មាន​រយៈពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ​។ ក្រោយមក​ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ប្រជាជន​ទាំងអស់​ចេញពី​ទីក្រុង​មិន​ថា​អ្នកជំងឺ អ្នករបួស​នៅក្នុង​មន្ទីរពេទ្យ​ក៏ដោយ​។ កងទ័ព​ខ្មែរក្រហម​បានបញ្ជាក់​បន្ថែមថា ចេញ​ឲ្យ​អស់​ក្នុង​រយៈពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​សម្រួល​ក្នុង​ការរៀបចំ​បោសសម្អាត​ទីក្រុង​។ ប្រជាជន​រាប់លាន​នាក់​ត្រូវ​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​ទាំង​តក់ក្រហល់​។ តាម​ច្រក​ព្រំប្រទល់​ត្រូវ​បង្ខាំង​ជាប់ ហើយ​ទំនាក់ទំនង​ក្រៅប្រទេស​ត្រូវ​កាត់ផ្តាច់​។ ក្នុង​ស្ថានការណ៍​កំពុង​ច្របូកច្របល់​នោះ​ខ្មែរក្រហម​បាន​ប្រើប្រាស់​នយោបាយ​បោក​បញ្ឆោត​មួយ​ឲ្យ​អ្នក​ធ្លាប់ធ្វើ​ទាហាន​រៀបចំខ្លួន ដើម្បី​ទៅ​ទទួល​សម្តេចឪ​។ ខ្មែរក្រហម​បាន​នាំ​ទាហាន​ទាំង​ឡាន​សំដៅទៅ​កន្លែង​មួយ​ដែល​គ្មាន​នរណា​ដឹង​ហើយ​អ្នក​ទាំងនោះ​ក៏​គ្មាន​ថ្ងៃ​ត្រឡប់មកវិញ​ដែរ​។ ក្រោយមក​គេ​បាន​រំសាយ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅតាម​សហករណ៍​ដែលមាន​ពួកយោធា​ខ្មែរក្រហម​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត​។ ខ្មែរក្រហម​បាន​ប្រើ​នយោបាយ​ត្រជាក់​មួយទៀត គឺ​ប្រមូលផ្តុំ​ប្រជាជន​នៅតាម​កន្លែង​មក​ប្រជុំ ហើយ​ប្រកាស​អំពាវនាវ​រក​អ្នក​ធ្លាប់​ធ្វើការ​ឲ្យ​រដ្ឋាភិបាល ទាហាន ស៊ីវិល និស្សិត បញ្ញា​វ័​ន្ត ព្រោះ​អង្គការ​ត្រូវការ​អ្នកចេះដឹង​ទាំងនោះ ដើម្បី​រៀបចំ​កសាង​ប្រទេស​ឡើងវិញ​។ ដោយ​មិនបាន​យល់​ពី​ការបោក​បញ្ឆោត ប្រជាជន​ជាច្រើន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅក្នុង​អំឡុង​ពេលនោះ​។ ទាំងនេះ​គឺជា​អ្វីដែល​ខ្ញុំ​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​នៅ​របប​ដឹកនាំ​ដ៏​សាហាវ​មួយ​នេះ​។​


.​រឿងរ៉ាវ​របស់​ជនរ​ង​គ្រោះ​នៃ​របប​ខ្មែរក្រហម
(​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែង​រក​​ការពិត​លេខ​៦០ ខែធ្នូ ឆ្នាំ​២០០៤)៖

