២០​ឧសភា​ទិវា​ការចងចាំ​និង​រំឭក​ដល់​ជនរងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍​

666
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: មន្ត្រីរាជការ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​១០០០​នាក់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ធ្វើ​ទិវា​ជាតិ នៃ​ការចងចាំ​២០​ឧសភា រំឭក​ដល់​ជនរងគ្រោះ និង​ភាពឈឺចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។​

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍ថា ទិវា​ជាតិ​នៃ​ការចងចាំ​ឬ​ទិវា​ចងកំហឹង​នេះ គឺជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ ដោយ​កំណត់​យក​ថ្ងៃទី​២០​ខែឧសភា ជា​ថ្ងៃ​ឈប់សម្រាក​ជា​រៀងរាល់ឆ្នាំ គឺ​ក្នុង​គោលបំណង លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្ដារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជន​គ្រោះ ទោះជា​នៅរស់ ឬក៏​បាន​បាត់​បង់ជីវិត​ក៏ដោយ​។​ប៉ះប៉ូវ​ដល់​ការឈឺចាប់​ផ្លូវចិត្ត​និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ​និង​ក្រុមគ្រួសារ ដែល​កើតមាន​នៅក្នុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​។​

​លោក​បន្តថា ទិវា​នៃ​ការចងចាំ​ឬ​ហៅថា​ទិវា​ចងកំហឹង ២០​ឧសភា​នេះ គឺជា​ថ្ងៃ​ចងកំហឹង​ទៅនឹង​របប​ខ្មែរក្រហម​ដែល​បាន​ធ្វើទុក្ខបុកម្នេញ កាប់សម្លាប់​ប្រជាពលរដ្ឋ​រាប់លាន​នាក់់ នៅតាម​សហករណ៍​ខ្លួន និង​នៅតាម​តំបន់​រំដោះ នៅក្នុង​ប្រទេស​កម្ពុជា​ទ​ទួល​រង​នូវ​សោកនាដកម្ម រង​ទុក្ខ​ខ្លោចផ្សា និ​រ​រាស​ព្រាត់ប្រាស់ និង​រលាយ​រលត់​ធ្លាក់​ដល់​ចំណុចសូន្យ​។​

​លោក​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ទៅក្នុង​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​របស់​មន្ត្រីរាជការ​សាធារណៈ​និង​សិស្សសាលា​ផងដែរ​៕ ល​