១៨​នាក់​ស្លាប់​ដោយ​ការបាក់​ស្ពាន​អាកាស​កំពុង​សាងសង់​នៅ​ឥណ្ឌា​

2000

រូបភាពដ៏រន្ធត់បង្ហាញឡើងបន្ទាប់ពីការបាក់ស្ពានអាកាសកំពុងសាងសង់មួយនិងសង្កត់រថយន្តសំប៉ែតដូចចេកចៀនដោយសម្លាប់មនុស្សយ៉ាងតិច១៨នាក់នៅឥណ្ឌា។

ឧបទ្ទវហេតុបាក់ស្ពានបេតុងនេះបានកើតឡើងនៅរដ្ឋអ៊ុតតា ប្រាដែស ប្រទេសឥណ្ឌាកាលពីរសៀលថ្ងៃអង្គារទី១៥ឧសភា។

រថយន្តក្រុងមួយ រថយន្តធុនតូច៥ រថយន្តកង់បី(ទុកទុក)២គ្រឿង និងម៉ូតូជាច្រើនគ្រឿងទៀត បានជាប់នៅក្រោមគំនរស្ពានបាក់ ហើយអាជ្ញាធរបានបញ្ជូនរថយន្តស្ទូច១២គ្រឿងទៅរើចេញគំនរថ្មស្ពានដែលបាក់។

នេះជាគ្រោះថ្នាក់បាក់សំណង់លើកចុងក្រោយមួយនៅឥណ្ឌា។ការអនុវត្តច្បាប់សុវត្ថិភាពសំណង់ខ្សោយនៅក្នុងប្រទេសនេះគួបផ្សំនឹងសម្ភារសំណង់ក្រោមស្តង់ដាតែងបង្កគ្រោះថ្នាក់រលំបាក់សំណង់ទាំងចាស់ទាំងថ្មី។គេនៅចាំបានថា នៅឆ្នាំ២០១៦ មនុស្សប្រមាណ២៦នាក់បានស្លាប់នៅក្នុងក្រុងកុលកាតា បន្ទាប់ពីផ្នែកមួយនៃ
ស្ពានអាកាសបាក់ធ្លាក់មកលើផ្លូវខាងក្រោម។

នាយករដ្ឋមន្រ្តី ណារេនដ្រា ម៉ូឌី ដែលឈ្នះការបោះឆ្នោតសភានៅមណ្ឌលនេះ បាននិយាយថាលោកមានអារម្មណ៍សោកសៅចំពោះការបាត់បង់អាយុជីវិតមនុស្សនៅក្នុងមណ្ឌលរបស់លោក។

រដ្ឋាភិបាលប្រចាំរដ្ឋបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយចំពោះការបាក់ស្ពាននេះ៕ដោយ៖វាសនា