២៥​ឆ្នាំៈ​យុគ​ឌីជីថល ជំរុញ​ឲ្យ​រស្មី​កម្ពុជា​ត្រូវតែ “​ថ្មី ពេញលេញ លឿន​”

3382
ចែករម្លែក

ដោយៈរស្មីកម្ពុជា/​កាលពី​ថ្ងៃ​សុក្រ​ទី​៩​ខែមេសា​ឆ្នាំ​១៩៩៣​កាសែត​រស្មី​កម្ពុជា ដែលជា​កាសែត​ចេញផ្សាយ​ប្រចាំថ្ងៃ​បោះពុម្ព​ជា​ពណ៌​ធម្មជាតិ​បានចេញ​ផ្សាយ​លេខ​ដំបូង​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ​បើ ទោះបីជា​ស្ថានភាព​ទូទៅ​នៃ​លទ្ធភាព​បច្ចេកវិទ្យា​នាពេល​នោះ​មិន​ដូច​ពេល​ក្តី​។​

​កាសែត​រស្មី​កម្ពុជា​លេខ​ដំបូង​ត្រូវបាន​បោះពុម្ព​នៅលើ​ទឹកដី​នៃ​ប្រទេស​ថៃ​ហើយ​ដឹកជញ្ជូន​មក​កម្ពុជា​វិញ​ដោយ​យន្តហោះ​។​មិនមែន​ពេលនោះ​រស្មី​កម្ពុជា​មិន​សម្លឹង​មករក​ការដឹកជញ្ជូន​តាមផ្លូវគោក​ដែល​ចំណាយ​សោ​ហ៊ុយ​តិចជាង​យ៉ាងច្រើន​លើសលុប​នោះទេ​។​ប៉ុន្តែ​ស្ថានភាពហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវគោក​ពេល​នោះ ពិសេស​ស្ថាន​សន្តិសុខ​មិន​អនុគ្រោះ​ឡើយ​។​កម្លាំង​ខ្មែរក្រហមកាល ណោះ​មានតែ​ប្ញ​ស្សី​មួយ​ដើមក៏​អាច​ឃាត់ឃាំង​ទាហាន​អ៊ុនតាក់​បាន ចុះ​រឿងអី​ដែល​ការដឹកជញ្ជូនមាន​តម្លៃ​ជា​នយោបាយ ជា​សេដ្ឋកិច្ច អាច​ប្រថុយទៅ​កើត​?​។​

​មកដល់​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​នេះ​កាសែត​ស្មី​កម្ពុជា​បានចេញ​ផ្សាយ​គម្រប់​២៥​ឆ្នាំ​និង​ឈានចូល​ឆ្នាំ​ទី​២៦​ជាមួយនឹង​ការចេញ​ផ្សាយបាន​ចំនួន​៧.៦០៧​លេខ​។​

​ដោយ​រំលឹក​ទៅរក​អតីតកាល​នៃ​ការចេញដំណើរ​របស់​កា​សែត​រស្មី​កម្ពុជា យើង​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​ស្ថាបនិក​និង​អ្នកដឹកនាំ​ដំបូង​របស់កាសែត​ឯកជន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​។​នោះ គឺ លោក នឹម ច័ន្ទ​តារា លោក កក ក្វាន់​ហុង ជា​នាយក​គ្រប់គ្រង លោក ប៉ែន សមិទ្ធិ ជា​និពន្ធ​នាយក ពិសេស​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង ជាមួយនឹង​ដៃគូ​ក្រុមហ៊ុន​នៃ​ប្រទេស​ថៃ និង អ្នកនិពន្ធ អ្នកយកព័ត៌មាន ដែល​បាន​រួមគ្នា​សម្រេច​ចេញ​ជា​សមិទ្ធិ​នេះ​ឡើង​។​ជាពិសេស​ថែមទៀត​នោះ​គឺ​រដ្ឋាភិបាល​នាពេល​នោះបាន អនុញ្ញាត​ដោយ​ពុំ​មានការ​រួញរា​។

