៣៤ ប្រភេទ​កីឡា នឹងត្រូវ​ប្រមូលផ្ដុំ ឆ្នាំនេះ​

448
ចែករម្លែក
  • 10
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: តាម​ការគ្រោងទុក សម្រាប់​ឆ្នាំ ២០១៩ នេះ ក្រសួង​អប់រំ យុវជន និង កីឡា មាន​គម្រោង​ប្រមូលផ្ដុំ​ កីឡា​ជម្រើសជាតិ ចំនួន ៣៤ ប្រភេទ​កីឡា ។​

​ឆ្នាំនេះ ជា​ឆ្នាំ​នៃ​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ហើយក៏​ជា​ឆ្នាំ ដែល​កម្ពុជា ចាប់ផ្ដើម​យុទ្ធសាស្ត្រ ត្រៀមខ្លួន​សម្រាប់​ឆ្នាំ​២០២៣ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។ ក្រៅពី​កីឡា ទាំង ៣៤ ប្រភេទ​នោះ ក៏​នៅមាន​កីឡា​ជនពិការ មួយក្រុម​ទៀត​ដែរ ដែលមាន​ចំនួន​សរុប ៥០៤ នាក់ ក្នុងនោះ កីឡាករ ចំនួន ២៨៤ នាក់ កីឡាការិនី ចំនួន ៩៣ នាក់ គ្រូបង្វឹក ៩០ នាក់ និង​អនុរក្ស​ចំនួន ៣៧ នាក់ ។​

​ការប្រមូលផ្ដុំ​នេះ គឺ​ហាត់​រយៈពេល ៧ ខែ គឺ​ចប់​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ខាងមុខ ដែលជា​ពេលវេលា ​កៀក​នឹង​ស៊ី​ហ្គេម​តែម្ដង ។ លើក​នេះ ការប្រមូលផ្ដុំ ត្រូវ​ចាប់ផ្ដើម ហូបចុក​រួមគ្នា​វិញ ព្រមទាំង​ហ្វឹកហាត់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ទើប​អនុញ្ញាត​ឲ្យ​ទៅផ្ទះ តែ​ត្រូវ​ត្រឡប់មក​ជ​ម្រំ​ហ្វឹកហាត់​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ។ កីឡា​ករជម្រើសជាតិ​ទាំងអស់ ត្រូវ​ស្នាក់នៅ ហូបចុក ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។​

​ចំពោះ​កីឡា​ថ្នាល​វិញ ត្រូវ​ប្រមូលផ្ដុំ​លើ ៣១ ប្រភេទ​កីឡា ដែលមាន​កីឡាករ​-​កីឡាការិនី ចំនួន ៥០០ នាក់ ដែល​ក្នុងនោះ កីឡារ​ចំនួន ២៨៩ នាក់ កីឡាការិនី ចំនួន ១០៣ នាក់ គ្រូបង្វឹក ៧៥ នាក់ និង​អនុរក្ស​ចំនួន ៣៣ នាក់ ។ ពួកគេ​ត្រូវ​ស្នាក់នៅ ហូបចុក​រួមគ្នា ស្នាក់នៅ​រួមគ្នា រយៈពេល ៩ ខែ​គឺ​ត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​កីឡា​ថ្នាល​ទាំងអស់ ត្រូវ​ស្នាក់នៅ ហូបចុក ហ្វឹកហាត់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ទើប​អាច​ត្រឡប់ទៅផ្ទះ​បាន តែ​ត្រូវ​ត្រឡប់​មកកាន់​ជ​ម្រំ ហ្វឹកហាត់​វិញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ។ កីឡា​ថ្នាល ស្នាក់នៅ ហូបចុក នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ព្រោះ​ពួកគេ​ជា​កីឡាករ​ថ្នាល ដែល​ត្រៀមខ្លួន សម្រាប់​ឆ្នាំ​២០២៣ ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួង​អប់រំ យុវជន និង កីឡា បាន​កត់សម្គាល់ថា សម្រាប់​កីឡាករ​ជម្រើសជាតិ បើ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ ហូបចុក​តាម​ផ្ទះ​នោះ គុណ​ផល​របស់​ពួកគេ ធ្លាក់ចុះ ព្រោះ​ការហូបចុក​របស់​ពួកគេ ចូលចិត្ត​តែ​អ្វី ដែល​ឆ្ងាញ់ ដោយ​មិន​គិតពី​កាឡូរី ។ ការហូបចុក​អាហារ ដែលមាន​កាឡូរី គ្រប់គ្រាន់​នោះ គេ​នឹងមាន​កម្លាំង ហ្វឹកហាត់​បានល្អ មិន​ដូច​ការហូបចុក​អាហារ ដែល​មិនមាន​កាឡូរី គ្រប់គ្រាន់​នោះឡើយ ។​

​ចំពោះ​កីឡា​ថ្នាល​វិញ មិនអាច​ឆ្នាំនេះ មនុស្ស​ផ្សេង ហើយ​ឆ្នាំក្រោយ មនុស្ស​ផ្សេង​នោះទេ បើ​បែបនេះ គឺ​រដ្ឋ​ចំណាយលុយ ចោល​អត់​ប្រយោជន៍​ហើយ៕v

លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា