៤២ គីឡូម៉ែត្រ កម្ពុជា ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១

279
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អាណាចក្រ​ខ្មែរ លើក​ទី​៦ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​តំបន់​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៤ សីហា កីឡាករ​កម្ពុជា Takizaki Kuniaki ដែលមាន​សញ្ជាតិ​ដើម​ជប៉ុន​នោះ ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ជា​លើកដំបូង ។​

​កីឡាករ Takizaki Kuniaki បាន​រត់​ក្នុង​ថិរវេលា ២​ម៉ោង ៤៣​នាទី និង​០៧​វិនាទី ។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាករ​ជប៉ុន ឈ្មោះ Yoneda Michiyo រត់​ក្នុង​ថិរវេលា​២​ម៉ោង ៥២​នាទី ៤៩​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាករ​ជនជាតិ​អាមេរិក Gruber Tim ។​

សកម្មភាព​រត់​ម៉ា​រ៉ា​តុង ចក្រភព​អង្គរ​លើក​ទី​៦ នៅ​ខេត្តសៀមរាប​

​ចំពោះ​រត់​ម៉ា​រ៉ា​តុង​នារី​វិញ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី​ចិន SHN Homg Xia រត់​ក្នុង​ថិរវេលា ៣​ម៉ោង ៣៣​នាទី ៥០​វិនាទី ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​កីឡាការិនី​ជប៉ុន Yamamoto Mary រត់​ក្នុង​ថិរវេលា ៣​ម៉ោង ៣៩​នាទី ០២​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាការិនី​ជប៉ុន​ដែរ ឈ្មោះ Yamamoto Eri រត់​ក្នុង​ថិរវេលា ៣​ម៉ោង ៣៩​នាទី ២០​វិនាទី​។​

​ចំពោះ​វិញ្ញាសា​រត់ ២១ គីឡូម៉ែត្រ​វិញ​នោះ សម្រាប់​បុរស ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​ជប៉ុន Yamauchi រត់​ក្នុង​ថិរវេលា ១​ម៉ោង ១៦​នាទី ៤២​វិនាទី លេខ​២ បាន​ទៅ​កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ រត់​ក្នុង​ថិរវេលា ១​ម៉ោង ១៨​នាទី ០៦
​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាករ​អង់គ្លេស David George រត់​ក្នុង​ថិរវេលា ១​ម៉ោង ២៦​នាទី ៤៥​វិនាទី​។​

សកម្មភាព​រត់​ម៉ា​រ៉ា​តុង ចក្រភព​អង្គរ​លើក​ទី​៦ នៅ​ខេត្តសៀមរាប​

​រត់ ២១ គីឡូម៉ែត្រ​នារី វិញ​នោះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាការិនី Konishi Yuko ប្រើ​ថិរវេលា ១​ម៉ោង ៣២​នាទី ៤៦​វិនាទី លេខ​២ កីឡាការិនី​ជប៉ុន Sasaki Natsuke ១​ម៉ោង ៤១​នាទី ១២​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាការិនី​ជប៉ុន​ដែរ ឈ្មោះ Mashita Mieko ប្រើ​ថិរវេលា ១​ម៉ោង ៤៥​នាទី ៧៧​វិនាទី ។​

​រត់ ១០​គីឡូម៉ែត្រ​បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ​កម្ពុជា ឡៃ តេ​រ៉ង់ ប្រើ​ថិរវេលា ២៥​នាទី ២១​វិនាទី លេខ​២ កីឡាករ​កម្ពុជា វ៉ាន់ ភា​រ៉ា ៣៥​នាទី ៥៨​វិនាទី និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាករ​អាមេរិក Vishnevky Mark ៣៦ នាទី​០១​វិនាទី​។​

សកម្មភាព​រត់​ម៉ា​រ៉ា​តុង ចក្រភព​អង្គរ​លើក​ទី​៦ នៅ​ខេត្តសៀមរាប​

​រត់ ១០ គីឡូម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី​អាមេរិក Gernin Michlli រត់​ក្នុង​ថិរវេលា ៤៨​នាទី​០៩​វិនាទី ចំណាត់ថ្នាក់​លេខ​២ កីឡាការិនី​ជប៉ុន Konishi Masako រត់​ក្នុង​ថិរវេលា ៥១​នាទី ១២​វិនាទី​៣៥ និង​ចំណាត់ថ្នាក់​លេខ​៣ កីឡាការិនី មកពី​ចក្រភព​អង់គ្លេស Vogel Sophia ដែល​រត់​ក្នុង​ថិរវេលា ៥២​នាទី ៤៦​វិនាទី​៤៦​។​

​ឆ្នាំនេះ មាន​អ្នកចូលរួម​រត់​ចំនួន​ជាង ៣.៧០០ នាក់ ដែលមាន​ជនបរទេស ចំនួន ១.៧៥៨ នាក់ មកពី ៥០ ប្រទេស និង​កម្ពុជា​ចំនួន ១.៩១៦ នាក់ កើន​ចំនួន ១៥ ភាគរយ ។​

សកម្មភាព​រត់​ម៉ា​រ៉ា​តុង ចក្រភព​អង្គរ​លើក​ទី​៦ នៅ​ខេត្តសៀមរាប​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា គោលបំណង នៃ​ការបង្កើត​ព្រឹត្តិការណ៍​នេះ ផ្ដោត​សំខាន់​លើ ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុង​រដូវភ្លៀង ដែលមាន​ការធ្លាក់ចុះ និង​ផ្សារភ្ជាប់​នូវ​សកម្មភាព​មនុស្សធម៌ ក្នុងការ​ស្វែងរក​ថវិកា ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​កិច្ចការ​សង្គម ជាច្រើន​ទៀត ។ ព្រឹត្តិការណ៍​រត់​នេះ ធ្វើឡើង ក្រោម​ពាក្យ​ស្លោ​ក‍ ” យើង​នាំគ្នា​រត់ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ” ។​

​លោក ថោង ខុន បាន​ថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន​ថា អ្វីដែល​ត្រូវ​សប្បាយចិត្ត​នោះ គឺ​កីឡាករ​បរទេស កើនឡើង ១៥ ភាគរយ និង​មកពី ៥០ ប្រទេស ព្រមទាំង​មានការ​ចូលរួម​ច្រើន ពី​ប្រជាជន​កម្ពុជា​។ មិនតែប៉ុណ្ណោះ កម្ពុជា កាន់តែ​មានបទពិសោធន៍ ក្នុងការ​រៀបចំ និង​ការផ្ដល់​ចំណាត់ថ្នាក់ ដោយ​យុត្តិធម៌ ៕v