២៨​នាក់​ស្លាប់ នៅពេល​រថយន្តក្រុង​អា​ហ្វ​ហ្គានី​ស្ថាន​ជាន់មីន​

256
ចែករម្លែក

​ពួក​មន្ត្រី​បាន​និយាយថា អ្នកដំណើរ​រាប់សិប​នាក់ ភាគច្រើន​ជា​កូន​ក្មេង​និង​ស្ត្រី ត្រូវបាន​សម្លាប់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ខាងលិច​កាលពីដើ​ម​ថ្ងៃ​ពុធ​ទី​៣១​កក្កដា នៅ​ពេល​រថយន្ត​​ក្រុង​មួយ​បាន​បើក​ជាន់​គ្រាប់​មីន​នៅ​តាម​ដងផ្លូវ​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​អង្គការសហប្រជាជាតិ​បាន​និយាយថា ជន​ស៊ីវិល​អា​ហ្វ​ហ្គានី​ស្ថាន ត្រូវបាន​សម្លាប់​និង​ធ្វើអោយ​របួស​ក្នុង​កំរិត​គួរអោយ​រន្ធត់ នៅ​​ពេល​ប្រទេស​នេះ​ត្រៀម​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​។​

​អ្នកនាំពាក្យ​ខេត្ត​ហ្វា​រ៉ា បាន​និយាយថា «​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​នៅលើ​ផ្លូវ​ហាយវ៉េ កាន់​ដា​ហា​-​ហេ​រ៉ា​ត បាន​ជាន់​គ្រាប់មីន​ដែល​ពួក​បះបោរ​តា​លី​បង់​បាន​បង្កប់​នៅតាម​​ដងផ្លូវ​។​មនុស្ស​២៨​នាក់​បាន​ស្លាប់ និង​១០​នាក់​របួស ហើយ​ពួកគេ​ជា​ជន​ស៊ីវិល​ទាំងអស់​»​។​

​ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថានបាន​ដាក់​តួលេខ​ស្លាប់​ខ្ពស់ជាង​គឺ​៣៤​នាក់ និង​របួស​១៧​នាក់ ហើយ​លោក​បាន​បន្ទោស​លើ​ក្រុម​តា​លី​បង់​នៅ​ពេល​មិនទាន់មាន​​ក្រុម​ណា​អះអាង​ទទួលខុសត្រូវ​នៅ​ឡើយ​។​

​កាលពី​ថ្ងៃ​អង្គារ អង្គការសហប្រជាជាតិ​បាន​បញ្ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​និង​របួស​បាន​ធ្លាក់ចុះ​២៧​ភាគរយ នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន តែ​ទោះជា​ដូច្នេះ​ក្តីក៏​ជន​ស៊ីវិល​១.៣៦៦​ត្រូវបាន​សម្លាប់ និង​២.៤៤៦​រងរបួស​។​ការស្លាប់​និង​របួស​កុមារ​តំណាងអោយ​១​ភាគ​៣ នៃ​ការស្លាប់​និង​របួស​សរុប​។​

​របាយការណ៍​ក៏បាន​និយាយថា កងកម្លាំង​អាម៉េរិក​និង​កងកម្លាំង​រដ្ឋាភិបាល បង្ក​ការស្លាប់​ឬ​របួស​ច្រើន​ជាង ក្រុម​តា​លី​បង់​និង​ក្រុម​បះបោរ​ផ្សេងៗ​សំរាប់​ពីរ​ត្រីមាស​ជាប់​គ្នា​។​

​កាលពី​ថ្ងៃអាទិត្យ មនុស្ស​យ៉ាង​តិច​២០​នាក់​ត្រូវបាន​សម្លាប់​និង​៥០​នាក់​រងរបួស​នៅ​ពេល​ជន​វាយប្រហារ​អត្តឃាត​ម្នាក់​និង​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​វាយប្រហារ​លើ​ការិយាល័យ​​របស់​បេក្ខជន​អនុ​ប្រធានាធិបតី​អា​ហ្វ​ហ្គាននី​ស្ថាន​នៅក្រុង​កា​ប៊ុល​៕​ដោយ​៖​វាសនា​