ប៉ូលិសបាននិយាយថាមនុស្ស៤ នាក់ត្រូវបានបាញ់សម្លាប់និង៦ នាក់ផ្សេងទៀតរងរបួសខណៈពេលដែលមនុស្សជាច្រើនបានកំពុងមើលការប្រកួតបាល់ឱបនៅមណ្ឌលកីឡាមួយនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកា។
ប៉ូលិសត្រូវបានហៅឱ្យទៅកន្លែងកើតហេតុនោះបន្ទាប់ពីយ៉ាងហោចណាស់មនុស្សម្នាក់បានបាញ់ប្រហារទៅលើហ្វូងមនុស្សប្រហែល៣៥នាក់ដែលបានប្រមូលផ្តុំគ្នាមើលការប្រកួតបាល់នេះ ក្រៅទីក្រុង ហ្វ្រេស្នូ ក្នុងរដ្ឋនេះ។
លោក ម៉ៃឃើល រីត ប្រធានប៉ូលិសក្រុងនេះ បាននិយាយថា ” មនុស្សចំនួន៤នាក់បានស្លាប់ និង ៦នាក់បានរងរបួសប៉ុន្តែ មិនបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ “។
លោកបាននិយាយថា គេមិនដឹងថាមានអ្នកវាយប្រហារប៉ុន្មាននាក់ដែលបានជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនេះទេ ហើយថាមិនមានសញ្ញាដែលថាការបាញ់ប្រហារនេះ
ជាប់ទាក់ទងនឹងក្រុមជនពាលនោះទេ។
អ្នកនាំពាក្យប៉ូលិស បាននិយាយថា ក្រុមមន្ត្រីបានកំពុងពិនិត្យមើលកាមេរ៉ាសន្តិសុខនិងសួរនាំពួកអ្នកឃើញហេតុការណ៍ដើម្បីឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យ៕ដោយ៖សុខា/sn
ប៉ូលិសនិងក្រុមអ្នកសង្គ្រោះបានទៅដល់កន្លែងបាញ់ប្រហារនៅមណ្ឌលកីឡានៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកា