៣​ប្រទេស​, មី​យ៉ាន់​ម៉ា ថៃ និងកម្ពុជា ដុត​បំផ្លាញចោល​គ្រឿងញៀន​ចាប់បាន តម្លៃ​១​ពាន់​លាន​ដុល្លារ​

1033
ចែករម្លែក

​​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង កម្ពុជា បាន​ដុត​បំផ្លាញចោល​គ្រឿងញៀន​ម៉ា​កូ​ទិច​ដែល​ចាប់បាន តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែមិថុនា ដែលជា​ការបង្ហាញ​ការ​ខំប្រឹងប្រែង​របស់​សមត្ថកិច្ច​ក្នុងការ​កម្ចាត់​ការហូរចូល​គ្រឿង​ដែល​កើនឡើង​នៅក្នុង​តំបន់​។​

​​ដើម្បី​ប្រារព្ធ​ថ្ងៃ​ប្រឆាំង​គ្រឿងញៀន​នៅលើ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​នោះ ការដុត​បំផ្លាញ​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មួយឆ្នាំ​ទៀត​នៃ​ការ​ចាប់បាន​គ្រឿងញៀន​ម៉ា​កូ​ទិច​ដ៏​ច្រើន​បំផុត ដែល​មិន​ធ្លាប់មាន​ពី​តំបន់​ព្រំដែន​ដីគោក​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ ចិន (​នៅ​ភាគខាងត្បូង​) និង ថៃ (​នៅ​ភាគ​ខាងជើង​)​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​នៅតែ​ស្ថិតនៅ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែល​ផលិត​គ្រឿងញៀន​ដ៏​ច្រើន​នៅលើ​ពិភពលោកដោយសារ​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍ នៅក្នុង​តំបន់ ជាទី​ដែល​កងទ័ព​និង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច បាន​កាន់កាប់​និង​ធ្វើការ​ជួញដូរ​គ្រឿងញៀន​ដែល​ទទួលបាន​លុយ​ដ៏​ច្រើន​នេះ ហើយ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន ឬ​ថ្នាំ​យ៉ា​បា និង ប្រភេទ​ថ្នាំញៀន​ផ្សេងៗ​ទៀត ត្រូវបាន​ជួញដូរ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។​

​​នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា គ្រឿងញៀន​ដែលមាន​តម្លៃ​ប្រមាណ​ជា​៣៨៥​លាន​ដុល្លារ​ត្រូវបាន​ដុតចោល នៅ​ថ្ងៃ​ចន្ទ​ទី​២៦​ខែមិថុនា ហើយ​គ្រឿងញៀន​ដែលមាន​តម្លៃ​ជិត​២៣០​លាន​ដុល្លារ​ក៏ត្រូវ​បាន​ដុត​បំផ្លាញចោល​ផងដែរ​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន នៅ​ប្រទេស​នេះ​។​

​​នៅ​ប្រទេស​ថៃ នៅក្រៅ​ទីក្រុង​បាងកក ក្រុម​អាជ្ញាធរ​ថៃ បាន​ដុតបំផ្លាញ​គ្រឿងញៀន​ដែលមាន​តម្លៃ​ប្រហែល​៥៨៩​លាន​ដុល្លារ ដោយ​រួមទាំង​ថ្នាំញៀន​គ្រាប់​យ៉ា​បា​ទម្ងន់​៧.៨០០​គីឡូក្រាម និង​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ទម្ងន់​១.១៨៥​គីឡូក្រាម ។

​​នៅ​ប្រទេស​កម្ពុជា ក្រុមមន្ត្រី​បាន​ដុតបំផ្លាញ​គ្រឿងញៀន​ទម្ងន់​ចំនួន​១៣០​គីឡូក្រាម ដែលមាន​តម្លៃ​ប្រមាណ​ជាង​៤​លាន​ដុល្លារ​៕ ដោយ ៖សុខា

ប៉ូលិស​មី​យ៉ាន់​ម៉ា ដើរ​ជិត​កន្លែង​ដុតចោល​គ្រឿងញៀន​ដែល​ចាប់បាន
គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន ឬ​ថ្នាំ​យ៉ា​បា និង ប្រភេទ​ថ្នាំញៀន​ផ្សេងៗ​ទៀត ត្រូវបាន​ជួញដូរ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