២៤​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​នៅ​ស្ទូឌីយោ​ថត​ភាពយន្ត​គំនូរជីវចល​នៅ​ជប៉ុន​

384
ចែករម្លែក

​អគ្គិភ័យ​មួយ​ដែល​ទំនងជា​ត្រូវ​បង្កឡើង​ដោយ​ចេតនា​នៅ​អាគារ​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​គំនូរជីវចល​នៅ​ជប៉ុន បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៤​នាក់ និង​រាប់សិប​​នាក់​ទៀត​រងរបួស​កា​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​កក្កដា​នៅ​ទីក្រុង​ក្យូ​តូ​។​

​ប៉ូលិស​បាន​និយាយថា ការឆេះ​ដ៏​ខ្លាំង​នេះ​ទំនងជា​ត្រូវបាន​គេ​បង្កឡើង​ដោយ​ចេតនា តែ​នៅ​មិនទាន់​មាន​ព័ត៌មាន​ភ្លាមៗ​អំពី​ហេតុផល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ​។​

​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​អគ្គិភ័យ​បានចាប់ផ្តើម ដោយ​មន្ត្រី​ពន្លត់​អគ្គិភ័យ​និយាយថា សាកសព​មនុស្ស​ត្រូវបាន​រកឃើញ​ក្នុងពេល​ស្វែងរក​​ក្នុង​អាគារ​ដែល​ត្រូវ​ឆេះ​រោល​ឡើង​ខ្មៅ​។​

​មន្ត្រី​អគ្គិភ័យ​ម្នាក់​បាន​និយាយថា ការរកឃើញ​សាកសព​មនុស្ស​នៅ​ជាន់​ទី​២​នៃ​អាគារ​និង​លើ​ជណ្តើរ​ទៅកាន់​ដំបូល បាន​ធ្វើ​អោយ​ចំនួន​អ្នកស្លាប់​កើន​ដល់​យ៉ាងតិច​២៤​នាក់​។​

​ពួក​មន្ត្រី​បាន​អោយដឹងថា មនុស្ស​៣៥​នាក់​រងរបួស​នៅក្នុង​គ្រោះថ្នាក់​អគ្គិភ័យ​នេះ ក្នុងនោះ​១០​នាក់​របួសធ្ងន់ និង​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា មនុស្ស​ប្រមាណ​៧០​នាក់​បាន​ស្ថិតក្នុង​អាគារ​នេះ​ពេល​អគ្គិភ័យ​បានចាប់ផ្តើម​។​

​ក្នុងពេល​ជាមួយគ្នា ទូរទស្សន៍​NHK បាន​រាយការណ៍​ថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​នេះ និង​បន្ទាប់មក​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​បើ​តាម​ប៉ូលិស ជនសង្ស័យ​បាន​បង្ក​អគ្គិភ័យ​នៅ​ម៉ោង​១០​កន្លះ​ព្រឹក ក្រោយពី​បាន​ជះ​ស្រោច​វត្ថុ​រាវ​ទំនងជា​ប្រេងកាត​នៅ​ក្នុង​និង​ជុំវិញ​អាគារ​។​ជនសង្ស័យ​វ័យ​៤០​ឆ្នាំ បាន​ស្ថិត​ចំណោម​អ្នករងរបួស​និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​មនុស្ស​នៅ​ជិត​កន្លែងកើតហេតុ បាន​និយាយថា​គេ​បាន​ឮ​សម្លេង​ផ្ទុះ​ជា​បន្តបន្ទាប់ និង​ផ្សែងខ្មៅ​ហុយ​ចេញពី​អាគារ​។​

​ប៉ូលិស​នៅ​ធ្វើការ​ស៊ើបអង្កេតរ​កមូ​ល​ហេតុ​បង្ក​អគ្គិភ័យ​នេះ តែ​វា​ទំនង​ជា​ការ​លួច​ដុត​។​

​ការ​លួច​ដុត​ត្រូវបាន​ចាត់ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​មួយ ហើយ​ជន​ណា​ដែល​ត្រូវ​កាត់ទោស​ចំពោះ​ការ​លួច​ដុត​បង្ក​អគ្គិភ័យ​នៅក្នុង​ប្រទេស​មួយ​ដែល​មនុស្ស​ជាច្រើន​រស់​​នៅក្នុង​ផ្ទះ​ឈើ អាច​ប្រឈម​នឹង​ការប្រហារជីវិត​។​

​បុរស​ម្នាក់​ដែល​ត្រូវបាន​ដាក់ទោស​ចំពោះ​ការបង្ក​អគ្គិភ័យ​សម្លាប់​មនុស្ស​១៦​នាក់​នៅ​ក្រុង​អូ​សា​កា​កាលពី​ឆ្នាំ​២០០៨ ឥឡូវ​រង់ចាំ​ការប្រហារជីវិត​៕​ដោយ​៖​វាសនា​