២០១៩ លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន នៅ​កន្លែង​សប្បាយ !

1153
ចែករម្លែក

​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈអភិបាលខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែឧសភា នៅ​សាលាខេត្តបន្ទាយមានជ័យ​ដែលជា​ខេត្ត​ជាប់​ព្រំដែន​ថៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​បទបញ្ជា​ផ្ទាល់មាត់​ទៅកាន់​អាជ្ញាធរ សមត្ថកិច្ច នៅ​ទូទាំងប្រទេស​ត្រូវ​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កន្លែង​កម្សាន្តសប្បាយ រង្គសាល ក្លិប​ឌី​ស្កូ និង​ខារ៉ាអូខេ ឲ្យ​បាន​ដាច់ខាតនៅ​ឆ្នាំ​២០១៩ នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ឆ្នាំ​២០១៩ ត្រូវ​លុបបំបាត់​ការប្រើប្រាស់គ្រឿងញៀន នៅតាម​រង្គសាល កន្លែង​សប្បាយភាព ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំងអស់ ទាំង​នៅ​ភ្នំពេញ​, ខេត្ត​ក្រុង ទាំងអស់ ត្រូវ​លុបបំបាត់​។ កន្លងទៅ យើង​បាន​បើក​យុទ្ធនាការរឹបអូស​គ្រឿងញៀន​បាន​ជាង​កន្លះ​​តោន គឺ​ប្រហែលជា ៦០០ គីឡូក្រាម​នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាង​នេះ​។ តែ​គ្រាន់តែ​រឹបអូស ទប់ស្កាត់​ការនាំ​ចូល​គ្រឿងញៀន​ពី​ខាងក្រៅ តែ​យើង​មិន​យកចិត្តទុកដាក់​បោសសម្អាត​នៅ​ខាងក្នុង​នេះ​ទេ គឺ​គ្រឿងញៀន​នៅតែចរាចរ​ដដែល​។​

​សម្តេច​ក្រឡាហោម ស ខេង បន្ថែមថា ការលុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន នៅតាម​កន្លែង​កម្សាន្ត​សប្បាយ រង្គសាល ក្លិប និង​ខារ៉ាអូខេ​នេះ គឺ​មិនមែន​មានន័យថា យើង​អាច​លុបបំបាត់​គ្រឿងញៀន​ទាំងស្រុង​នោះទេ តែ​យ៉ាងណា​ក៏​យើង​អាច​កាត់បន្ថយការប្រើ​ប​ប្រាស់ និង​ចរាចរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ​។​

​ជាថ្មី​ម្តងទៀត សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩​នេះ យើងត្រូវធ្វើ​ឲ្យ​បាន​ទាំងស្រុង ដោយ​មិន​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន នៅតាម​រង្គសាល ក្លិប ខារ៉ាអូខេ​។ នៅ​បន្ទាយមានជ័យ ពិសេស​នៅ​ប៉ោយប៉ែត នៅ​សៀមរាប នៅ​ខេត្តព្រះសីហនុ នៅ​ភ្នំពេញ ព្រមទាំង​នៅតាម​កាស៊ីណូ​តាម​ព្រំដែន​។ បើ​បង្ក្រាប​ម្តង​ជា​ពីរដង ហើយ​នៅតែ​កើតមាន​ការប្រើប្រាស់ ជួញដូរ​គ្រឿងញៀន​ទៀត នៅតាម​រង្គសាល ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​នោះ គឺ​ត្រូវ​បិទ​ចោល ហើយ​រឹបអូស​យក​ទៀត​។​
​ ​
​ជាមួយនឹង​បទបញ្ជា​ផ្ទាល់មាត់​ខាងលើនេះ សម្តេច​ក្រឡាហោម ស ខេង បានទទួលស្គាល់​ថា គ្រឿងញៀន បាន​បំផ្លាញ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​យើង​ដោយសារតែ​អ្នកប្រើប្រាស់​គ្រឿងញៀន មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ ទៅដល់ ៣០ ឬក៏ ៤០​ឆ្នាំ​។ ដូច្នេះ​យើងត្រូវ​លុបបំបាត់ និង​កាត់បន្ថយ​ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀនឲ្យ​ខាន​តែ​បាន ដើម្បី​អនាគត​យុវជន​យើង​។​
​ ​
​ជា​ការពិតហើយ​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅនេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឆ្មក់​ចូល បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្លិប​កម្សាន្ត​រ៉​ក់ជាប់ សាលា​ច្បាប់​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់មក ក៏មាន​ក្លិប​កម្សាន្ត​មួយទៀត នៅ​ខេត្តសៀមរាប និង​ក្លិប​កម្សាន្ត ម៉ា​យ​អា​មី នៅ​ភ្នំពេញ ត្រូវបាន​បង្ក្រាប​ពាក់ព័ន្ធ​នឹង ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ ក្លិប​កម្សាន្ត​ទាំងបី​កន្លែង​នោះត្រូវបាន​បិទ ក្រោយពី​អាជ្ញាធរ​សមត្ថកិច្ច ចុះបង្ក្រាប​គ្រឿងញៀន​។​
​ ​
​នៅ​រ៉ក់ ដែលជា​កន្លែង​កម្សាន្ត រង្គសាល ក្លិប​និង​ខារ៉ាអូខេ ធំជាងគេ ក៏​ត្រូវបាន​អាជ្ញាធរ សមត្ថកិច្ច សម្រេច​បិទទ្វារ បន្ទាប់ពី​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដែល​អាជ្ញាធរ សមត្ថកិច្ច បាន​រឹបអូស​គ្រឿងញៀន​ជាង ៥០​គីឡូក្រាម និង​ឃាត់​មនុស្ស​ជាង ៣០០​នាក់​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ទើប​ថៅកែ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ អ្នកឧកញ៉ា គិត ធាង​ត្រូវបានចាប់ខ្លួនបញ្ជូនទៅ​តុលាការ និង​ត្រូវ​ចោទប្រកាន់ ព្រមទាំង​ឃុំខ្លួន​នៅ​ពន្ធនាគារ ប៉េ​ហ្ស៊ី រង់ចាំ​ការស៊ើបអង្កេត​បន្ត​។​
​ ​
​ជាការ​ពិត ​អាជ្ញាធរ​សមត្ថកិច្ច​អាចធ្វើ​បាន​ដោយ​ជោគជ័យ​នូវ​បទបញ្ជា​របស់​សម្តេចក្រឡាហោម ស ខេង ក្នុងការ​លុបបំបាត់​ទាំងស្រុង​នូវ​ការប្រើប្រាស់​គ្រឿងញៀននៅតាម​រង្គសាល ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ព្រោះថា កន្លែង​កម្សាន្ត​សប្បាយ​ទាំងនោះ សុទ្ធតែ​បើកចំហឲ្យ​មហាជន​ចូល​លេង​កម្សាន្ត ហើយ​អាជ្ញាធរ​សមត្ថកិច្ច​យើង ក៏មាន​ជំនាញ​គ្រប់គ្រាន់ក្នុងការ​ស៊ើបការណ៍ និង​មាន​បណ្តាញ បង្កប់ ប៉ូលិស​បង្កប់ ដើម្បី​នឹង​ស្រាវជ្រាវ​រក​បទល្មើស​នា​នា ពិសេស​ករណី​គ្រឿងញៀន​។​
