២១​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងអំឡុង​ជម្លោះ​ខ្លាំង​អំពី​ដីធ្លី​ប្រាសាទ​នៅ​ម៉ាឡេស៊ី​

1822
ចែករម្លែក

ប៉ូលិសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃអង្គារទី២៧វិច្ឆិកាថាមនុស្សចំនួន២១នាក់ត្រូវបានចាប់ខ្លួនពីបទធ្វើកុបកម្មដែលបានផ្ទុះឡើងចំពេលមានវិវាទជុំវិញការផ្លាស់ប្តូរទីតាំងប្រាសាទឥណ្ឌាមួយនៅខាងក្រៅទីក្រុងគូឡាឡាំពួ ។ ពួកគេបាននិយាយថាមនុស្ស១២នាក់បានរងរបួស។

ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយថា ឧក្រិដ្ឋជននៅពីក្រោយកុបកម្មនេះនឹងត្រូវដាក់ទោសធ្ងន់ធ្ងរ។

សូមរំលឹកថា ជម្លោះវាយតប់គ្នានេះ បានចាប់ផ្តើមកើតឡើងកាលពីព្រឹកថ្ងៃចន្ទ នៅពេលដែលពួកអ្នករំលោភបំពាន មួយក្រុមបានវាយប្រហារក្រុមអ្នកកាន់សាសនាឥណ្ឌា នៅប្រាសាទ Sri Maha Mariamman នៅទីក្រុងSubang Jaya ក្នុង រដ្ឋ Selangor ហើយបានដុតបំផ្លាញរថយន្តជាច្រើនគ្រឿង។

ក្រុមមនុស្សមួយក្រុមផ្សេងទៀតបានសងសឹកកាលពីព្រឹកថ្ងៃអង្គារដោយវាយបំផ្លិចបំផ្លាញការិយាល័យរបស់ក្រុមហ៊ុនអចលនទ្រព្យ MCT Berhad នៅជិតប្រាសាទនោះ ហើយក៏បានដុតបំផ្លាញរថយន្តមួយចំនួនផងដែរ។

ក្រុមហ៊ុន MCT ដែលជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងSdn Bhdនេះជាម្ចាស់ដីដែលប្រាសាទនេះស្ថិតនៅ ហើយបានបង្កជាជម្លោះដោយមានការតវ៉ាតាមផ្លូវច្បាប់ដើម្បីប្តូរទីតាំងប្រាសាទដែលមានអាយុកាលមួយសតវត្សរ៍នេះទៅតំបន់ក្បែរនោះ។

ក្រុមមន្រ្តីរដ្ឋាភិបាលនិងប៉ូលិសបានបដិសេធចំពោះពាក្យចចាមអារ៉ាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលថា វាជាជម្លោះរវាងពូជសាសន៍នោះ។

លោក Mazlan Mansor មេប៉ូលិសនៅរដ្ឋSelangor នេះបាននិយាយថា មនុស្ស២១នាក់ត្រូវ​បានចាប់ខ្លួនហើយ ពួកគេនេះ នឹងត្រូវបានស៊ើបអង្កេតចំពោះធ្វើកុបកម្មដោយប្រើអាវុធនិងដុតបំផ្លាញ។

លោក បាននិយាយថា រថយន្តជាង២០គ្រឿងត្រូវបានដុតបំផ្លាញប៉ុន្តែ ស្ថានការណ៍នេះ បានស្ងប់ស្ងាត់និងគ្រប់គ្រងបាន៕​ដោយ៖សុខា/SN

រថយន្តជាង២០គ្រឿងត្រូវបានដុតបំផ្លាញក្នុងអំឡុងធ្វើកុបកម្មនៅប្រាសាទ Sri Maha Mariamman