៣១​នាក់​រងរបួស​តិចតួច​បន្ទាប់​ពី​យន្តហោះ​ទម្លាក់​សាំង​ចោល​លើ​សាលារៀន​នៅ​ឡូ​ស អ៊ែន​ជើ​ឡេស​

119
ចែករម្លែក

​បុគ្គលិក​ផ្នែក​អគ្គិភ័យ​បាន​ព្យាបាល​ក្មេង​២០​នាក់​និង​មនុស្សពេញវ័យ​១១​នាក់​ចំពោះ​ការ​រលាក​ស្បែក​និង​បញ្ហា​ដកដង្ហើម​កាលពី​ថ្ងៃ​អង្គា​ទី​១៤​មករា ក្រោយ​ពី​យន្ត​​ហោះ​ពាណិជ្ជកម្ម​មួយ​បាន​ទម្លាក់ចោល​សាំង​នៅ​កណ្តាល​អាកាស​ដើម្បី​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ឡូ​ស អ៊ែន​ជើ​ឡេស ភ្លាមៗ​។​

​នាយកដ្ឋាន​អគ្គិភ័យ​ឡូ​ស អ៊ែន​ជើ​ឡេស បាន​និយាយថា​« បុគ្គលិក​អគ្គិភ័យ​កំពុង​ធ្វើការ​ដើម្បី​បញ្ជាក់ ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា យន្តហោះ​មួយ​បាន​​ទម្លាក់​ប្រេង​នៅ​តំបន់​នោះ​»​។​

​នាយកដ្ឋាន​បាន​បន្តថា បុគ្គលិក​របស់​ខ្លួន​និង​គ្រូពេទ្យ​ប្រមាណ​៧០​នាក់​បាន​ទៅកាន់​កន្លែង​កើតហេតុ និង​បាន​ជួយ​អ្នករងរបួស​តិចតួច​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​អាកាសចរណ៍​Delta បាន​និយាយថា យន្ត​បាន​មាន​បញ្ហា​ម៉ាស៊ីន​កាលពី​ថ្ងៃ​អង្គារ និង​បាន​ទម្លាក់​ប្រេង​ចោល​ជា​បន្ទាន់​​ដើម្បី​អោយ​យន្តហោះ​ចុះ​ដោយ​សុវត្ថិភាព​។​យន្តហោះ​ជើងហោះហើរ​Flight 89 បាន​ចេញដំណើរ​ពី​ឡូ​ស អ៊ែន​ជើ​ឡេស ទៅ​កាន់​ទីក្រុង​សៀង​ហៃ នៅពេល​ម៉ាស៊ីន​​ចាប់ផ្តើម​មាន​បញ្ហា​។​

​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅក្រោយ​ទម្លាក់​ប្រេង​លើផ្លូវ​ហោះ​ឆ្ងាយ​គួរសម រួម​ទាំង​លើ​សាលារៀន​បឋមសិក្សា​Park Avenue Elementary School​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន​៕​ប្រែ​សម្រួល​៖​វាសនា​