​នៅក្នុង​ឆ្នាំ​១៩៧៥ គឺ​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ពួក ប៉ុល ពត បាន​រាតត្បាត​ចូលដល់​ទីក្រុង​ភ្នំពេញ​ភ្លាមនោះ​ខ្ញុំ​ភ័យ​ផង អរ​ផង ជាពិសេស​ភ័យ​ច្រើនជាង​អរ​។ ខ្ញុំ​បានឃើញ​ពួក​មិត្ត​យើង​ជាច្រើន​ចូលមក​ដល់ទី​ក្រុង កាន់​កាំភ្លើង​គ្រប់​ដៃ មាន​ទាំង​រថក្រោះ​បើក​ពេញ​នៅលើ​វិថី​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា​។ ផ្ទះ​ខ្ញុំ​នៅត្រង់​កន្លែង​១៨ មិនា នៅ​កាច់ជ្រុង​វិទ្យាល័យ​យុគន្ធរ​។ ពេលនោះ​ខ្ញុំ​ឃើញ​មិត្ត​យើង​ក្មេងៗ​កាន់​កាំភ្លើង​មក​ភ្ជង់​ហើយ​ប្រាប់ថា​ឲ្យ​ចេញទៅ ព្រោះ​អាមេរិកាំង​នឹង​យក​កប៉ាល់​ហោះ​មក​ទម្លាក់​គ្រាប់បែក ឲ្យ​ចេញ​តែ​២-៣​ថ្ងៃ​ទេ មិត្តឯង ម៉ែ​ឯង មិនបាច់​យក​អី​ទៅ​ទេ​។ ខ្ញុំ ពេលនោះ​ខ្ញុំ​និយាយ​ជាមួយ​ស្វាមី​ខ្ញុំ​ថា យើង​គួរតែ​នាំគ្នា​ភៀសខ្លួន​ទៅរក​កន្លែង​ណា​ស្ងាត់​សិន​ទៅ ព្រោះ​អី​ស្រុក​យើង​ឥលូវ​អត់​ស្រួល​។ ខ្ញុំ​ក៏​ប្រមែប្រមូល​អង្ករ​ដែល​នៅសល់​ជាង​កន្លះ​ការុង​ទៅ​ដាក់​ក្នុង​ឡាន​ហ្នឹង​ទៅ ម្តាយ​ចាស់​មួយ​ផង ហើយ​ខ្ញុំ​និង​កូនខ្ចី​អាយុ​៣-៤​ខែ ក៏​រុញ​ឡាន​ចុះទៅ​ក្រោម តាមផ្លូវ​ព្រះមុនីវង្ស​។ គ្រាន់តែ​ចេញ​បាន​បន្តិច ពួក​មិត្ត​យើង​គាត់​ស្នើរ គេ​ថា​«​ស្នើ​» ខ្ញុំ​មិនដែល​និយាយ​ទេពា​ក្យ «​ស្នើ​» សង្គម​គាត់​ថា​ស្នើ​នាឡិកា ស្នើ​វិទ្យុ អ្វី​ដែលមាន​គាត់​ស្នើសុំ​ទាំងអស់ ក៏​ជូនទៅ​គាត់​ទាំងអស់​ទៅ ពីព្រោះថា​អ្នកខ្លះ​មាត់រឹង​មិន​ព្រម​ឲ្យ គាត់​បាញ់ ខ្ញុំ​ឃើញ​គាត់​បាញ់​ស្លាម​ភ្លាមៗ​។ គេ​រុញ​យើង​ឲ្យ​ដើរទៅ​មុខ​អត់​មាន​ថយក្រោយ​ទេ ម៉ែឪ ប្អូន​ក៏ដោយ តែ​បែក​គ្នា​បន្តិច​បាត់​គ្នា​រក​អត់​ឃើញ​ទេ​។ ខ្ញុំ​ចុះ​ពី​ឡាន គេ​អត់​ឲ្យ​យើង​ជិះឡាន​ទេ គេ​ថា​យើង​មូលធននិយម អ្នកមាន​ជិះជាន់​អ្នកក្រ​។ នៅតាម​ផ្លូវ​ខ្ញុំ​ឃើញ​ប្អូន​មួយ​ហ្នឹង​គាត់​ដែរ គាត់​ឈឺពោះ ព្រោះ​គេ​ដេញ​មនុស្ស​ចេញពី​ពេទ្យ​ចិន អត់​មាន​គិតថា​អ្នក​ឈឺ​ទេ ដេញចេញ​ទាំងអស់​។ បើ​មិន​ចេញពី​ពេទ្យ​ទេ​គេ​បាញ់​ផូងៗ ស្លាប់​អស់​អត់​មាន​សល់​ទេ​។ នៅតាម​ផ្លូវ​មនុស្សម្នា​ទាំងឡាយ​ច្របូកច្របល់​គ្នា​ណាស់ មិនដឹង​អ្នកណា​ទៅរក​អ្នក​អ្នកណា​ទេ​។​


.«​ថ្ងៃ​១៧ មេសា ៖ ការឆ្លុះបញ្ចាំង​ដោយ​សង្ខេប​ទៅលើ​ទីក្រុង​ភ្នំពេញ កាលពីមុន និង​បច្ចុប្បន្ន​»(​បោះពុម្ពផ្សាយ​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​១១២ ឆ្នាំ​២០០៩)៖
