២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន

1949
ចែករម្លែក

បទវិភាគ: ​នៅពេល ស៊ី ជីន​ពី​ន មកដល់​ហុងកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា ជា​លើកដំបូង តាំងពី​ក្លាយជា​ប្រធានាធិបតី​ចិន​មក​នោះ គាត់​នឹង​ចូលមកក្នុង​ភាពមិនប្រាកដប្រជា​អំពី​អនាគត​របស់​ទីក្រុង​ដែល​កំពុងមាន​ការបែកបាក់​យ៉ាង​ជ្រាលជ្រៅ​នេះ​។

ទស្សនកិច្ច​នេះ​កត់សម្គាល់​រយៈពេល ២០ ឆ្នាំ ចាប់តាំងពី​ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់ឱ្យ​ចិន​វិញ និង កើតឡើង​នៅ​គ្រាមួយ ពេលដែល​មនុស្ស​ជាច្រើន​បារម្ភ​ថា សេរីភាព​របស់​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​នឹងត្រូវ​បាត់បង់​ទៅ​ប៉េកាំង​ដែលមាន​លក្ខណៈ​តឹងរ៉ឹង​ជាង​។​

​ការតវ៉ា​រំពឹង​កើតមានឡើង​អំឡុង​ដំណើរ​ទស្សនកិច្ច ៣ ថ្ងៃ​របស់លោក​ស៊ី ដែល​នឹងត្រូវ​បានការ​ពារ​ដោយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន និង អំឡុង​ការស្បថ​កាន់តំណែង​មេដឹកនាំ​ថ្មី​របស់​ទីក្រុង គឺ លោកស្រី ខា​រី ឡា​ម (Carrie Lam)​។​

អ្នកធ្វើ​យុទ្ធនា​ការគាំទ្រ​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ លោក​យ៉ូ​ស្វេ វ៉ង់ ដែល​បាន​ដឹកនាំ​ការប្រមូលផ្តុំ​នៃ “​ចលនា​ឆត្រ​” ក្នុង​ឆ្នាំ ២០១៤ ដើម្បី​កំណែទម្រង់​នយោបាយ​ក្នុងការ​ជំទាស់​មិន​រំពឹងទុក​មួយ​ចំពោះ​ក្រុង​ប៉េកាំង​នោះ និយាយថា លោក​ជឿជាក់ថា ហុងកុង​កំពុង​ស្ថិតនៅ​ផ្លូវបំបែក​។

​លោក​វ៉ង់​អាយុ ២០ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​លក្ខណៈពិសេស​របស់​ហុងកុង និង​ឋានៈ​នយោបាយ​របស់​ទីក្រុង​ខ្ញុំ​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​”​។

លោក​ចង់បាន​ការបោះឆ្នោត​សាធារណៈ​អំពី​អធិបតេយ្យភាព​ក្នុង​ឆ្នាំ ២០៤៧ នៅពេល​កិច្ចព្រមព្រៀង​ប្រគល់​ហុងកុង​រយៈពេល ៥០ ឆ្នាំ ដោយ​ធានា​នូវ​សេរីភាព និង របៀប​រស់នៅ​របស់​ហុងកុង អស់​សុពលភាព​។

ការអំពាវនាវ​ដើម្បី​សិទ្ធិ​ស្វ័យ​សម្រេច ឬ សូម្បី​ឯករាជ្យ​ពេញលេញ​សម្រាប់​ហុងកុង​បាន​រីក​សាយភាយ​ចេញពី​ការតវ៉ា​បរាជ័យ​ក្នុង​ឆ្នាំ ២០១៤ រហូត​ទទួលបាន​សម្បទាន​លើ​ការកែទម្រង់​ប្រជាធិបតេយ្យ និង ធ្វើឱ្យ​ប៉េកាំង​ខឹងសម្បារ​ជាខ្លាំង​។

​លោក​វ៉ង់​និយាយថា “​អ្វីដែល​យើង​សង្ឃឹម​គឺ​ឱ្យ​គ្រប់គ្នា​ទទួលបាន​សិទ្ធិ​ធ្វើ​ប្រជាមតិ ដើម្បី​សម្រេច​អំពី​អនាគត​ទីក្រុង​នេះ​”​។

អ្នកក្រុង​ហុងកុង​មិនបាន​និយាយ​អ្វី​ទាំងអស់​អំពី​ថា​តើ​ហុងកុង​គួរតែ​ប្រគល់ឱ្យ​ចិន​វិញ​ឬ​យ៉ាងណាទេ កាលពី​ឆ្នាំ ១៩៩៧​។

