២​នាក់​ស្លាប់ ៤៧​នាក់​រងរបួស​ក្នុងការ​ផ្ទុះ​នៅ​ហាង​នំ​ក្នុង​ក្រុងប៉ារីស​

130

​អាជ្ញាធរ​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​២​នាក់​ត្រូវបាន​សម្លាប់​និង​មនុស្ស​៤៧​នាក់​រងរបួស​នៅក្នុង​ការផ្ទុះ​ដ៏​ខ្លាំង​មួយ​និង​អគ្គិភ័យ​ដែល​ទំនងជា​បង្កឡើង​ដោយ​ការ​លិច​​ធ្លាយ​ហ្គាស​នៅ​ហាង​នំ​មួយ​ក្នុង​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មករា​។​

​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ទាញ​ចេញ​ជនរងគ្រោះ​ពី​អាគារ​និង​ជម្លៀស​អ្នកស្រុក ខណៈ​ផ្សែ​ខ្មៅ​ហុយ​គ្រប​លើ​វិថី​Rue de Trevise នៅ​សង្កា​ត់ទី​៩​នៃ​ក្រុងប៉ារីស​។​សាក្សី​​បាន​ពណ៌​សម្លេង​ផ្ទុះ​ដ៏​ខ្លាំង​និង​មនុស្ស​ជាប់​ក្នុង​អាគារ​ជិតៗ​នោះ​។​បំណែក​ថ្ម​និង​កញ្ចក់​នៅ​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​ជាប់​អាគារ​ដែលមាន​ហាង​នំ​។​

​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​២​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការផ្ទុះ​នៅ​ហាង​នំ ១០​នាក់​របួសធ្ងន់​និង​៣៧​នាក់​ទៀត​របួសស្រាល​។​

​រដ្ឋអាជ្ញា​ក្រុងប៉ារីស​បាន​និយាយថា​មូលហេតុ​នៃ​ការផ្ទុះ​នេះ​ទំនង​ជាការ​លិច​ធ្លាយ​ហ្គាស​ដោយ​ចៃដន្យ​និង​ការស៊ើបអង្កេត​កំពុង​ត្រូវធ្វើឡើង​។​អ្នក​ពន្លត់​អគ្គិភ័យ​និង​​ប៉ូលិស​ប្រមាណ​២០០​នាក់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​និង​ស្វែងរក ខណៈ​ឧទ្ធម្ភាគចក្រ​មួយ​ចុះ​នៅ​កន្លែងកើតហេតុ​ដើម្បី​ដឹក​អ្នករងរបួស​។​

​ការផ្ទុះ​នេះ​បានកើត​ឡើងខណៈ​រដ្ឋធានី​បារាំង​កំពុង​ប្រឈម​ចលាចល​ជាថ្មី​ដល់​ចុង​សប្តាហ៍​ទី​៩ ដោយសារតែ​ការតវ៉ា​ទាមទារ​របស់​ចលនា​អាវកាក់​ពណ៌​លឿង​នៅ​ជុំវិញ​​ប្រទេស​៕​ដោយ​៖​វាសនា​