៤២ សមាគម ក្លិប ចូលរួម​ការប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង​

238
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​កីឡា​ប៉េតង់ ដណ្ដើម​ពានរង្វាន់ សម្ដេច​ក្រឡាហោម ស ខេង បានចាប់ផ្ដើម​ហើយ នៅ​ថ្ងៃទី​២១ តុលា នេះ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់ “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង​” លើក​ទី​១៩ នា​ឆ្នាំនេះ មាន​ប្រតិភូ​កីឡាករ -​កីឡាការិនី គ្រូបង្វឹក ចំនួន ៣៩៥ នាក់ មកពី​សមាគម ក្លិប ចំនួន ៤២ (​ទូទាំង​រាជធានី​/​ខេត្ត​) ដោយ​ចែកជា ៦ វិញ្ញាសា ដោយ​ប្រកួត​តាម​រូបមន្ត​វិលជុំ​។​

ទិដ្ឋភាព​ប្រកួត​ បើកការប្រកួត

​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹង ក្នុង​ពិធី​បើក​ការប្រកួត​ថា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានកកើតឡើង ចាប់តាំងពី​ឆ្នាំ ១៩៩២ ក្រោម​ការផ្តួចផ្តើម​ពី សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន និង​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ដែល​មិនអាច​កាត់ថ្លៃ​បាន​។​

​លោក​បាន​អះអាងថា ជា​លទ្ធផល កីឡា​ប្រភេទ​នេះ បាន​ក្លាយជា​កីឡា ដែលមាន​សក្តានុពល​ខ្ពស់ ក្នុងការ​ដណ្តើមយក នូវ​មេដាយ​កម្រិត​តំបន់ និង​ពិភពលោក ជា​បន្តបន្ទាប់ ដែល​នេះ​ជា​មោទនៈភាព របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៧ យើង​ទទួលបាន​មេដាយ​កម្រិត​តំបន់ សរុប ២៦៨ មេដាយ (​មាស ៧២ ប្រាក់ ៩៣ និង​សំរឹទ្ធ ១០៣) និង​កម្រិត​ពិភពលោក សរុប ៩ មេដាយ (​មាស ៥ ប្រាក់ ១ និង​សំរិទ្ធ ៣)​។​

ទិដ្ឋភាព​ប្រកួត​

​លោក ស សុខា បានឱ្យដឹងថា ថ្មីៗ​នេះ កីឡាការិនី​ប៉េតង់​កម្ពុជា ទើបតែ​ទទួលបាន​ជ័យលាភី​លេខ​១ TropheeI’Equipe សម្រាប់​វិញ្ញាសា ១​នាក់​ទល់​១​នាក់ និង​ពាន​កីឡាការិនី​ឆ្នើម ក្នុងចំណោម​បណ្តា​ប្រទេស ជើង​ខ្លាំងៗ​ជុំវិញ​ពិភពលោក នៅ​ខែតុលា ឆ្នាំ​២០១៩ ថ្មីៗ​នេះ សូម​រំលឹកថា នៅ​ឆ្នាំ​២០១៨ កីឡាការិនី​ដដែល​នេះ ក៏​ទទួលបាន​ជ័យលាភី​លេខ​១ ផងដែរ មានន័យថា នៅ​រក្សា​ដំណែង​ជ័យលាភី​នេះ បាន​ដដែល ដូចដែល​កីឡាការិនី កែ ឡេង បាន​រក្សា​ដំណែង មេដាយមាស​កម្រិត​ពិភពលោក បី​លើក​ជាប់​គ្នា ដែលជា​ហេតុ​ធ្វើអោយ​ពិភពលោក មានការ​ចាប់អារម្មណ៍ មកលើ​ការរីកចម្រើន នៃ​កីឡា​ប៉េតង់​កម្ពុជា​យើង​៕v