៥០​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុងការ​តវ៉ា​ប្រឆាំង​របស់​ចលនា​អាវកាក់​ពណ៌​លឿង​នៅ​ប៉ារីស​(វីដេអូ)

3611
ចែករម្លែក

​មនុស្ស​ជាង​៥០​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ក្នុងអំឡុង​ការជួបជុំ​តវ៉ា​របស់​ពួក​អាវកាក់​ពណ៌​លឿង​នៅ​ក្រុងប៉ារីស​។​យោងតាម​ទូរទស្សន៍ BFM TV ប៉ូលិស​​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៥២​នាក់​។​

​ពួក​អ្នក​តវ៉ា​បាន​ជួបជុំ​នៅ​ទីលាន Place de la Republique​និង​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក ជាហេតុ​នាំអោយ​មានការ​ប៉ះទង្គិច​ជាមួយ​សកម្មជន​

​មនុស្ស​ប្រមាណ​៦៩.០០០​នាក់​បាន​ចូលរួម​ការតវ៉ា​ទាមទារ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ទូទាំងប្រទេស រួមមាន​៤.០០០​នាក់​នៅ​ក្រុងប៉ារីស​។​មេដឹកនាំ​ចលនា​អាវកាក់​ពណ៌​​លឿង​លោក​ហ្សេ​រ៉ូម រ៉ូ​ឌ្រី​ហ្គេ​បាន​រងរបួស​ភ្នែក​នៅក្នុង​ការប៉ះទង្គិច​នៅ​ទីលាន Place de la Bastille ក្នុង​ក្រុងប៉ារីស​។​

​ថ្ងៃ​សៅរ៍​ម្សិលមិញ​ជាការ​ជួបជុំ​តវ៉ា​ដល់​ចុង​សប្តាហ៍​ទី​១១​នៅក្នុង​ជម្លោះ​មួយ នៅពេល​បារាំង​ប្រឈម​ការតវ៉ា​របស់​ពួក​អា​វក​កាក់​ពណ៌​លឿង ដែល​តែងតែ​អម​ទៅដោយ​​កុបកម្ម​និង​ការប៉ះទង្គិច​រវាង​បាតុករ​និង​ប៉ូលិស​។​

​ការតវ៉ា​ប្រឆាំង​នេះ​បានចាប់ផ្តើម​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំមុន ដោយ​ដំបូង​ប្រឆាំងនឹង​ផែនការ​ដំឡើង​ពន្ធ​ប្រេងម៉ាស៊ូត​របស់​រដ្ឋាភិបាល​បារាំង​តែ​ក្រោយពី​ជួប​ការ​​ប្រឆាំង​តវ៉ា​ទូទាំងប្រទេស រដ្ឋាភិបាល​បាន​លុបចោល​ផែនការ​ដំឡើង​ពន្ធ​ប្រេង​និង​ដាក់ចេញ​វិធានការ​មួយចំនួនទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​-​សង្គម តែ​ចលនា​អាវ​​កាក់​ពណ៌​លឿង​នេះ​បាន​ពង្រីក​ការទាមទារ​និង​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ហើយនឹង​កំណើន​នៃ​ថ្លៃ​រស់នៅ​៕