៤​នាក់​ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការធ្លាក់​យន្តហោះ​MH17 តែ​រុស្ស៊ី​រិះគន់​ការចោទប្រកាន់ថា​គ្មាន​មូលដ្ឋាន​

803
ចែករម្លែក

​ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា បាន​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៣​នាក់​និង​អ៊ុយ​ក្រែន​ម្នាក់ ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ដោយសារ​តែ​ការបាញ់​ទម្លាក់​​យន្តហោះ​មួយ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជើងហោះហើរ​MH17 ដែល​បាន​សម្លាប់​មនុស្ស​២៩៨​នាក់​នៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​កាលពី​៥​ឆ្នាំមុន​។​

​សវនាការ​លើ​បុរស​ទាំង​៤​នាក់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​យោធា​និង​ចារកម្ម​នឹង​ចាប់ផ្តើម​នៅក្នុង​ប្រទេស​ហូ​ឡង់​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ តែ​ទោះជា​យ៉ាង​ណា​វា​ទំនងជា​នឹង​ជា​​ការកាត់ក្តី​ដោយ​កំបាំងមុខ ដោយសារ​តែ​ទាំង​ជន​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ដែល​រង​ការចោទប្រកាន់​មិន​ត្រូវបាន​ធ្វើ​បត្យាប័ន​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ បាន​រិះគន់​ថា​វា​ជា​«​ការចោទប្រកាន់​ថា​គ្មាន​មូលដ្ឋាន​ទាំង​ស្រុង​»​អំពី​ការបាញ់​ទម្លាក់​យន្តហោះ ដែល​បាន​កំពុង​ធ្វើ​ដំណោះរ​រវាង​ក្រុង​អាំ​ស្ទែរ​ដាំ​និង គូ​ឡា​​ឡាំ​ពួរ នៅពេល​វា​ត្រូវ​គ្រាប់​មី​ស៊ី​ល​មួយ​នៅ​ពី​លើ​ផ្នែក​នៃ​ប្រទេស​អ៊ុយ​ក្រែន​ដែល​ពួក​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​កាន់កាប់​។​

​ក្រុម​ស៊ើបអង្កេត​ហូឡង់​បាន​និយាយថា ដីកាចាប់ខ្លួន​ជា​អន្តរជាតិ​ត្រូវបាន​ចេញ​សំរាប់​ជនជាតិ​រុស្ស៊ី Igor Girkin, Sergei Dubinsky និង​Oleg Pulatov​ហើយ​នឹង​ជនជាតិ​អ៊ុយ​​ក្រែន​Leonid Kharchenko ដែល​សុទ្ធតែ​មាន​តួនាទី​នៅក្នុង​សាធារណរដ្ឋ​បំបែក​ទឹកដី ដូណិត​សក៍​។​

ក្រុម​ស៊ើបអង្កេត​អន្តរជាតិ បាន​កំណត់​ឈ្មោះ​ជនសង្ស័យ​៤​នាក់​សំរាប់​សវនាកា​នៅ​ឆ្នាំក្រោយ​

​រដ្ឋអាជ្ញា​ហូ​ឡង់​លោក Fred Westerbeke​បាន​និយាយថា​ជន​ទាំង​៤​ទទួលខុសត្រូវ​ក្នុង​ការនាំ​កាំ​ជ្រួច​BUK ពី​រុស្ស៊ី​ចូល​អ៊ុយ​ក្រែន​ខាងកើត «​ទោះ​ជា​ពួកគេ​មិន​បាន​ចុច​ប៊ូ​តុង​​បាញ់​វាក្តី​។​យើង​មិន​បាន​សុំ​ធ្វើ​បត្យាប័ន​ពួកគេ​ទេ ដោយសារ​តែ​ច្បាប់ រុស្ស៊ី​និង​អ៊ុយ​ក្រែន​ហាម​មិន​អោយ​ចាប់បញ្ជូ​ន​ពលរដ្ឋ​របស់​គេ​ទៅ​ប្រទេសក្រៅ​។​តែ​យើង​បាន​ស្នើសុំ​អោយ​​រុស្ស៊ី​សហការ តែ​មិន​បាន​ទទួល​ចម្លើយ​»​។​

​ក្រុម​ស៊ើបអង្កេត​នេះ​បាន​និយាយ​នៅ​ខែ​មីនា​ឆ្នាំ​២០១៨​ថា កាំជ្រួច​ប្រឆាំង​យន្តហោះ​BUK​ដែល​ហោះ​បុក​យន្តហោះ Boeing 777 មាន​ប្រភព​នៅ​កង​យោធា​រុស្ស៊ី​ទី​៥៣ តាំងនៅ​​ទីក្រុង​ឃឺ​សក៍​។​

​រុស្ស៊ី​បាន​បដិសេធថា​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​ការធ្លាក់​យន្តហោះ​នេះ​ទេ និង​បាន​តវ៉ា​ថា​ខ្លួន​ត្រូវបាន​ផាត់​ចេញ​ពី​ក្រុម​ស៊ើបអង្កេត និង​នៅ​តែ​ថា​កាំជ្រួច​ដែល​ត្រូវ​ចំ​យន្តហោះ​នោះ​​ត្រូវ​បាន​បាញ់​ដោយ​កងកម្លាំង​អ៊ុ​យក្រែន ព្រោះ​កាំជ្រួច​ប្រភេទ​នេះ​ត្រូវបាន​បញ្ជូន​ទៅ​អោយ​រដ្ឋាភិបាល​ក្រុង​គៀវ​តាំងពី​សម័យ​សូ​វៀត​។

​សូមបញ្ជាក់​ថា សមាសភាព​ល​ក្នុង​ក្រុម​ស៊ើបអង្កេត​នេះ​រួមមាន អូស្ត្រាលី បែ​ល​ហ្សិ​ច ម៉ាឡេស៊ី ហូឡង់​និង​អ៊ុ​យក្រែន តំណាង​អោយ​ប្រទេស​ដែល​មាន​ជនរងគ្រោះ​ច្រើន​ជាង​គេ​នៅ​​ក្នុង​យន្តហោះ​ដែល​ជួប​គ្រោះថ្នាក់​៕​ដោយ​៖​វាសនា​