៤​ខែ ដើមឆ្នាំ​នេះ​ចំណូល​ពី​រមណីយដ្ឋាន​ប្រាសាទ​អង្គរ​បាន​ជាង ៤៨ លាន​ដុល្លារ​

1638
ចែករម្លែក
  • 39
    Shares

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ គ្រឹះស្ថាន​អង្គរ​បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១​ខែឧសភា​ម្សិលមិញ​ថា ក្នុង​ខែមេសា ឆ្នាំនេះ​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១៩២.៤១២ នាក់ គឺ​កើនឡើង ៦,១៨​ភាគរយ​បើ​ប្រៀបធៀប​នឹង​ខែមេសា​ឆ្នាំ​២០១៧​។ ក្នុងនោះ ចំណូល​ពី​ការលក់​ប័ណ្ណ​នេះ មាន​ចំនួន ៨.៥៩៨.៥០៩ ដុល្លារ កើន ២,៤០ ភាគរយ​បើ ប្រៀបធៀប​នឹង​ខែមេសា ឆ្នាំ​២០១៧​។​ដោយឡែក​៤​ខែ ដើមឆ្នាំ​នេះ ចំណូល​ពី​រមណីយដ្ឋាន​ប្រាសាទ​អង្គរ ទទួលបាន​ជាង ៤៨ លាន​ដុល្លារ​។​

រមណីយដ្ឋានអង្គរមេដែកស្រូបភ្ញៀវជាតិនិងអន្តរជាតិ(រូបថតអាជ្ញាធរជាតិអប្សរា)

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បង្ហាញថា​នៅ​ខែមេសា​ឆ្នាំ​២០១៨​រាជរដ្ឋាភិបាល​បាន​ដក​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដើម្បី​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ខែមេសា ឆ្នាំ​២០១៨ ចំនួន ៣៨៤.៨២៤ ដុល្លារ​។​

​សេចក្តីប្រកាស​របស់​គ្រឹះស្ថាន​អង្គរ​រំលឹកថា​ឆ្នាំនេះ​រយៈពេល​៤​ខែ​ចាប់ពី​ខែមករា​ដល់​ខែមេសា​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​សរុប​១.០៥០.៩៩២​នាក់​កើន​១១,១៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៧ និង​ទទួលបាន​ចំណូល​សរុប ៤៨.២៥៥.៣១៩ ដុល្លារ កើន ២២,៩៤​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧​។ រីឯ​ចំណូល​ត្រូវបាន​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល ៤ ខែ ពី​ខែមករា ដល់​ខែមេសា ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​សរុប ២.១០១.៩៨៤ ដុល្លារ​។​

​សូមបញ្ជាក់ថា នៅក្នុង​ខែមករា ឆ្នាំ​២០១៨ គ្រឹះស្ថាន​អង្គរ បានប្រកាសថា មាន​ភ្ញៀវទេសចរ​បរទេស ចំនួន ២៩៤.៨១៣ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ និង​ទទួលបាន​ចំណូល​សរុប ១៣.៤៧៩.៦៨៦​ដុល្លារ​។​ខែកុម្ភៈ​មាន​អ្នកទេសចរ​បរទេស​ស​រុ​ប​ចំនួន​២៩៥.៣៨៩​នាក់​ដោយ​ទទួលបាន​ចំណូល ១៤.០០៩.០៦៨ ដុល្លារ​។ ខែមីនា មាន​ទេសចរ​បរទេស សរុប​ចំនួន ២៦៨.៣៧៨ នាក់ បាន​ទិញ​ប័ណ្ណ ដោយ​ទទួលបាន​ចំណូល​សរុប ១២.១៦៨.០៥៦ ដុល្លារ​។​

សូម​រម្លឹកថា​រាជរដ្ឋាភិបាល​តាមរយៈ​គ្រឹះស្ថាន​អង្គរ​ដែលជា​ក្រុមហ៊ុន​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បានប្រកាសថា នៅ​ឆ្នាំ​២០១៧​ទេសចរ​បរទេស ចំនួន ២.៤៥៧.០២៣ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដែល​កើនឡើង ១១,៨២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧ ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបាន​សរុប​ចំនួន ១០៧.៩៧៦.៤៣៩ ដុល្លារ គឺ​កើនឡើង ៧២,៥៤ ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។


​ ​រាជរដ្ឋាភិបាល​កម្ពុជាបាន​កែប្រែ​តម្លៃ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចែកជា ៣​ប្រភេទ​៖ ១- ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មានតម្លៃ ៣៧​ដុល្លារ។ ២-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា ៣​ថ្ងៃ មានតម្លៃ ៦២​ដុល្លារ និង​មាន​សុពលភាព ១០​ថ្ងៃ និង​៣-​ប្រភេទ​បណ្ណ ចូល​ទស្សនា ៧​ថ្ងៃ មាន​តម្លៃ ៧២​ដុល្លារ និង​មាន​សុពលភាព ០១​ខែ​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ដក ២ ដុល្លារ ក្នុង​ប័ណ្ណ​មួយ សម្រាប់​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧៕MN