២៤​ម៉ោង​ក្រោយ​អគ្គិភ័យ​បំផ្លាញ​ព្រះវិហារ​Notre Dame ប្រាក់​ជិត​១​ពាន់​លាន​ដុល្លារ​ត្រូវបាន​សន្យា​ជួយ​ដើម្បី​សាងសង់​ឡើង​វិញ​

356
ចែករម្លែក
  • 19
    Shares

​ជំនួយ​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​គេ​សន្យា​ជួយ​សាងសង់​ព្រះវិហារ​ចំណាស់​៨៥០​ឆ្នាំ​Notre Dame​នេះ​ឡើង​វិញ ក្រោយពី​ត្រូវ​ភ្លើង​បំផ្លាញ​កាលពី​ថ្ងៃ​ចន្ទ​និង​បន្ទាប់​ពី​ប្រធានាធិបតី​​បារាំង​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​សន្យា​ធ្វើការ​សាងសង់​ឡើង​វិញ​ព្រះវិហារ​គ្រិស្ត​នេះ​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។​

​អ្នកជំនួញ​មាន​បំផុត​២​នាក់​របស់​បារាំង​គឺ ហ្វ្រង់​ស័រ ហង់​រី ពី​ណូ​(Francois-Henri Pinault) ប្រធាន​ក្រុមហ៊ុន​Kering ដែល​ជា​ម្ចាស់​ទំនិញ​ល្បីៗ​ដូចជា Gucci និង Yves Saint Laurent​និង​ប៊ែរ​ណាត ហា​នូ​( Bernard Arnault)​ម្ចាស់​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន​LVMH បាន​និយាយថា​ពួកគេ​នឹង​ផ្តល់ប្រាក់​១០០​លាន​អឺរ៉ូ​(១១៣​លាន​ដុល្លារ​)​និង​២០០​លាន​អឺរ៉ូ រៀងៗ​ខ្លួន​។​

​ចំណែក​ក្រុមហ៊ុន​Total​ក៏​បាន​សន្យា​ជួយ​១០០​លាន​អឺរ៉ូ​និង​សាលាក្រុង​ប៉ារីស​ផ្តល់​៥០​លាន​អឺរ៉ូ​។​

​សូមបញ្ជាក់​ថា នៅ​២៤​ម៉ោង​ក្រោយ​អគ្គិភ័យ​បំផ្លាញ​ដំបូល​និង​កំពូល អាជ្ញាធរ​បារាំង​ទទួលបាន​ការសន្យា​ផ្តល់ប្រាក់​សាងសង់​ព្រះវិហារ​នេះ​ឡើង​វិញ​ចំនួន​ជាង​៧៥០​លាន​អឺរ៉ូ (៨៤៨​លាន​ដុល្លារ​) ក្នុងនោះ​៥០០​លាន​អឺរ៉ូ​បានមក​ពី​គ្រួសារ​មហាសេដ្ឋី​៣ រួមមាន​Kering, LVMH និង​L’Oreal​។​

​ប្រធានាធិបតី​បាន​រាំ​ង​កាលពី​ថ្ងៃ​អង្គារ​បាន​ប្តេជ្ញា​សាងសង់​ព្រះវិហារ​នេះ​ឡើង​វិញ​អោយ​ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​និង​ថា​វា​«​អាច​កាន់តែ​ស្រស់ស្អាត​ជាង​មុន​»​តែ​លោក​បាន​ព្រមាន​​ថា​«​ចូរ​កុំ​អោយ​ខ្លួន​យើង​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ភាព​ប្រញាប់ប្រញាល់​»​។​

​អគ្គិភ័យ​នេះ​បាន​ចាប់ផ្តើម​កាលពី​ដើម​ថ្ងៃ​ចន្ទ ដោយ​ផ្សែង​ខ្មួលខ្មាញ់​បាន​ហុយ​ចេញពី​កំពូល​ព្រះវិហារ​និង​អណ្តាតភ្លើង​ដ៏​ធំ​នៅ​ចន្លោះ​ប៉ម​ជួង​ពីរ​បាន​បំផ្លាញ​កំពូល​ព្រះវិហារ​និង​​ដំបូល​ទាំងមូល​។​

​យោង​តាម​សេវា​អគ្គិភ័យ​ក្រុងប៉ារីស បុគ្គលិក​អគ្គិភ័យ​ជិត​៤០០​នាក់​បាន​ចូលរួម​ក្នង​ការ​ពន្លត់​បានសំរេច​នៅ​ថ្ងៃ​អង្គារ ដោយ​តួ​អាគារ​ត្រូវបាន​ជួយសង្គ្រោះ តែ​ដំបូល​និង​កំពូល​​របស់​វា​បាក់​ធ្លាក់​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា អគ្គិភ័យ​នេះ​ទំនង​ជា​ពាក់ព័ន្ធ​នឹង​ការងារ​ជួសជុល ហើយ​រដ្ឋអាជ្ញា​ក្រុងប៉ារីស បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ព្រះវិហារ​Notre Dame​ប្រ​​ហែល​ជា​បង្កឡើង​ដោយ​ឧបទ្ទវហេតុ ខណៈ​មិន​មាន​សញ្ញា​បង្ហាញ​អំពី​គោលបំណង​ឧក្រិដ្ឋ​ទេ​នៅ​ដំណាក់កាល​នេះ​៕​ដោយ​៖​វាសនា​