​គេ​អាច​នៅចាំ​បាន​ថា ការចេញផ្សាយ​របស់​កា​សែត​រស្មី​កម្ពុជា​នាពេលនោះ​គឺ​តែ​ជាង​មួយខែ​មុន​ការបោះឆ្នោត​សកល​លើកដំបូង​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​អ៊ុនតាក់​។​នៅពេលនោះ​សង្គ្រាម​ផ្ទៃក្នុង​ពុំទាន់​បានបញ្ចប់​នៅឡើយ​ដោយសារតែ​ភាគី​ខ្មែរក្រហម​បានធ្វើ​ពហិការ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​អ៊ុនតាក់​ក៏​មិន​អាចធ្វើ​អ្វី​ដល់​ខ្មែរក្រហម​ក្បាលរឹង​នេះ​បាន​។​ចំណែក​ភាគី​ខ្មែរ​បី​ទៀត​នៅតែ​រពើតរពើង​ជះ​ស្រោច​ដាក់គ្នា​នូវ​ការឃោសនា​ផ្សេងៗ​។​ដូចនេះ​វា​មិន​សាមញ្ញ​ពេក​ទេ​សម្រាប់​រស្មី​កម្ពុជា​ដែល​ប្រកាស​ខ្លួន​ធ្វើដំណើរ​លើ​មាគ៌ា​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត ព័ត៌មាន​ត្រង់ ដោយ​ឈរលើ​វិជ្ជាជីវៈសារព័ត៌មាន គោលការណ៍​ឯករាជ មិន​លំអៀង​របស់ខ្លួន​។​

​ក្នុង​រយៈពេល​កន្លងទៅ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា បាន​វិវឌ្ឍន៍​ជា​ដំណាក់ៗ ដូចគ្នា​នឹង​ការវិវត្តនៃ​ សង្គម​នយោបាយ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ផងដែរ​។ កាសែត​រស្មី​កម្ពុជា​បាន​វិវឌ្ឍន៍​ខ្លួន​ពី​ការបោះពុម្ព​នៅ​ប្រទេស​ថៃ​និង​ដឹកជញ្ជូន​តាម​យន្ត​មក​បោះពុម្ព​ក្នុង​ទឹកដី​កម្ពុជារបស់​ខ្លួន​និង​ដឹកជញ្ជូន​ចែកចាយ​ទូទាំងប្រទេស​ដោយ​រថយន្ត​។​រស្មី​កម្ពុជា​បាន​ពង្រីកបន្ថែម​ចំនួន​ទំព័រ​ចេញផ្សាយ​របស់ខ្លួន​ពី​ចំនួន​ពីរ​ផ្នែក​(​ក​និង​ខ​)​ដែលមាន​១៦​ទំព័រ​ទៅដល់​បី​ផ្នែក​(​ផ្នែក​ក​,​ខ និង​គ​) ដែលមាន​២៤​ទំព័រ​ដើម្បី​ឆ្លើយតប​នឹង​សំណូមពរមិត្ត​អ្នកអាន​និង​ដៃគូ​ពាណិជ្ជកម្ម​។

​ចាប់តាំងពី​ការចេញផ្សាយ​លេខ​ទី​១​រហូតដល់​លេខ​៧៦០៧​នេះ កាសែត​រស្មី​កម្ពុជា​បាន​ស្ថិតនៅ តែ​ជា​កាសែត​ឯកជន​និង​ឯករាជ​ដដែល ដោយបាន​ដើរ​នៅលើ​មាគ៌ា​ប្រជាធិបតេយ្យ សេរីភាព​សារព័ត៌មាន​ដោយ​ឈរលើ​គោលការណ៍​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​ជា​ធរមាន​របស​ប្រទេស​។ ​​​គោលការណ៍​ថ្មី​បន្ថែម​ដែល​រស្មី​កម្ពុជា​បានកំណត់​យក​នៅ​ឆ្នាំ​២០១៨​នេះ​គឺ “ ថ្មី ពេញលេញ និង
លឿន​”​។​