​ ​* ការ​ស្វះ​ស្វែងរក​ការសម្របសម្រួល​

​សម្រាប់​រយៈពេល ២០ ឆ្នាំ​មកនេះ ហុងកុង​ត្រូវបាន​គ្រប់គ្រង​ក្រោម​កិច្ចព្រមព្រៀង “​ប្រព័ន្ធ​ពីរ​ប្រទេសមួយ​” ដែល​ប្រគល់​សិទ្ធិ​ដល់​ហុងកុង មិន​ធ្លាប់​ជួប​នៅ​ចិនដីគោក រួមមាន​សេរីភាព​នៃ​ការបញ្ចេញមតិ តុលាការ​ឯករាជ្យ និង សភា​បោះឆ្នោត​មាន​បក្សនយោបាយ​។

​នីតិរដ្ឋ​ត្រូវបាន​គេ​មើលឃើញថា​ជា​គន្លឹះ​មួយ​ចំពោះ​តួនាទី​របស់​ហុងកុង​ក្នុងនាម​ជា​ច្រកទ្វារ​មួយ​រវាង​ចិន និង ប្រទេស​ដទៃទៀត​ជុំវិញ​ពិភពលោក​។

​ទោះយ៉ាងណា ឧបទ្ទវហេតុ​ជា​បន្តបន្ទាប់​ជាច្រើន រួមមាន​ការដក​សិទ្ធិ​របស់​សមាជិកសភា​គាំទ្រ​ឯករាជ្យ​ពីររូប និង ការចាប់​ពង្រត់​មនុស្ស​ល្បី​ដោយ​ភ្នាក់ងារ​សន្តិសុខ​របស់​ចិនដីគោក បាន​បង្កក្តី​បារម្ភ​ជាថ្មី ថា​របត់​ព្រឹត្តិការណ៍​កំពុង​ប្រែប្រួល​ហើយ​។​

មន្ត្រី​ក្រុង​ប៉េកាំង និង មន្ត្រី​ក្នុងហុងកុងនៅតែនិយាយថា កម្រិត​ស្វ័យភាព​ខ្ពស់​របស់​ហុងកុង​ត្រូវបាន​ធានា​។

​សមាជិកសភា​គាំទ្រ​ប៉េកាំង លោកស្រី រី​ជី​ណា អ៊ី​ព មេដឹកនាំ​បក្ស​ប្រជាជន​ថ្មី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា លោកស្រី​យល់ឃើញថា ប្រព័ន្ធ​ពាក់កណ្តាល​ស្វយ័ត “​នៅតែមាន​លក្ខណៈ​រឹងមាំ​ល្អ​ដដែល​”​។​

​​សមាជិកសភា លោក​ហ្វេ​ឡិច ជុង ប្រធាន​បក្ស​សេរីភាព​ដែល​គាំទ្រ​ប៉េកាំង និយាយថា កំណើនសេដ្ឋកិច្ច​ហុងកុង​មាន​ភាពល្អប្រសើរ​នៅក្រោម​ចិន ជាង​ពេលដែល​ហុងកុង​នៅក្រោម​ចក្រភព​អង់គ្លេស​។​

លោក​និយាយថា “​រដ្ឋាភិបាលកណ្តាល​ប្រគល់ឱ្យ​យើង​នូវ​សេរីភាព​ច្រើនណាស់​។ ពួកគេ​មិនបាន​ធ្វើ​អ្វី​ច្រើនពេក​ទេ​ដើម្បី​គ្រប់គ្រង​ហុងកុង​”​។

​ទាំង​លោក​ជុង និង លោកស្រី​អ៊ី​ព យល់ស្រប​ថា ការបែកបាក់​ខាង​នយោបាយ​ត្រូវតែ​ដោះស្រាយ ប៉ុន្តែ​លើកឡើងថា ការដោះស្រាយ​នោះ​ត្រូវ​ទាមទារ​ឱ្យមាន​ការសម្របសម្រួល​។

លោកស្រី​អ៊ី​ព និយាយថា “​ប្រសិនបើ​អ្នក​ចង់​មាន​លទ្ធិប្រជាធិបតេយ្យ​ដោយ​កាត់ផ្តាច់​ប៉េកាំង​ចេញពី​រូបភាព​នយោបាយ នោះ​អ្នក​មិនមែនជា​អ្នកប្រកួតប្រជែង​ទេ​”​។

