២​ខែ​ដើមឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរណ៍​កើន តែ​អត្រា​ស្លាប់​ថយ​

442
ចែករម្លែក
  • 7
    Shares

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លើកឡើងថា អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​គ្មាន​បណ្ណ​បើកបរ និង​រថយន្ត​កែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​-​ចូល​កំពង់ផែ​ឡើយ​”​។​ ការលើក​នេះ​នៅក្នុង កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩​ កាលពី​ថ្ងៃទី​២០​ខែមីនា​នេះ​។​

​កិច្ចប្រជុំ​នេះ​បាន​ផ្តោតជាសំខាន់​លើ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​គ្រប់​រាជធានី​-​ខេត្ត ការងារ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការងារឯកទេស​ជំនាញ ការត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ សភាពការណ៍ គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​អនុវត្ត​បន្ត​។

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​បានបង្ហាញ​ឲ្យ​ឃើញថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩ មានការ​កើនឡើង​ចំនួន​១៣៦​ករណី ស្មើនឹង​២៤% បើ​ប្រៀបធៀប​នឹង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ។ ​ប៉ុន្តែ​គ្រោះថ្នាក់​ស្លាប់​បាន​ថយចុះ​១៥​នាក់ ស្មើនឹង​៥%។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​នេះ បង្កដោយ​ការបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្តាំ វ៉ា​ជែង បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការបើកបរ​ក្នុងពេល​ស្រវឹង ងងុយ និង​កត្តា​យានយន្ត​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឯកជន ក៏ដូចជា​អ្នក​បរ​នៅតាម​រោង​ចក្រ​នានា​នៅ​កម្ពុជា ជួយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក កម្មករ និយោជិត និង​អ្នកបើកបរ រថយន្ត​របស់ខ្លួន និង​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ បង្កើត​ក្រុមការងារ​ប្រចាំការ​មួយ​សហការ​ជាមួយ​កំពង់ផែ ដើម្បី​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​គ្មាន​បណ្ណ​បើកបរ មុនពេល​ចេញ​-​ចូល​កំពង់ផែ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ និង​មាន​អ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​មួយចំនួន​ជា​ជន​វ័យក្មេង​មាន​ជាប់​ពាក់​ព​ន្ធ័​នឹង​គ្រឿងញៀន​ទៀតផង​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​បង្កើន​កិច្ចសហការ ពង្រឹង​ការអនុវត្ត​ច្បាប់ ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយ​សាធារណៈ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្សព្វផ្សាយ​វីដេអូ​អប់រំ តាម​ទូរទស្សន៍​ពី​ផល​លំបាក និង​ការខាតបង់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ យុទ្ធនា​ការចែក​មួកសុវត្ថិភាព ក៏ដូចជា​ស្ទី​គ័​រ ចំណាំងផ្លាត និង​យុទ្ធនាការ​ផ្សេងៗ​ថែមទៀត ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​ដល់​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​សហការ​យ៉ាង​ស្អិតរ​មួ​ត​កន្លងមក ក្នុងការ​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នេះ​៕B/