​ពិតណាស់​! រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ គេ​ត្រូវតែ​ទទួលស្គាល់ថា ស្ថានភាព​នៃ​កាសែត​បោះពុម្ព​ឬ​ហៅ​ម្យ៉ាង​ថា​កាសែត​បែប​ប្រពៃណី​នោះបាន​ឈានដល់​របត់​ថ្មី​មួយ គឺ​យុគ​នៃ​ភាព​លូតលាស់ ភាព​រហ័ស​ដ៏​លឿន​ស្លេវ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ឬ​និយាយ​មួយ​បែប​គឺ​យុគ​ឌីជីថល ឬ​អន​ឡាញ​(Online)​។​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​,​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្សេងៗ​ជាច្រើន​ទៀត
​ដូច វាត់​អាប​,​តេ​ឡេ​ក្រាម​,​វាយ​ប័​រ​,​មី​សសិន​ជឺ​…​។​ពិសេស​ជាង​នេះ​លក្ខខណ្ឌ​នៃ​តម្លៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​,​ភាព​រីកចម្រើន​នៃ​ស្មា​ត​ហ្វូ​ន បាន​សង្គ្រប់លើ​កាសែត​បែប​ប្រពៃណី​។​

​ដូចនេះ​ក្នុងស្ថានភាព​ថ្មី​នៃ​សម័យកាល​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា​ចាំបាច់​ត្រូវតែមាន​សម្រប​និង​អភិវឌ្ឍន៍​ខ្លួន​ទៅតាម​បរិបទ​ថ្មី​បើទោះបី​មិនបាន​ប្រសើរ​ឥតខ្ចោះ​ក៏ដោយ​។​រស្មី​កម្ពុជា​បានរៀបចំ​ឲ្យ​មាននូវ​គេហទំព័រ​ឬ​វេ​ប​សាយ​របស់ខ្លួន​ដែលមាន​អាសយដ្ឋាន​www.rasmeinews.com,​មាន​ទំព័រហ្វេ​ស​ប៊ុ​ក​ឬ​ផេ​ក​ហ្វេសប៊ុក រស្មី​កម្ពុជា ដេលី​(Rasmei Kampuchea Daily)​។​វេ​ប​សាយ​រស្មី​កម្ពុជា​ក៏បាន​ដំឡើង​អេប​(App)​របស់ខ្លួន​។​ទន្ទឹមនេះ​កាសែត​រស្មី​កម្ពុជា​ក៏បាន​រៀបចំ​ឲ្យ​មាន​ជា​ទម្រង់​អេឡិចត្រូនិក ក្នុង​ទម្រង់​ភី​ឌី​អេ​ហ្វ​(PDF)​ដែល​មិត្ត​អាន​អាច​មើល​បាន​យ៉ាង​ងាយ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាយ​ភេត​,​កុំព្យូទ័រ​។​ល​។​ហើយ​អាច​ជាវ​បាន​យ៉ាង​ងាយ​ស្រួល​។​

​នៅ​គ្រប់​ទម្រង់​នៃ​ការចេញផ្សាយ​របស់​រស្មី​កម្ពុជា​បាន​បំពេញ​ទៅតាម​បំណង​របស់​អ្នកអាន និង​គោរព​បាន​នូវ​ក្រមសីលធម៌ និង​គោលការណ៍​វិជ្ជាជីវៈ​។​រស្មី​កម្ពុជា​ព្យាយាម​និង​ខិតខំ​ធ្វើ​សកម្មភាពទាំងឡាយ​តាមរយៈ​សំណេរ ក្នុងការ​ពង្រឹងគុណភាព សម្បូរបែប​នៅលើ​ទំព័រ​កាសែត​។​រស្មី​កម្ពុជា ​ជំរុញ​និង​ធ្វើ​ឲ្យ​មហាជន អ្នក​អាន​ទាំងអស់​ក្នុង​និង​ក្រៅប្រទេស​ទទួលបាន​នូវ​ព័ត៌មាន​ពិត ព័ត៌មាន​ត្រង់​ពីរ​ស្មី​កម្ពុជា​តាមរយៈ​ឌីជីថល ដែល​បាន​ប្រកាន់យក​នូវ​គោលការណ៍​បី​ចម្បង​គឺ​“ ថ្មី ពេញលេញ លឿន​”​និង​ការគោរព​បាន​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​។​

