៤០​ស្លាប់ ជាង​១០០​របួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​កណ្តាល​ពិធី​មង្គលការ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

228
ចែករម្លែក

​ការផ្ទុះ​នៅ​សាល​រៀបការ​មួយ​ក្នុង​ទីក្រុង​កា​ប៊ុល របស់​អា​ហ្វ​ហ្គានី​ស្ថាន កាលពី​យប់​ថ្ងៃ​សៅរ៍ បណ្តាលអោយ​ស្លាប់​និង​របួស​មនុស្ស​ជាច្រើន​។​

​យោង​តាម​សារព័ត៌មាន​Tolo News​យ៉ាងហោច​ណាស់​មនុស្ស​៤០​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​ទៀត​រងរបួស​ពី​ការផ្ទុះ​នៅក្នុង​សាល​រៀបការ​នេះ តែ​ទីភ្នាក់ងារសារព័ត៌មាន​​បារាំង​បាន​ស្រង់​ប្រភព​មន្ទីរពេទ្យ​បាន​និយាយថា មនុស្ស​២០​នាក់​រងរបួស​ពី​ការផ្ទុះ​នេះ​។​

​ការផ្ទុះ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​បាន​ផ្ទុះ​នៅ​ជាយ​ខាងលិច​នៃ​ក្រុង​កា​ប៊ុល​កាល​ពី​មួយ​សប្តាហ៍​មុន​បណ្តាលអោយ​ស្លាប់​មនុស្ស​១៤​នាក់​និង​​របួស​១៤៥​នាក់​។​

​ការវាយប្រហារ​ចុងក្រោយ​នេះ​កើត​ឡើង​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការបញ្ចប់​បុណ្យ​Eid al-Adha​របស់​សាសនិកជន​អ៊ីស្លាម ដែល​អ្នកស្រុក​ទៅ​ជួបជុំ​គ្រួសារ​និង​មិត្ត​ភ័ក្តិ ហើយ​នៅ​​មុន​ប្រទេស​នេះ​ប្រារព្វ​ខួប​ទី​១០០​នៃ​ទិវា​ឯករាជ្យ​ជាតិ​នា​ថ្ងៃ​ចន្ទ​។​

​វា​ក៏​បាន​កើតឡើង​នៅពេល​កិច្ចពិភាក្សា​សន្តិភាព​ជុំ​ទី​៨​រវាង​ក្រុម​បះបោរ​តា​លី​បង់​និង​អាម៉េរិក បាន​បញ្ចប់​នៅ​សប្តាហ៍​នេះ ជាមួយនឹង​ការ​ទម្លុះទម្លាយ​ភាពទាល់ច្រក​ធំៗ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុម​តា​លី​បង់​កំពុង​ព្យាយាម​សំរេច​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​នឹង​រួម​មាន​ការដក​ទាហាន​ចេញេ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​ជា​​មួយ​នឹង​ការធានា​ថា ប្រទេស​នេះ​នឹង​មិន​ប្រើ​ជា​ជម្រក​របស់​ពួក​ភេរ​វករ​ឡើយ​៕ដោយ៖វាសនា

មាន​សេចក្តីរាយការណ៍​ផ្សេងៗ​គ្នា​អំពី​ការស្លាប់​និង​របួស​ពី​ការផ្ទុះ​

#