២៥ សីហា តុលាការ​កំពូល​កាត់ក្ដី​រឿងក្ដី​ក្រុម​លោកស្រី ទេព វ​ន្នី ករណី​ជេរប្រមាថ​ជា​សាធារណៈ​

370

(​ភ្នំពេញ​)៖​នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​រឿង​អង្គសេចក្តី សំណុំរឿង​លោកស្រី​ទេព វ​ន្នី និង​ស្ត្រី​បឹងកក់​៣​ទៀត ពាក់ព័ន្ធ​បទល្មើស​”​ប្រមាថ​អ្នករាជការ​សាធារណៈ​និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​”​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ព្រះរាជអាជ្ញា នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល ។​

​មន្ត្រី​តុលាការ ថ្លែងថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក​អគ្គព្រះរាជអាជ្ញារ​ង អ៊ុក គឹម​សិទ្ធិ ជា​តំណាង​មហាអយ្យការ ។​

​ស្ត្រី​ទាំង​៤​នាក់​មានឈ្មោះ ទេព វ​ន្នី កំពុង​ជាប់ពន្ធនាគារ ។ ឈ្មោះ ហេង មុំ អាយុ​៤១​ឆ្នាំ ឈ្មោះ បូ ឆវី អាយុ​៣៧​ឆ្នាំ និង ឈ្មោះ គង់ ចន្ថា អាយុ​៤៣​ឆ្នាំ បច្ចុប្បន្ន​នៅក្រៅ​ឃុំ ធ្លាប់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់​៦​ខែ ពីបទ​”​ប្រមាថ​អ្នករាជការ​សាធារណៈ​និង​បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស​”​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ តាម​មាត្រា​៥០២​និង​មាត្រា​៥០៤​នៃ​ក្រមព្រហ្មទណ្ឌ ៕​ដោយ​៖​ឆាយា​នាដ​/sn​