​ឈាន​ចូលដល់​ឆ្នាំ​ទី​២៦​របស់ខ្លួន​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា មិន​ភ្លេច មិន​បំភ្លេច ឬ ធ្វើជា​ភ្លេច ចំពោះ​ការ​គាំទ្រ​​ជាដាច់ខាត​របស់​មិត្ត​អ្នកអាន​, របស់​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​និងក្រៅប្រទេស ដែល​បាន​គាំទ្រ​កាសែត​រស្មី​កម្ពុជា គេហទំព័រ​រស្មី​កម្ពុជា ទំព័រ​ហ្វេ​ស​ប៊ុ​ករ​ស្មី​កម្ពុជា កាសែត​រស្មី​កម្ពុជា​ក្នុង​ទម្រង់​ភី​ឌី​អេ​ហ្វ រហូតមក​ដោយ​មិន​មានការ​ស្រកស្រុត តែមាន​ចំនួន​កាន់តែ​កើនឡើងៗ​ជា​លំដាប់​។​ជាពិសេស​គឺ ដៃគូ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​របស់​រស្មី​កម្ពុជា ទាំងអស់​ដែល​តែង​រួមចំណែក​ផ្សព្វផ្សាយ​ជាមួយ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា​។​ការរួមចំណែក​របស់​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ គឺមាន​តម្លៃ​ជា​សារវន្ត​សម្រាប់​ដំណើរការ​ដ៏​រលូន​និង​ការអភិវឌ្ឍ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា​ទៅតាម​យុគ​ថ្មី​នៃ​បច្ចេកវិទ្យា​។​

​រស្មី​កម្ពុជា​ក៏​មិន​ភ្លេច​នឹង​សូម​អរគុណ និង​កោតសរសើរ​បំផុត​ចំពោះ​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​នៃ​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា អ្នកនិពន្ធ អ្នកយកព័ត៌មាន អ្នកឆ្លើយឆ្លង​ព័ត៌មាន​គ្រប់​ខេត្ត បុគ្គលិក​ទាំងអស់​។​ការចូលរួម​ប្រកបដោយ​ការលះបង់ យោគយល់ និង​សាមគ្គី គ្នា​យ៉ាង​ល្អ គឺជា​មូលដ្ឋាន​នៃ​ការឈាន​ទៅមុខ​យ៉ាងរឹងមាំ​របស់​ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា លើ​មាគ៌ា​ក្នុង​វិស័យ​ផ្សព្វផ្សាយ​។​

​កាសែត​រស្មី​ក្នុង​ថ្ងៃ​គម្រប់​អាយុ​២៥​ឆ្នាំ​(​ថ្ងៃទី​៩​ខែម​សា​ឆ្នាំ​១៩៩៣ ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨)​នេះ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ទាំងអស់ ដែល​បាន​គាំទ្រ​​កាសែត​រស្មី​កម្ពុជា​តាំងពីដើម​រហូតដល់​ពេល​នេះ ។​រស្មី​កម្ពុជា​សូម​ប្តេជ្ញា​សន្យា​បន្ត​នាំមក​នូវ​ព័ត៌មាន​ថ្មីៗ លឿន​គ្រប់គ្រាន់ ពិតជា​អតិបរមា និង​ប្រកបដោយ​គុណប្រយោជន៍​សម្រាប់​អ្នកអាន សង្គមជាតិ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ​ថែមទៀត​៕មន

កាសែតរស្មីកម្ពុជានាលេខដំបូង

​​

#