៤​នាក់ ប្រឡង​ជាប់ជាមន្ត្រី​បច្ចេកទេស កីឡាអត្តពលកម្ម អន្តរជាតិ​កម្រិត​ទី​២

125
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា
​ភ្នំពេញ​៖
សិក្ខាកាម ៤​នាក់ ក្នុងចំណោម ២៤ នាក់ បាន​ប្រឡង​ជាប់ វគ្គ​បណ្ដុះ បណ្ដាល មន្ត្រី​បច្ចេកទេស​កីឡា អត្តពលកម្ម​អន្តរជាតិ កម្រិត​ទី​១ និង​ឈាន​ជើង​ចូល​ អន្តរជាតិ កម្រិត​ទី​២ បន្ទាប់ពី​សិក្សា​រយៈពេល ៦ ថ្ងៃ គឺ​ពី​ថ្ងៃទី​២០ ដល់ ២៥ ខែមករា ឆ្នាំ​២០២០ ។ វគ្គ​នេះ បង្រៀន​ដោយ លោក​សាស្ត្រាចារ្យ មកពី​សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ គឺ​លោក Chinetamby Suppish មកពី IAAF ។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក អ៊ុក សិ​ទិ្ធ​ជាតិ អគ្គនាយក​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត និង​លោក​សាស្ត្រាចារ្យ មកពី​សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ (IAAF) គឺ​លោក Chinetamby Suppish បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល និង​ប្រគល់​សញ្ញាបត្រ ជូន​សិក្ខាកាម ជា​មន្ត្រីបច្ចេកទេស កីឡាអត្តពលកម្ម ដែល​បាន​ប្រឡង​ជាប់​។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​ខាងលើនេះ មាន​សិក្ខាកាម​ចំនួន ២៤ រូប ក្នុងនោះ​ចំនួន ៦ ទទួល​និទ្ទេស​មធ្យម និង ១៨ នាក់ ទទួល​និទ្ទេស​ល្អ ក្នុងចំណោម ១៨ នាក់ មាន​សិក្ខាកាម​តែ ៤ នាក់​ប៉ុណ្ណោះ អាច​បន្ត​វគ្គ​បណ្ដុះបណ្ដាល មន្ត្រីបច្ចេកទេស កីឡាអត្តពលកម្ម​អន្តរជាតិ កម្រិត​ទី​២​។​

​សិក្ខាកាម​ដែល​មកពី ១២ រាជធានី ខេត្ត ដែល​ក្នុងនោះ មាន​ស្រី ៧ នាក់ ។ វគ្គ​នេះ រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ព្រមទាំង​មានការ​គាំទ្រ ពី​សហព័ន្ធ​អត្តពលកម្ម​ស្ម័គ្រចិត្ត​អន្តរជាតិ ក្រោម​ការឧបត្ថម្ភ​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ទិដ្ឋភាព​បិទ​វគ្គ​

​លោក អ៊ុក សិ​ទិ្ធ​ជាតិ បាន​មានប្រសាសន៍ថា វគ្គ​នេះ បើក​ឡើង គឺ​ដើម្បី​ព​ង្រី​សមត្ថភាព ដល់​មន្ត្រី​បច្ចេកទេស កីឡាអត្តពលកម្ម​កម្ពុ​ជា ត្រៀម​ការប្រកួតជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ជាពិសេស ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី ៣២ ដែល​ប្រទេស​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​។​

​អត្តពលកម្ម គឺជា​ប្រភេទ​កីឡា​មូលដ្ឋាន​មួយ ដែល​គ្រប់​ប្រទេស​ទាំងអស់ បើ​ចង់​ចូលរួម​ប្រកួត ក្នុង​ប្រភេទ​កីឡា ណាមួយ​បាន​នោះ ទាល់​តែមាន​ប្រភេទ កីឡាអត្តពលកម្ម និង ហែល​ទឹក​បញ្ជូន ទៅ​ចូលរួម​ដែរ ៕v