៣៦ ក្លិប ចូលរួម​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧

167
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុម​កីឡាករ – កីឡាការិនី មកពី ៣៦ សមាគម ក្លិប បាន​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន លើក​ទី​៧ ឆ្នាំ​២០១៩ ប្រព្រឹត្តឡើង ដើម្បី​រំលឹក​ដល់​គុណូបការៈ​របស់​សម្តេច ដែលជា​ស្ថាបនិក និង​អភិវឌ្ឍន៍​កីឡា​ប៊ូល និង​ប៉េតង់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

ការប្រកួត​កន្លងមក​

​លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​ពានរង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០១៩ នឹង​ចាប់ពី​ថ្ងៃទី ២០ ដល់ ២២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីលានកីឡា​ប៊ូល និង​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​ការចូលរួម​ពី ក្រុម​កីឡាករ​-​កីឡាការិនី ចំនួន ៣០៩ នាក់ មកពី ៣៦ ក្លិប និង​សមាគម ក្នុងនោះ កីឡាការិនី ៦០ នាក់ ។ ចំណែក​គ្រូបង្វឹក ២២ នាក់ និង​ប្រតិភូ ៣០ នាក់ សរុប​ទាំងអស់ ៣៦១ នាក់​។​

ការប្រកួត​កន្លងមក​

​លោក​បាន​បញ្ជាក់ថា ចំពោះ​វិញ្ញាសា​ប្រកួត រួមមាន វិញ្ញាសា​បុរស ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) ដោយ​មិន​កំណត់​អាយុ ។ វិញ្ញាសា​នារី ៣​នាក់ ទល់ ៣​នាក់ (​បម្រុង​១) ដោយ​មិន​កំណត់​អាយុ ។ វិញ្ញាសា​យុវនារី ២​នាក់ ទល់ ២​នាក់ (​អាយុ​ក្រោម ១៨​ឆ្នាំ​) និង​វិញ្ញាសា​យុវជន ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) អាយុ​ក្រោម ១៨​ឆ្នាំ​។​

​លោក​អគ្គលេខាធិការ បាន​បន្តថា វិញ្ញាសា​ពាន​វ័យចាស់ ៣​នាក់ ទល់ ៣​នាក់ (​បម្រុង ១) អាយុ ៥៥​ឆ្នាំ​ឡើង និង​វិញ្ញាសា ពាន​សមាគម ៣​នាក់ ទល់ ៣​នាក់ (​បុរស​) សម្រាប់​ក្រុម​ដែល​ពុំបាន​ជាប់​ចំណាត់ថ្នាក់ ពី​លេខ​១ ដល់​លេខ ៨ តែប៉ុណ្ណោះ​៕v