២៣​នាក់​ស្លាប់​ដោយ​ទឹកភ្លៀង​រដូវវស្សា​នៅ​ស្រ៊ី​លង្កា​

3068
ចែករម្លែក

​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រ៊ី​លង្កា​(DMC ) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​ឧសភា​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ទឹកភ្លៀង​រដូវវស្សា​នៅ​ស្រ៊ី​លង្កា បាន​កើន​ដល់​២៣​នាក់​ខណៈ​មនុស្ស​៥៧.០០០​នាក់​ត្រូវបាន​ជម្លៀស​ឬ​រើ​លំនៅស្ថាន​។​

​អ្នកនាំពាក្យ​DMC បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​២៣​នាក់ មាន​៥​នាក់​ស្លាប់​ដោយ​រន្ទះបាញ់​ខណៈ​ខ្លះទៀត​ស្លាប់​ដោយ​លង់ទឹក​។​

​ដោយ​ភ្លៀង​នឹង​ធ្លា​ក់មក​ច្រើន​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ មន្ត្រី​ស្រ៊ី​លង្កា​ក៏បាន​ចេញ​ការព្រមាន​អំពី​ការបាក់​ដី​សង្កត់​នៅ​តំបន់​មួយចំនួន​។​

​ក្នុងពេល​ជាមួយគ្នា ទាហាន​និង​ប៉ូលិស​ស្រ៊ី​លង្កា​រាប់ពាន់នាក់​ត្រូវបាន​កេណ្ឌ​ទៅ​ជួយ​តំបន់​រងគ្រោះ ។​ផ្ទះ​ជាង​៤.០០០​ត្រូវបាន​ជន់​លិច​ឬ​ខូចខាត​ដោយសារ​ទឹក​។​

​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ស្រ៊ី​លង្កា កាលពី​សប្តាហ៍​មុន​បាន​ណែនាំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ផ្តល់ជំនួយ​ជាបន្ទាន់​ដល់​ជនរងគ្រោះ​៕ដោយ៖វាសនា

​អ្នកស្ម័គ្រចិត្ត​ជួយ​លើកដាក់​បាវ​ខ្សាច់​ដើម្បី​ការពារ​កុំអោយ​ទឹក​ហូរ​ចូល​កាលពី​ថ្ងៃ​២៦​ឧសភា​