៣​នាក់​ស្លាប់ និង​រាប់សិប​នាក់​កប់​នៅក្នុង​អណ្តូងរ៉ែ​ឥណ្ឌូនេស៊ី​ដែល​បាក់​

448
ចែករម្លែក
  • 14
    Shares

​ពួក​មន្ត្រី​ឥណ្ឌូនេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​ថា អ្នក​ជួយ​សង្គ្រោះ​រាប់សិប​នាក់​កំពុង​ប្រើ​ប៉ែល​និង​ខ្សែ​ដើម្បី​ជីក​រក​មនុស្ស​ប្រមាណ​៦០​នាក់​ដែល​ត្រូវបាន​គេ​សង្ស័យ​​ថា​កប់​ក្នុង​អណ្តូងរ៉ែ​មាស​ខុសច្បាប់​មួយ​នៅលើ​កោះ ស៊ូ​ឡាវេ​ស៊ី ដែល​រហូត​ពេលនេះ​សាកសព​មនុស្ស​៣​នាក់​ត្រូវបាន​រកឃើញ​។​

​ពួក​អ្នក​ជួយសង្គ្រោះ​អាច​ឮ​សម្លេង​របស់​ជនរងគ្រោះ​ដែល​ជាប់​នៅក្នុង​រូង​អណ្តូងរ៉ែ​នៅ​តំបន់​កូន​ភ្នំ​មួយ​នៅក្នុង​ខេត្ត​ស៊ូ​ឡាវេ​ស៊ី​ខាងជើង​។​

​អាប់​ឌុល មូ​អ៊ីន ប៉ា​ពូ​ទុង​ហ្កាន នៅ​ទីភ្នាក់ងារ​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​តាម​ទូរស័ព្ទ​ថា​« យើង​អាច​ដឹង​ថា​មនុស្ស​ជាច្រើន​នៅ​មាន​ជីវិត ដោយ​​សារ​ឮ​សម្លេង​របស់​ពួកគេ​។​នៅ​មាន​កន្លែង​ខ្លះ​ដែល​ខ្យល់​អាច​ចូលដល់​»​។​

​យ៉ាងហោច​ណាស់​សាកសព​មនុស្ស​៣​នាក់​ត្រូវបាន​រកឃើញ និង​១៥​នាក់​ត្រូវបាន​ជួយសង្គ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ក្រោយ​អណ្តូងរ៉ែ​បាក់​កាលពី​ល្ងាច​។​

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បាន​ហាម​ការយក​រ៉ែ​មាស​ខ្នាត​តូច​ដូច្នេះ តែ​អាជ្ញាធរ​តំបន់​ច្រើនតែ​មិន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​នៅ​តំបន់​ជនបទ​ឆ្ងាយៗ ដែល​បណ្តាលអោយមាន​​គ្រោះថ្នាក់​ជារឿយៗ​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បាន​និយាយថា​មនុស្ស​រាប់​សិប​នាក់​បាន​កំពុង​ជីក​រ៉ែ​មាស​នៅពេល​ធ្នឹម​ទ្រ​ដី​ខាងលើ​បាក់​ភ្លាមៗ​។​ការងារ​ជួយ​សង្គ្រោះ​ត្រូវបាន​ធ្វើ​ទាំង​​យប់​ដោយ​ប្រើ​ប៉ែល​និង​ដៃ ដោយ​មិន​ហ៊ាន​ប្រើ​គ្រឿងចក្រ​ធំៗ​ទេ​ដោយសារ​ស្ថានភាព​ដី​ទន់​ងាយ​នឹង​បាក់​សង្កត់​បន្ថែម​៕​ដោយ​៖​វាសនា​

អ្នក​ជួយ​សង្គ្រោះ​សែង​ជនរងគ្រោះ​ចេញពី​អណ្តូងរ៉ែ​ដែល​ពោរពេញ​ដោយ​ភក់​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​