២២​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅក្នុង​ការជួប​ជុំ​ឃោសនាបោះឆ្នោត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

1561

ពួកមន្រ្តីបាននិយាយកាលពីថ្ងៃសៅរិ៍ថា ចំនួនមនុស្សស្លាប់ពីការបំផ្ទុះគ្រាប់នៅកន្លែងជួបជុំឃោសនាបោះឆ្នោតមួយនៅអាហ្វហ្គានីស្ថានភាគឦសានបានឡើងដល់២២នាក់។

ការផ្ទុះបានកើតឡើងនៅក្នុងខេត្តតាកហា កន្លែងដែមនុស្សរាប់រយនាក់បានកំពុងជួបជុំគ្នាស្តាប់សុន្ទរកថារបស់ស្រ្តីជាបេក្ខជនម្នាក់ក្នុងការបោះឆ្នោតសភានាថ្ងៃ២០តុលា។

ចាវ៉ាត ហេរី អ្នកនាំពាក្យរបស់ខេត្ត បាននិយាយថា មនុស្ស២២នាក់បានស្លាប់និង៣៦នាក់រងរបួសនៅក្នុងការវាយប្រហារ។គ្រឿងផ្ទុះត្រូវបានបង្កប់ក្នុងទោចក្រយានយន្តនៅជិតទីកន្លែងជួបជុំ ហើយជនរងគ្រោះរួមមាន បុគ្គលិកសន្តិសុខនិងជនស៊ីវិល តែបេក្ខជនសភាមិនបាននៅកន្លែងកើតហេតុទេ។

នៅមិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវភ្លាមៗទេចំពោះការវាយប្រហារនេះ។វាជាការវាយប្រហារលើកទី៣ប្រឆាំងនឹងដំណើរការបោះឆ្នោតនៅអាហ្វហ្គានីស្ថាននៅខែនេះ។បេក្ខជន៧នាក់ហើយ សុទ្ធតែជាបុរស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាំងពីមុនមក ហើយបេក្ខជន២នាក់ទៀតត្រូវបានចាប់ពង្រត់ទៅបាត់និង៤នាក់ទៀតរងរបួស។

ជុំវិញព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាននេះដែរ ទីប្រឹក្សាពិសេសរបស់រដ្ឋការត្រាំស្តីពីសន្តិភាពអាហ្វហ្គានីស្ថាន នៅសប្តាហ៍មុនបានជួបពិភាក្សាជាមួយតំណាងក្រុមបះបោរតាលីបង់នៅប្រទេសកាតាដើម្បីការពិភាក្សា ដែលរួមមាន”ការងារឆ្ពោះទៅរកដំណោះស្រាយសន្តិភាពមួយ”សម្រាប់សង្រ្គាមក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

ហ្សាប៊ូលឡា មូចាហ៊ីត អ្នកនាំពាក្យក្រុមនេះ បាននិយាយថា វត្តមានទាហានបរទេសនៅអាហ្វហ្គានីស្ថាន នៅតែជាឧបសគ្គធំបំផុតចំពោះសន្តិភាពតែលោកបានកត់សំគាល់ថា ភាគីទាំង២បានព្រមព្រៀងគ្នាបន្តការចរចា ដែលជាការបោះជំហានធំមួយឆ្ពោះទៅរកការចរចាផ្លូវការជាមួយក្រុមតាលីបង់ដើម្បីបញ្ចប់សង្រ្គាមចំណាស់១៧ឆ្នាំ។

ក្នុងពេលជាមួយគ្នា ស្ថានទូតអាមេរិកប្រចាំក្រុងកាប៊ុលបាននិយាយថា តំណាងអាមេរិកលោកហ្សាល់មេ ខាលីហ្សាត បានជួបពិភាក្សាជាមួយតំណាងក្រុមតាលីបង់នៅប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងនៅកាតា៕ដោយ:វាសនា

មនុស្សជាង៣០នាក់រងរបួសក្នុងការវាយប្រហារចុងក្រោយនេះលើដំណើរការបោះឆ្នោតនៅអាហ្វហ្គានីស្ថាន