​ ​* បាត់បង់​ក្តីសង្ឃឹម​

​លោកស្រី​ឡា​ម​បាន​សន្យា​ផ្សះផ្សា​ជម្លោះ ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នក​រិះគន់​លាប​ពណ៌​ថា​ជា​កញ្ជះ​ចិន​រួចទៅហើយ​។

លោកស្រី​ឡា​ម​បាន​ចោទ​ជា​មន្ទិល​ថា​តើ​វា​ជា​ពេល​សមស្រប​ដែរ​ទេ ដែល​ត្រូវ​ពិនិត្យឡើងវិញ​នូវ​ការតស៊ូ​មតិ​អំពី​កំណែទម្រង់ ដែល​បង្ក​ឱ្យ​កើតមាន​ចលនា​ឆត្រ​នោះ​។

ការតវ៉ា​នោះបាន​ចាប់ផ្តើម បន្ទាប់ពី​ផែនការ​គាំទ្រ​ដោយ​ប៉េកាំង​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ ដែល​បាន​សន្យា​នៅក្នុង​កិច្ចព្រមព្រៀង​ប្រគល់​កោះ​ហុងកុង និយាយថា បេក្ខជន​ត្រូវតែ​ទទួល​ការពិនិត្យ​លក្ខណៈសម្បត្តិ​ជាមុនសិន​។

​ដោយ​រង​ការរិះគន់​ដោយ​ក្រុម​សកម្មជន​ថា​ជា “​សិទ្ធិ​បោះឆ្នោត​ជា​សកល​ក្លែងក្លាយ​” ផែនការ​នោះ​ត្រូវបាន​បោះឆ្នោត​ទម្លាក់ចោល ដោយ​ក្រុម​សមាជិកសភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។

​លោកស្រី​ឡា​ម ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត​ស្និទ្ធ​ជាមួយ​ប៉េកាំង ក៏ដូចជា​មេដឹកនាំ​មុនៗ​ផងដែរ​។ ទោះបី​មាន​អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភា ប៉ុន្តែ​ប្រជា​ធិ​តេ​យ្យ​ហុងកុង​នៅតែ​ត្រូវបាន​ថ្លឹងថ្លែង​តម្រូវ​តាម​ប៉េកាំង​។

​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​និយាយថា ការអំពាវនាវ​របស់​ពួកគេ​ឱ្យមាន​កំណែទម្រង់​តាម​ការសន្យា ឥឡូវ​ត្រូវគេ​យកទៅ​ទុកចោល​ហើយ​។

​សមាជិកសភា​វ័យក្មេង​បំផុត​របស់​ហុងកុង និង ជា​អតីត​មេដឹកនាំ​ចលនា​ឆត្រ លោក​ណា​ថា​ន ឡ និយាយថា យុទ្ធនាការ​ដើម្បី​លទ្ធិ​ប្រជា​ធិ​ប​ត្យេ “​មានអំណាច​តិចតួច​បំផុត​” ក្នុង​សភា ប៉ុន្តែ​នឹងមិន​បញ្ឈប់​ការជំរុញ​ឱ្យមាន​ប្រព័ន្ធ​តំណាងរាស្ត្រ​បន្ថែមទៀត​នោះឡើយ​។

​លោក​ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា នយោបាយ​មិនមែនជា​កត្តា​បែកបាក់​តែមួយ​មុខ​គត់​នោះឡើយ នៅ​ហុងកុង​។​

​គម្លាត​អ្នកមាន​និង​អ្នកក្រ​គឺ​ស្ថិតក្នុង​កំណត់ត្រា​ខ្ពស់បំផុត ជាមួយ​ថ្លៃ​ផ្ទះ​ភាគច្រើន​មិនអាច​លៃលក​ទិញ​បានឡើយ​សម្រាប់​ប្រជាជន​សាមញ្ញ និង​រដ្ឋាភិបាល​ត្រូវបាន​ចោទប្រកាន់ថា មិនបាន​បំពេញតម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់​អ្នកក្រុង​ហុងកុង​។​

​លោក​ឡ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ប្រជាជន​ហុងកុង​បាត់បង់​ក្តីសង្ឃឹម​អស់ហើយ​។ នេះ​ជា​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​ទីក្រុង​នេះ​”៕ ​ដកស្រង់​ពី​វេ​ប​សាយ​ដេលី​មែ​ល​

២០ ឆ្នាំក្រោយ​ប្រគល់​មក​ចិន​វិញ ហុងកុង​នៅតែ​ជា​ស្រមោល​របស់​ចិន