​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​កំណត់​ពី​ការចាប់ផ្តើម​របប​កាប់សម្លាប់​យ៉ាង​សហាវ​ព្រៃផ្សៃ​បំផុត​នៅ​ប្រទេស​កម្ពុជា​។ នោះ​គឺជា​ថ្ងៃ​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច ហើយក៏​ជា​ថ្ងៃ​កាប់សម្លាប់​បានចាប់ផ្តើម​ឡើង​ដែរ​។ នៅក្នុង​ទីក្រុង​ភ្នំពេញ អ្នករស់នៅ​ទីក្រុង​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​លំនៅស្ថាន​របស់ខ្លួន ហើយ​ត្រូវបាន​ដកហូត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ និង​ភាពជា​កម្មសិទ្ធិ​ផ្សេងទៀត​។ អ្នកទីក្រុង​ទាំងនោះ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​វាលស្រែ និង​ការដ្ឋាន​នៅ​ទីជនបទ​។ ដោយសារ​ត្រូវបាន​ចាត់ទុកជា​ប​រ៉ា​សិត អ្នកទីក្រុង​ត្រូវបាន​រើសអើង និង​ដៅ​សម្រាប់​ការប្រហារជីវិត ជាពិសេស​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អតីត​រដ្ឋាភិបាល លន់ នល់ និង​អ្នក​ដែលមាន​ការអប់រំ​។​


.​គ្រួសារ​របស់ខ្ញុំ​ក្រោម​របប ប៉ុល ពត
(​បោះពុម្ពផ្សាយ​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៣ ខែមីនា ឆ្នាំ​២០០០)៖

​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ អ្នក​ជិ​យ​ខាង​ខ្ញុំ ជាច្រើន​មាន​ភាពសប្បាយ​រីករាយ​ព្រោះ​ពួកគាត់​គិតថា​ប្រទេសជាតិ​នឹងមាន​សន្តិភាព​ឡើងវិញ​។ ពេលនោះ​ខ្ញុំ​កំពុង​អង្គុយលេង​នៅ​កាំជណ្ដើ​មុខផ្ទះ​ប្រហែលជា​ម៉ោង​៩:៣០ ខ្ញុំ​បានឮ​សម្លេង​ផ្ទុះ​ក្លាំងៗ​ខ្លាំងៗ​និង​មាន​ផ្សែងខ្មៅ​ហុយ​ទៅលើ​មេឃ​។ ខ្ញុំ​ក៏​ស្ទុះ​រត់​ចូល​ផ្ទះ​សួរ​ប៉ា​របស់ខ្ញុំ​ដែល​កំពុង​ជួសជុល​ឡាន គាត់​បាន​និយាយថា គឺជា​សម្លេង​គ្រាប់បែក​ផ្ទុះ​ដែល​ប្រទេស​នឹង​បានទទួល​ភាព​សាន្តត្រាណ​ឆាប់ៗ​។ ពេលនោះ​មាន​ទាហាន​៣​នាក់មក​មុខផ្ទះ​ខ្ញុំ​ហើយ​ហៅ​ប៉ា​ខ្ញុំ​ឲ្យ​បើកទ្វា​និង សួរ​ប៉ា​ខ្ញុំ​ថា​អ៊ំ​មានបាន​ស្ដាប់​វិទ្យុ​ទេ​? ប៉ា​ខ្ញុំ​មិនបាន​ស្ដាប់​ទេ​។ គាត់​បាន​ហៅ​បងប្រុស​ខ្ញុំ យក​វិទ្យុ និង​បាន​បើក​ស្ដាប់​សេចក្ដីថ្លែងការណ៍​មួយ​ផ្សាយ​ចេញពី​វិទ្យុ ស្ដីពី​ជ័យជម្នះ​នៃ​ការរំដោះ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​ទាំងមូល​គឺ​បានមកពី​កាចរ​ចារ​បង្រួបបង្រួម​រវាង​ខ្មែរ​និង​ខ្មែរ​។ បន្តិចក្រោយមក​មាន​សេចក្ដីថ្លែងការណ៍​មួយទៀត​មក​កាត់សេចក្ដី​ថ្លែងការណ៍​ពីមុន​ដែលមាន​សម្ដី​ខ្លាំងៗ​ថា​ជ័យជម្នះ​នេះ​មិនមែន​បានមកពី​ការចរចារ​និង​បង្រួបបង្រួម​ទេ​គឺ​បានមកពី​ការតស៊ូ​ចុង​អាវុធ​និង​ចុង​អាវុធ​។ ប៉ា​ខ្ញុំ​ក៏បាន​ទម្លាក់​ទឹកមុខ​ចុះ​ហាក់ដូចជា​អស់សង្ឃឹម​។ បន្ទាប់មក​ពួក​ខ្មែរក្រហម​៣​នាក់​នោះ​ដើ​ចេញពីផ្ទះ​ប្រហែល​៥០​ម៉ែត្រ យោធា​ខ្មែរក្រហម​វ័យក្មេង​បាន​ស្រែក​ឲ្យ​ចេញពីផ្ទះ​ឲ្យ​អស់​នៅ​ថ្ងៃស្អែក និង​បាន​លើ​កាំភ្លើងខ្លី​បាញ់​ឡើងលើ​៤-៥​គ្រាប់​ជាការ​គំរាម​។


