៥០​នាក់​ចូលរួម​សិក្ខាសាលា​ប្រដាល់​

1016
ចែករម្លែក

ភ្នំពេញ​៖ ដោយមាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នោះ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បើក​សិក្ខាសាលា​មួយ នៅ​ថ្ងៃទី​២​សីហា ដោយមាន​ការចូលរួម​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ឲ្យ​ដឹងថា មាន​សិក្ខាកាម​ចូលរួម​ចំនួន​៥០​រូប មកពី​រាជធានី ខេត្ត​ទាំង​២៥ និង​ក្រសួង ២ គឺ​ក្រសួងការពារជាតិ និង​មហាផ្ទៃ​។​

​វគ្គ​នេះ ពិភាក្សា​លម្អិត​ទៅលើ​បទបញ្ជាផ្ទៃក្នុង​សម្រាប់​ការប្រកួត បទបញ្ជា​គ្រប់គ្រង​ការប្រកួត លក្ខន្តិកៈ និង​ស្វែងយល់​ពី​វេជ្ជសាស្ត្រ​កីឡា​។ វាគ្មិន​ដែល​ឧទ្ទេសនាម​ក្នុង​សិក្ខាសាលា​នេះ មាន​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ដែល​ធ្វើ​បទ​បង្ហាញ​ពី​រចនាសម្ព័ន្ធ នៃ​ប្រដាល់​សាកល និង​ប្រដាល់​គុន​ខ្មែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ និ​ន ភិរម្យ ធ្វើ​បទ​បង្ហាញ​ពី​ការរៀបចំ​សមាគម​ក្លិប លោក មាស សុខ​គ្រី ធ្វើ​បទ​បង្ហាញ​ពីបទ​បញ្ជា​បច្ចេកទេស​រៀ​ប​ចំការ​ប្រកួត និង​លោក​វេជ្ជបណ្ឌិត មាស វុ​ឍ្ឍី ធ្វើ​បទ​បង្ហាញ​ពី​សុខភាព និង​កីឡា​។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​ចាត់ទុកថា នេះ​ជា​ផ្នែក​មួយ នៃ​ការ​បំផុស និង​នាំគ្នា​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​រចនាសម្ព័ន្ធ​ប្រដាល់​គុន​ខ្មែរ និង​សាកល​កម្ពុជា​។ លោក​បន្តថា រដ្ឋ​បាន​ចំណាយ​ថវិកា​ច្រើនណាស់ ដើម្បី​វិនិយោគ​វិស័យ​កីឡា​។ ការកសាង​ធនធាន​កីឡា វា​មិនមែនជា​រឿង​សាមញ្ញ ដូច​ការ​សាង​ផ្ទះ​នោះទេ​។ មាន​លុយ​គេ​អាច​សង់ផ្ទះ​បាន​ភ្លាម តែមាន​លុយ​មិនទាន់​អាច​កសាង​ធនធានមនុស្ស​បាន​ភ្លាមៗ​នោះទេ ។ កីឡា​ទាមទារ​ឧបនិស្ស័យ ទាមទារ​ការលះបង់ ទាមទារ​ការហ្វឹកហាត់​។ អ្នក​ហ្វឹកហាត់​ល្អ កីឡា​ល្អ មាន​សមត្ថភាព គេ​រកបាន​មេដាយ​គេ​នឹង​បាន​រង្វាន់​ដែល​រង្វាន់​នោះ អាច​កែប្រែ​ជីវភាព​របស់គេ​បាន​ប្រសើរ​ជាង​មុន​។ ហេតុនេះ​បណ្ដា​ខេត្ត​នីមួយៗ បើ​ចង់​មាន​កីឡា​ខ្លាំង ត្រូវតែ​ហ៊ាន​វិនិយោគ​លើ​វិស័យ​កីឡា​នេះ​ឲ្យ​បានល្អ​។​

​សព្វថ្ងៃនេះ​នៅ​កម្ពុជា កីឡា​ដែល​កំពុង​ពេញនិយម​គែ​បាល់ទាត់ និង​ប្រដាល់​នេះឯង ហេតុនេះ​ខេត្ត​-​រាជធានី​ទាំងអស់ ត្រូវតែ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​នេះ​ឲ្យ​បាន​។ ការប្រកួត​កីឡា​ជាតិ ការប្រកួត​កីឡា​ស៊ី​ហ្គេម គឺ​សុទ្ធ​មាន​ប្រដាល់​៕ ដោយ​៖ រ៉ូ​ហ្សា​