៣៥០​ក្រុមហ៊ុន​មកពី​ប្រទេស​ចំនួន​៩ ចូលរួម​ពិព័រណ៍​ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច​ប្រចាំឆ្នាំ​ធំ​បំផុត​នៅ​កម្ពុជា​

771
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ជាង​៣៥០ មកពី​៩​ប្រទេស នឹងចូលរួម​ក្នុង​ពិព័រណ៍​ម្ហូបអាហារ ភេ​ជ្ជៈ និង​បដិសណ្ឋារកិច្ច​ដ៏​ធំ​បំផុត​នៅ​កម្ពុជា (CAMFOOD’18 /CAMHOTEL’18) ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១៩​ដល់​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិព័រណ៍​លើក​ទី​៦​នេះ ជា​ព្រឹត្តិការណ៍​ដាក់តាំង​បង្ហាញ​ផលិតផល​ម្ហូបអាហារ ផលិតផល​ភេ​ជ្ជៈ និង​ផលិតផល​ផ្គត់ផ្គង់​វិស័យ​បដិសណ្ឋារកិច្ច​។​

​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា​(ACAC) រាជធានី​ភ្នំពេញ លោក អេ​ន​ឌ្រូ ស៊ែ​វ (Andrew Siow) ប្រធាន​ក្រុមហ៊ុន​AMB Tasus Events Group បានឱ្យដឹងថាៈ​ពិព័រណ៍​ពាណិជ្ជ​កម្មវិស័យ​ម្ហូបអាហារ​និង​បដិសណ្ឋារកិច្ច​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង​៣៥០​និង​ម៉ាក​ផលិតផល​ល្បីៗ​មកពី​៣០​ប្រទេស នៃ​តំបន់​អាស៊ី​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទៅកាន់​តម្រូវការ នៃ​ទីផ្សារ​វិស័យ​បដិសណ្ឋារកិច្ច​ក្នុងនោះ ពួកគេ​នឹងដាក់​បង្ហាញ​ផលិតផល​ថ្មីៗ​ដ៏​សម្បូរបែប​ដូចជា​ផលិតផល​ផ្នែក​ម្ហូបអាហារ ផលិតផល​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​សំភារៈ​ផ្គត់ផ្គង់​សេវាកម្ម​ម្ហូបអាហារ សំភារ​:​ផ្គត់ផ្គង់​សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​ចាំបាច់​ក្នុងការ​ប្រើប្រាស់​សំរាប់​វិស័យនេះ​ទាំងមូល​ផងដែរ​។​

​ព្រឹត្តិការណ៍​ពិព័រណ៍​រយ​:​ពេល​បី​ថ្ងៃនេះ នឹងមាន​វត្តមាន​ក្រុមហ៊ុន​មកពី​ប្រទេស​ចំនួន​៩​មានដូចជា​ប្រទេស​ចិន បារាំង អ៊ីតាលី កូរ៉េខាងត្បូង ម៉ាឡេស៊ី តៃវ៉ាន់ ថៃ ស​ង្ហិ​-​បុរី និង​សហរដ្ឋអាមេរិក​។​
​លោក អេ​ន​ឌ្រូ បាន​បញ្ជាក់ថា ពិព័រណ៍​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ អាច​ស្វែងរក​នូវ​គំ​និ​ថ្មីៗ​សម្រាប់​អាជីវកម្ម ប្រភព​នៃ​ការស្វែងរក​អ្នកផ្គត់ផ្គង់​ថ្មី ក៏ដូចជា​ផលិតផល​ថ្មីៗ និង​ដំណោះស្រាយ​ផ្សេងៗ​ព្រម​ជាមួយនឹង​ការស្វែងយល់​ពី​និន្នាការ​ចុងក្រោយ​នៅក្នុង​វិស័យនេះ​ផងដែរ​។​

​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ថ្លែងឱ្យដឹងថា ពិព័រណ៍​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​នឹង​ក្លាយជា​វេទិកា នៃ​ការប្រកួតប្រជែង​ផ្នែក​ម្ហូប ផ្នែក​បដិសណ្ឋារកិច្ច​ប្រចាំឆ្នាំ​២០១៨​ដែលជា​វេទិកា​ប្រកួតប្រជែង​ដោយមាន​ការចូលរួម​ពី​សំណាក់​ចុងភៅ​ជំនាញ​ជាច្រើន​នាក់​និង​បុគ្គលិក​ជំនាញ​ផ្នែក​ប​ដិ​ស​ណ្ឋ​រ​កិច្ច​នឹងធ្វើ​ការប្រកួតប្រជែង ដើម្បី​ទទួលបាន​ពានរង្វាន់​និង​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​របស់ខ្លួន ដែលមាន​វិញ្ញាសារ​ប្រកួតប្រជែង​ជាង​១០​វិញ្ញាសារ​។ វិញ្ញាសារ​ទាំងនោះ រួមមាន​ការប្រកួត​រៀ​ប​ចំ​គ្រែ​គេង​សម្រាប់​សណ្ឋាគារ ការប្រកួត​ភ្លក់​រសជាតិ​ស្រាក្រហម​(Sommlier)​ការប្រកួត​រៀបចំ​តុ​អាហារ ការប្រកួត​រៀបចំ​ផ្កា ការប្រកួត​ឆុង​កាហ្វេ និង​ការប្រកួត​ក្រឡុក​ស្រា ។​វិញ្ញាសារ​នៃ​ការប្រកួតប្រជែង​ទាំងនេះ មាន​គោលបំណង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ភាព​រីកចំរើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការអភិវឌ្ឍ​ន៍ នៃ​ការផ្តល់​សេវាកម្ម​ម្ហូបអាហារ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​បង្ហាញ​ជំនាញ​វិជ្ជាជីវ​:​របស់​អ្នកជំនាន់ក្រោយ ក្នុង​ឧស្សាហកម្ម​ផងដែ​។​

​លោកស្រី ហាក់ លី​ណា ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​មានប្រសាសន៍ថា នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ សមាគម​ភោជនីយដ្ឋាន​កម្ពុជា​រៀបចំ​ការប្រកួតប្រជែង​ថ្នាក់ជាតិ ក្នុងការ​ស្វែងរក​អ្នក​ដែលមាន​ទេពកោសល្យ​ក្នុងការ​បម្រើ​ផលិតផល និង​សេវាកម្ម​ក្នុង​ភោជនីយដ្ឋាន​។ ការប្រកួត​មាន​៣ គឺ​ការប្រកួត​ចាក់​ស្រា​ឬ​លាយ​ស្រា ការប្រកួត​ឆុង​កាហ្វេ​និង​ការប្រកួត​រៀបចំ​តុ​អាហារ ដែល​នឹងធ្វើ​ពីថ្ងៃ​១៩​ដល់​២១​ខែកញ្ញា ២០១៨​។​

​លោកស្រី​ប្រធាន​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បានឱ្យដឹងថា​ជ័យ​លា​ផី​លេខា​១​ទទួលបាន​ប្រាក់រង្វាន់​២០០​ដុល្លារ​អាមេរិក អមដោយ​វិញ្ញាបនបត្រ​១ ដែល​ទទួលស្គាល់​ពី​ក្រសួងទេសចរណ៍​។​ជ័យលាភី​លេខ​២ បាន​១០០​ដុល្លារ និង​លេច​៣ បាន​៥០​ដុល្លារ​។​

​លោក សុង តេង ប្រធាន​សហគមន៍​ចុងភៅ​កម្ពុជា បានឱ្យដឹងថា​សហគម​ន៍​ចុងភៅ​កម្ពុជា ក៏​នឹង​រៀបចំ​ការប្រកួត​ចម្អិនម្ហូប និង​ការធ្វើ​បង្អែម​និង​ឆ្លាក់​ផ្លែឈើ​ផងដែរ ដោយ​ជ័​៧​យ​លា​ភី​លេខ​១ នឹង​ទត​យលបាន​ប្រាក់រង្វាន់​៣០០​ដុល្លារ​អាមេរិក អមដោយ​វិញ្ញាបនបត្រ​១ លេខ​២ ចំនួន​២០០​ដុល្លារ និង​លេខ​៣ បាន​១០០​ដុល្លារ​។​

​សូមបញ្ជាក់ថា ពិព័រណ៍ CAMFOOD’18 /CAMHOTEL’18 រៀបចំ​ដោយ​ក្រុមហ៊ុន AMB និង​សហការ​ពី​សហព័ន្ធ​ទេសចរណ៍​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ភោជនីយដ្ឋាន​កម្ពុជា សហគមន៍​ចុងភៅ​កម្ពុជា​និង​សមាគម​អ្នកជំនាញ​ស្រាក្រហម​កម្ពុជា​៕