២០​នាក់​ស្លាប់​ដោយ​ការវាយប្រហារ​នៅ​ការិយាល័យ​បក្ស​នយោបាយ​នៅ​ក្រុង​កា​ប៊ុល​

280
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយប្រហារ​លើ​ការិយាល័យ​នយោបាយ​មួយ​របស់​អ្នក​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី និង​ជា​អតីត​មេដឹកនាំ​ក្រុម​អ្នក​ស៊ើបអង្កេត​នៅ​ទីក្រុង​កា​ប៊ុល​​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នោះ បាន​កើនឡើង​ដល់​២០​នាក់ នៅ​ថ្ងៃ​ចន្ទ​ទី​២៩​ខែកក្កដា​នេះ​។​

​លោក Nasrat Rahimi អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយថា មនុស្ស​ជិត​៥០​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហា​រកា​លពី​ថ្ងៃអាទិត្យ ទៅ​លើ​ទី​ស្នាក់​កណ្តាល​នៃ​គណបក្ស​Green Trend ។ ការវាយប្រហារ​ដែលមាន​ការប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​និង​ក្រុម​អ្នក​វាយប្រហារ​នេះ មាន​រយៈពេល​ច្រើន​ម៉ោង ដោយ​ក្រុម​អ្នក​វាយប្រហារ​បាន​ចូល​​ដល់​ខាង​ក្នុង​អាគារ​ការិយាល័យ​នេះ​។​

​លោក Nasrat Rahimi បាន​និយាយថា អ្នក​វាយប្រហារ​ច្រើន​នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ។ អ្នក​នាំ​ពាក្យ​នេះ បាន​និយាយថា​លោក Amrullah Saleh ​អ្នក​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី និង​ជា​អតីត​មេដឹកនាំ​ក្រុម​អ្នក​ស៊ើបអង្កេត​នេះ ត្រូវបាន​ជម្លៀស​ចេញពី​អគារ​នោះ​និង​ត្រូវបាន​នាំ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ ហើយ​ជន​ស៊ី​ល​វិល​៨៥​នាក់​ផ្សេង​ទៀត ត្រូវបាន​សង្គ្រោះ​ចេញពី​ខាងក្នុង​អាគារ​នោះ​។​

​នៅពេល​ភ្លាមៗ​នោះ មិន​មាន​នរណា​ឬ​ក្រុម​ណាមួយ បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ​ទេ​។​ប៉ុន្តែ​ទាំង​ក្រុម​តា​លី​បង់​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​ធ្វើ​សកម្ម​ខ្លាំង​នៅ​ទីក្រុង​​កា​ប៊ុល និង​បាន​ធ្វើ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ នៅ​ទីក្រុង​នេះ កាលពី​អតីតកាល​៕​ប្រែ​សម្រួល​៖​សុខា/sn​

ការវាយប្រហារ​លើ​ការិយាល័យ​បក្ស​ក្នុង​ផ្ទះល្វែង​បង្ក​ការខូចខាត​ធំធេង​

#