១៨​ប្រទេស​សន្យា​ជួយ​ឥណ្ឌូនេស៊ី​នៅក្នុង​ការដោះស្រាយ​បញ្ហា​ក្រោយ​រញ្ជួយ​ដី​

898
ចែករម្លែក
  • 73
    Shares

ឥណ្ឌូនេស៊ីទទួលការគាំទ្រជាបន្តបន្ទាប់មកពីសហគមន៍អន្តរជាតិ ដោយប្រទេសចំនួន១៨ចេញមកសុំផ្តល់ជំនួយសំរាប់តំបន់រងគ្រោះដោយរញ្ជួយដីនិងរលកស៊ូណាមីនៅកោះស៊ូឡាវេស៊ី។

នាវាត្រូវរលកសមុទ្របក់ឡើងច្រាំងនៅស៊ូឡាវេស៊ីកណ្តាល ប្រទេសឥណ្ឌូនេស៊ី

ចំនួនប្រជាជនផ្លាស់ទីជម្រកពីរញ្ជួយដីកំលាំង៧,៥រិច្ឆទ័រនិងរលកស៊ូណាមីកាលពីថ្ងៃសុក្រនៅក្រុងប៉ាលូនិងដុងហ្កាឡា បានកើនដល់៤៨.០០០នាក់ ជាហេតុនាំអោយមានការបញ្ជូនកម្លាំងយោធានិងប៉ូលិស២.៣០០នាក់ទៅជួយប្រតិបត្តិការជួយសង្រ្គោះ។

រដ្ឋមន្រ្តីការពារជាតិសិង្ហបុរីកាលពីថ្ងៃចន្ទទី១តុលា ជាមេដឹកនាំសិង្ហបុរីចុងក្រោយគេដែលបានសុំផ្តល់ជំនួយដល់ឥណ្ឌូនេស៊ីនិងថាកងទ័ពសិង្ហបុរីត្រៀមផ្តល់ជំនួយមនុស្សធម៌ គឺ”យន្តហោះC-130s របស់យើងត្រៀមដឹកជញ្ជូនជំនួយ”។

ក្នុងពេលជាមួយគ្នា រដ្ឋមន្រ្តីឥណ្ឌូនេស៊ី បាននិយាយថា គមនាគមន៍ផ្លូវអាកាសត្រូវការជាទីបំផុត ហើយយន្តហោះC-130sដែលឡើងចុះត្រូវការទីជិតៗ ជាយន្តហោះដែលអាចចុះនៅក្រុងប៉ាលូបាន។

សូមបញ្ជាក់ថា មេដឹកនាំពិភពលោក រួមមានប្រធានាធិបតីកូរ៉េខាងត្បូង រុស្ស៊ីនិងសម្តេចប៉ាប បានសម្តែងការចូលរួមរំលែកទុក្ខនិងបានសន្យាគាំទ្រ។ចំណែកប្រធានសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបសុំផ្តល់ការគាំទ្រពេញទំហឹង ។

សូមបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃអាទិត្យបានអនុញ្ញាតអោយរដ្ឋាភិបាលរបស់លោកទទួលយកជំនួយអន្តរជាតិសំរាប់ចម្លើយតបគ្រោះមហន្តរាយបន្ទាន់និងការជួយសង្រ្គោះ។

ការខ្វះទឹកផឹក អាហារនិងប្រេង ព្រមទាំងចរន្តអគ្គិសនី បានបន្ថែមភាពតានតឹងក្នុងចំណោមអ្នកនៅមានជីវិតពីគ្រោះធម្មជាតិនេះ។កាលពីថ្ងៃចន្ទ មនុស្សរាប់រយនាក់បានទៅអាកាសយានដ្ឋានក្រុងប៉ាលូ ដោយសង្ឃឹមអោយយោធាជម្លៀសពួកគេដោយសារខ្លាចមានការរញ្ជួយដីថែម។

របាយការណ៍កាលពីថ្ងៃអាទិត្យ បាននិយាយថា មនុស្ស១.២០៣នាក់បានស្លាប់ ដោយរញ្ជួយដីនិងស៊ូណាមី តែទីភ្នាក់ងារគ្រោះមហន្តរាយជាតិនិយាយថាតួលេខនេះទាមទារការពិនិត្យបញ្ជាក់ឡើងវិញខណៈតួលេខស្លាប់ផ្លូវការមានតែ៨៤៤នាក់៕ដោយ៖វាសនា