.​រឿង​ខ្ញុំ​ក្នុង​ថ្ងៃ​ជម្លៀសៈ​(​បោះពុម្ព​នៅ​លេខ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​១០ ខែតុលា ឆ្នាំ​២០០០)៖
​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​ខ្មែរក្រហម​តស៊ូ​វាយ​យកបាន​ទីក្រុង​ភ្នំពេញ​។ នៅតាម​ផ្លូវ​និង​ផ្ទះ​នីមួយៗ​មាន​ភាពស្ងាត់ជ្រងំ ឮសូរ​តែ​សម្លេង​គ្រាប់​បាញ់​ផ្លោង​។ សំឡេង​ឡាន​ហ្សេ​អឹម​របស់​ចិន​បើក​ចុះ​បើក​ឡើង​ព្រោងព្រាត​។ ខ្ញុំ​បាន​ទៅ​នៅផ្ទះ​បងជីដូនមួយ​របស់ខ្ញុំ​នៅ​ផ្សារ​ដេប៉ូ​ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​ម្ដុំ​អាង​ចិញ្ចឹម​ក្រពើ ជិត​ផ្លូវ​ពោធិ៍ចិនតុង​មានការ​បាញ់​ផ្លោង​យ៉ាងខ្លាំង​២​ទៅ​៣​ថ្ងៃ​មកហើយ​។ ដោយ​មើល​តាមផ្លូវ​ស្ងាត់​មិនឃើញ​ទាហាន​ខ្ញុំ​និង​ប្ដី​បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​ដើម្បី​គេញ​ពី​ទាហាន​។ យើង​បាន​ជិះ​កង់​ទៅផ្ទះ​យក​ទ្រព្យ​សម្បត្តិ​បន្តិចបន្តួច​ទុក​ជាប់​ខ្លួន​។ ស្នូរ​កាំភ្លើង​ដៃ​កាន់តែ​ឮ​ដូចជា​នៅ​ជិត​ខ្ញុំ​បាន​ព្យាយាម​រត់គេច​ពី​ទាហាន​រហូត​ដល់ផ្ទះ​បងស្រី​វិញ​។ នៅ​ម៉ោង​១​រសៀល​រថយន្ត​បាន​ដឹក​ទាហាន​ពេញប្រៀប​ស្លៀកពាក់​ខ្មៅ និង​បង់ក​កន្សែងស លើក​ទង់​ជយ​ស​ស្រែក​ជយឃោស​ហើយ​ប្រជាជន​បានចេញ​មក​ស្រែក​អបអរសាទរ អ្នកខ្លះរ​ត់រក​ក្រណាត់ស​ចង​ជាមួយ​ឈើ​លើក​អបអរសាទរ​ទាហាន​រំដោះ​។ បន្តិចក្រោយមក​សភាព​អ៊ូអរ​បាន​ស្ងាត់បាត់​។ មិនយូរប៉ុន្មាន​មាន​ឡាន​ទាហាន​ស្លៀកពាក់​ខ្មៅ ប្រាប់​ឲ្យ​ប្រជាជន​ជម្លៀស​ចេញពី​ទីក្រុង​ចម្ងាយ​១០​គីឡូ​ក្នុង​រយៈពេល​៣​ថ្ងៃ​។ នៅតាម​ផ្លូវ​ខ្ញុំ​បានឃើញ​មនុស្ស​ស្លាប់​ស្រស់ៗ អ្នកជំងឺ​ត្រូវ​ដេញ​ចេញពី​មន្ទីរពេទ្យ ដើរ​រំលង​ខ្មោច គ្រួសារ​ខ្លះ​វង្វេង​បាត់​កូន​។ គ្រួសារ​ខ្ញុំ​និង​ប្រជាជន​ជាច្រើន​បាន​ឈប់សម្រាក​ដាំបាយហូប​នៅ​រោងចក្រ​កែវ ស្អែក​បាន​យើង​បន្តដំណើរ​ទៅមុខទៀត​។​


.១៧ មេសា ជាដើម​ទំព័រ​សករាជ​នៃ​ការ​និរាស​ព្រាត់ប្រាស
