៧​នាក់​ស្លាប់ ១២នាក់​បាត់​ខ្លួន​ក្នុង​ទឹកជំនន់​ភ្លាមៗ​នៅ​វៀតណាម​ខាងជើង​

827
ចែករម្លែក

​ខេត្ត​តំបន់ភ្នំ​នៅ​វៀតណាម​ខាងជើង​បាន​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង ដែល​បង្កអោយមាន​ទឹក​ជំនន់​ភ្លាម​និង​ការបាក់​ដី​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ។​

​មនុស្ស​៧នាក់​ត្រូវបាន​រាយការណ៍​មក​ថា​បាន​ស្លាប់​និង១​២​នាក់​ទៀតកំពុង​បាត់​ខ្លួន​ដោយសារ​គ្រោះធម្មជាតិ​នេះ​។​ក្រៅពី​កាត់ផ្តាច់​ទីប្រជុំជន​និង​ភូមិ​ជាច្រើន ទឹកជំនន់​​បាន​បំផ្លាញ​ផ្ទះ​និង​ផ្លូវថ្នល់​ជាច្រើន​នៅក្នុង​ខេត្ត​ចំនួន​៤ គឺ ឡាយ ចាវ ,​ហា យ៉ាង​,​ឡាវ កាយ​និង​ឌៀ​ន បៀ​ន​។​

​ដូ ង៉ុ​ក​អាន ប្រធាន​បក្ស​ខេត្ត​ឡាយ ចាវ បាន​ប្រាប់​សារព័ត៌មាន​VnExpress​ថា មនុស្ស​៥នាក់​ត្រូវបាន​បញ្ជាក់ថាស្លាប់និង១២បាត់​ខ្លួន​នៅក្នុង​ខេត្ត​របស់លោក​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មិ​​ថុ​នា និង​ផ្លូវ​មួយចំនួន​ខូចខាត​ដោយ​ការបាក់​ដី​សង្កត់​។​ចរាចរណ៍​លើផ្លូវ​ហាយវ៉េ​ពី​ឡាយ ចាវ ទៅ​សា​ប៉ា​ត្រូវ​រារាំង​ដោយសារ​ទឹកជំនន់​ដ៏​ខ្លាំង​តែ​រំពឹងថា​បន្ត​ដំណើរការ​ឡើង​​វិញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​។​

​នៅ​ខេត្ត​ហា យ៉ាង ដែល​កំពុង​តស៊ូ​នឹង​ជំនន់​ដ៏​ខ្លាំង មនុស្ស​២​នាក់​បាន​ស្លាប់​ដោយ​ជំនន់​និង​ផ្ទះ​១២​ដួលរលំ​ខណៈ​ផ្ទះ​រាប់រយ​ត្រូវ​លិចលង់​។​

​សូមបញ្ជាក់ថា គ្រោះធម្មជាតិ​រួមមាន​ទឹកជំនន់​និង​ព្យុះ​សម្លាប់​មនុស្ស​ជាង​៣០០​នាក់​នៅ​ទូទាំងប្រទេស​វៀតណាម​កា​លពី​ឆ្នាំមុន​និង​បង្ក​ការខូចខាត​តំលៃ​ជិត​២.៣៤០​លាន​ដុល្លារ​៕​ដោយ​៖​វាសនា​