​ ​
​តែ​គេ​ខ្លាច​តែ​អាជ្ញាធរ​សមត្ថកិច្ចមិន​បង្ក្រាប​បទល្មើស បែរជា​កាង​បទល្មើស​ពិសេសករណី​គ្រឿងញៀន តាម​ក្លិប​កម្សាន្ត ខារ៉ាអូខេ ព្រោះថា ករណី​នៅ​រ៉ក់​ក៏មាន​មន្ត្រីប៉ូលិសជាប់​ពាក់ព័ន្ធ ដែល​មកដល់ពេលនេះ​សមត្ថកិច្ច​កំពុង​តាមរក​ចាប់ខ្លួន​ប៉ូលិស​ជាន់ខ្ពស់​នោះ យកមក​ផ្តន្ទាទោស​។​
​ ​
​សម្រាប់​កន្លែង​កម្សាន្ត​សប្បាយ រង្គសាល ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ​ក៏​ត្រូវតែ​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​សមត្ថកិច្ច ក្នុងការ​លុបបំបាត់​ប​ទ​ល្មើស​គ្រឿងញៀន គឺ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ ព្រោះថា វត្ថុបំណង​នៃ​ការបើក​អាជីវកម្ម​សេវា​កម្សាន្ត​នេះ គឺ​មិនមែន​ដើម្បី​លក់​គ្រឿងញៀន​ឯណា​។ ផ្ទុយទៅវិញ បើសិនជា​ជួញដូរ​គ្រឿងញៀន និង​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន នោះ​នៅពេល​ប៉ូលិស​បង្ក្រាប គឺ​ត្រូវខាតបង់ បិទ​អាជីវកម្ម ហើយ​បើ​ធ្ងន់ធ្ងរ រហូតដល់​ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​រឹប​អូស​យកទីតាំងនោះ​ទៀត​។ រីឯ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត រង្គសាល ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ដែលមាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក៏ត្រូវ​ចាប់ខ្លួនបញ្ជូនទៅ​កាត់ទោស និង​ជាប់ពន្ធនាគារ​ថែម​ទៀតផង​។​
​ ​
​មជ្ឈមណ្ឌល​កម្សាន្ត រង្គសាល ក្លិប​កម្សាន្ត និង​ខារ៉ាអូខេ ផ្តល់​តែ​សេវា​កម្សាន្ត​សប្បាយ ច្រៀង​រាំ លក់​ស្រា ស្រា​បៀរ កើប​លុប​មិន​អស់ ចុះទៅ​រកស៊ី​អំពើ​ខុសច្បាប់​អនុញ្ញាត​ឲ្យលក់ដូរ និង​ប្រើប្រាស់​គ្រឿងញៀន តើ​ចំណេញ​អ្វី​? ជួញ​តែ​បិទ​អាជីវកម្ម រត់ចោលស្រុក និង​ជាប់គុក​ប៉ុណ្ណោះ​។​
​ ​
​ដោយឡែក អ្នក​ទៅរក​សេវា​កម្សាន្ត​សប្បាយ ពិសេស​យុវជន អាយុ​ចន្លោះ​ពី ១៨ ទៅ ៣០​ឆ្នាំ​ជាង ក៏​គួរតែ​កុំ​យក​ខ្លួន​បៀត​នឹង​គ្រឿងញៀន​។ គ្រឿងញៀន​ដូច​ការផ្សព្វផ្សាយ ពី​គ្រោះថ្នាក់​រួចមកហើយ គឺ​ត្រូវ​អន្តរាយអស់ទាំង​ទ្រព្យសម្បត្តិ និង​ខូចអនាគត​។ ខ្វះ​អី​ការជួបជុំ​សប្បាយ​កម្សាន្ត ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ ដោយ​គ្រាន់តែ​ច្រៀង​រាំ និង​ផឹកស៊ី​។ ចុះ​ហេតុអ្វី ត្រូវ​ទៅលេង​គ្រឿងញៀន​ទៀត​? បើជា​រឿង​ខុសច្បាប់​។ នៅ​ត្រូវ​ប៉ូលិស​ចាប់ អស់ទាំង​លុយ​ហើយ ត្រូវ​ជាប់គុក​ថែមទៀត​នោះ​។​

​សរុបទៅ ទាំង​អាជ្ញាធរ​សមត្ថកិច្ច ទាំង​ម្ចាស់​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​សប្បាយ រង្គសាល ក្លិប ខារ៉ាអូខេ ក៏ដូចជា​អ្នក​ទៅរក​សេវា​កម្សាន្ត​សប្បាយ ពិសេស​យុវជន ត្រូវ​រួមគ្នា​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។ បើ​ចូល​ហាង ចូល​ក្លិប ខារ៉ាអូខេ គឺ​ត្រឹមតែ​ច្រៀង​រាំ និង​ផឹកស៊ី ដោយមាន​ដែន​កំណត់ នោះ​គឺ​យើង​នឹងមិន​សប្បាយ​ក្លាយជា​ទុក្ខ​នោះឡើយ​។ សូម​ចូលរួមទាំង​អស់ ដើម្បី​សង្គម​យើង គ្មាន​គ្រឿងញៀន​៕ ដោយ​: ម៉េង​ឆៃ/Ha