(​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​១១ ខែវិច្ឆិកា ឆ្នាំ​២០០០)៖

​ខ្ញុំ​បានដឹង​តាមរយៈ​ម្ដាយ​របស់ខ្ញុំ នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ទើបតែ​បាន ៦​ខែ​នៅក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ​។ ទាហាន លន់ នល់ និង​ខ្មែរក្រហម បាន​វាយ​គ្នា​សន្ធាប់​យ៉ាងខ្លាំង​ក្លា​។ ដោយ​ស្ថាន​ភាពមិន​ស្រួល​ជីតា​របស់ខ្ញុំ​បាន​ប្រថុយ​នឹង​គ្រោះថ្នាក់​ទៅយក​ម្ដាយ​ខ្ញុំ​។ ម្ដាយ​ខ្ញុំ​បានធ្វើ​ដំណើរ​កាត់​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​គាត់​បានឃើញ​មនុស្ស​ជាច្រើន​ដើរ​តាមផ្លូវ​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​។ ផ្ទះ​ជីតា​របស់ខ្ញុំ​នៅ​ទល់មុខ​អាងទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មានការ​ផ្ទុះ​អា​វុ​ញ​បានកើត​ឡើង​។ ម្ដាយ​ខ្ញុំ​បានឃើញ​ឧ​ទ្ធ​ម្ភា​ចក្រ​ជាច្រើន​គ្រឿង ហោះ​ចុះ​ហោះ​ឡើង​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ប្រមាណ​ជា​ពីរ​ម៉ោង​ក្រោយមក ពួក​យោធា​ខ្មែរក្រហម​បាន​ចូលមក​ដល់ផ្ទះ​ជីតា​របស់ខ្ញុំ ហើយ​បាន​គំរាម​ឲ្យ​មនុស្ស​ទាំងអស់​ក្នុងផ្ទះ ចេញពីផ្ទះ​ទាំងអស់​បើ​មិន​ដូច្នេះ​ពួក​ខ្មែរក្រហម​នឹង​បាញ់​សម្លាប់ចោល​ទាំងអស់​។ គ្រួសារ​ជីតា​ខ្ញុំ​បាន​យកតែ​ខោអាវ​មួយ​កំ​ផ្លេ​ប៉ុណ្ណោះ​ព្រោះ​ខ្មែរក្រហម​បាន​ប្រាប់ថា​ចេញពីផ្ទះ​២​ឬ​៣​ថ្ងៃ​បាន​ត្រឡប់​មកវិញហើយ​។ នៅតាម​ផ្លូវ​ម្ដាយ​ខ្ញុំ​បានឃើញ​ខ្មែរក្រហម សម្លុត​យក​ម៉ូតូ​ប្រជាជន អ្នក​ខ្លះទៀត​កើតកូន​តាមផ្លូវ​ដោយ​គ្មាន​ឆ្មប​ហើយ​បន្តដំណើ​ទាំ​ត្រដាបត្រដួស​។ ម្ដាយ​ខ្ញុំ​បានធ្វើ​ដំណើរ​អស់​រយៈពេល​៧​ម៉ោង​បាន​ទៅដល់​ស្រុក​កោះធំ​។​


.​ជីវប្រវត្តិរ​បស់បង​ស្រី អ៊ុម ផ​ល្លី (​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​២៥ ខែមករា ឆ្នាំ​២០០២)៖
​ខ្ញុំ​មាន​ស្រុកកំណើត​នៅ ភូមិ​ដាំម្លូ ឃុំ​វាំ​ចាស់ ស្រុក​ឧដ្ដុង្គ ខេត្តកំពង់ស្ពឺ​។ ខ្ញុំ​មាន​បងប្អូន​ទាំងអស់​៧​នាក់​។ ខ្ញុំ​បាន​បែក​ពី​គ្រួសារ​របស់ខ្ញុំ មុន​ខ្មែរក្រហម​វាយ​ដណ្ដើម​ស្រុក​ឧដុង្គ​ខ្ញុំ​នៅ​ឆ្នាំ​១៩៧៣​។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​និង​ជីដូនមួយ​ត្រូវបាន​ជម្លៀស​ទៅ​ខេត្តកំពង់ឆ្នាំង​។ នៅតាម​ផ្លូវ​ខ្ញុំ​បានឃើញ​សាកសព​ជាច្រើន​ស្លាប់​ដោយ​ភាព​ហេវ​ហត់ និង​អត់​អាហារ​។ ខ្ញុំ​បាន​ចំណាយពេល​២​ថ្ងៃ​បានធ្វើ​ដំណើរ​ដល់​ភូមិ​ត្រពាំង​ព្រីង ឃុំ​ប្រ​ម៉ោ​យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។


.​អ្វីដែល​ប៉ា​ត្រូវការ​គឺ​សន្តិភាព (​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៣៧ ខែមករា ឆ្នាំ​២០០២)៖
​ប៉ា​របស់ខ្ញុំ​ឈ្មោះ គឹម ភៀន មាន​ស្រុកកំណើត​នៅ​ព្រះ​ត្រពាំង​និង​ម្ដាយ​ឈ្មោះ ចិន ធីតា ដែលមាន​ស្រុ​កំណើត​នៅ​ខេត្តស្វាយរៀង​។​ឪពុក​របស់ខ្ញុំ​ជា​ប្រធាន​មន្ទីរ​បសុពេទ្យ​ប្រចាំខេត្ត​កំពង់ចាម​។ នៅ​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​១៩៧៥​វិទ្យុ​បានប្រកាស​ឲ្យ​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ដាក់អាវុធ​ចុះ​ហើយ​ឈប់​ធ្វើ ការតស៊ូ​និង​រៀបចំ​កាណូត​ទៅ​ទទួល​ខ្មែរក្រហម​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​ចូល​ទី​រួម​ខេត្តកំពង់ចាម​។ ខ្មែរក្រហម​បាន​ហៅ​មន្ត្រីរាជការ​ទាំងអស់​ប្រជុំ ប៉ា​របស់ខ្ញុំ​បាន​ចូលរួម​ជាមួយ​ដែរ​។ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ឈ្មោះ​យា​យា​កូវ និង​តា​សិន បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ថា មាន​ប្រពន្ធ​ទាហាន​នៃ​របប​សាធារណរដ្ឋ​ជា​ច្រើ​បាន​ស្ពាយ​បង្វេច​ដើរ​ចេញពី​បន្ទាយ​ទាហាន ហើយ​យំ​ទៀតផង​ព្រោះ​ប្ដី​របស់​ពួកគេ​ត្រូវបាន​ខ្មែរក្រហម​ចាប់បញ្ជូន​ចេ​ញេ​ពី​បន្ទាយ​ទាំងអស់​។ ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក​ទាហាន​ខ្មែរក្រហម​បាន​ចូលមក​ដល់ផ្ទះ​របស់ខ្ញុំ​ព្រមទាំង​ភ្ជង់​កាំភ្លើង​បញ្ជា​ឲ្យ​ប៉ា​និង​ម៉ាក់​ខ្ញុំ​ចេញពីផ្ទះ​ក្នុង​រយៈពេល​១៥​នាទី​ដោយបាន​ប្រាប់ថា​អង្គការ​ត្រូវការ​បោសសម្អាត​ខ្មាំង និង​ឲ្យ​ប្រជាជន​ចូលមក​រស់នៅក្នុង​រយៈ​ពេល​៣​ថ្ងៃក្រោយ​។ ម្ដាយ​ខ្ញុំ​មិនបាន​យក​ទ្រ​ព​សម្បត្តិ​អ្វី​ទាំ​អស់​ទៅជា​មួយ​មានតែ​អង្ករ និង​របស់​ប្រើប្រាស់​បន្តិចបន្តួច​។ នៅ​ល្ងាច​ថ្ងៃ​១៧​មេសា​ដែល​ចេញដំណើរ​ដល់​ភូមិ​ចម្ការ​សាមសិប​ទើប​ប៉ា​ដឹងថា​លុយ​ដែល​បាន​យកមក​ជាប់​ខ្លួន​ពុំ​អាច​ចាយ​បានទេ​៕សរន
(​ដកស្រង់​ចេញពី​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​,​ផេះផង់​ធូលី​បោះពុម្ព​នៅ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​លេខ​៨៧ ឆ្នាំ​២០០៧)