៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត​បុក​រថ​យន្ត​នៅមុខ​វត្ត​ក្នុង​ខេត្ត​ស្រះកែវ ក្នុងនោះ​មាន​ទេសចរ​ខ្មែរ​៤​នាក់​

233
ចែករម្លែក

​អ្នកដំណើរ​ជាច្រើ​នាក់​បានស្លាប់​និង​រងរបួស​នៅ​ពេល​រថ​យន្ត​ទេសចរណ៍​មួយ​បុក​រថយន្ត​វ៉ែន​ដឹក​អ្នកដំណើរ​ក្បាល​ទល់​ក្បាល​នៅ​មុខ​វត្ត​ណូន​ជិក ឃុំ​វឌ្ឍនា​ណា​ក់​ខន ស្រុក​​វឌ្ឍនា​ណា​ក់​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​ម៉ោង​ប្រមាណ​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩​។​

​បើ​តាម​ប៉ូលិស អ្នកបើកបរ​ក្នុង​រថយន្ត​ទេសចរណ៍​Toyota​ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ស្រះកែវ​បាន​បាត់បង់​ភាពម្ចាស់ការ​និង​បាន​វេរ​ចូល​ផ្លូវ​របស់​រថយន្ត​វ៉ែន​ដឹក​អ្នកដំណើរ​ពី​​ក្រុង​បាងកក​មក​កាន់​ផ្សារ​រោង​ក្លឿរ​ព្រំដែន​កម្ពុជា​និង​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​ ជាហេតុ​នាំ​ឲ្យ​មាន​ការបុក​ទង្គិច​ក្បាល​ទល់​ក្បាល​។​ជនរងគ្រោះ​ភាគច្រើន​ជា​ជន​​កម្ពុជា​ដែល​ទើប​ត្រឡប់​មកពី​ពិនិត្យ​សុខភាព​ព្យាបាល​ជំងឺនិងដើរលេង​នៅ​បាងកក​។​

​អ្នកបើករថយន្ត​ទេសចរណ៍​ជនជាតិ​ថៃ​បាន​រងរបួស និង​អ្នកបើករថយន្ត​វ៉ែន​ផ្លាក​លេខ​បាងកក ដែល​ក៏​ជា​ជនជាតិ​ថៃ​បាន​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​។​មនុស្ស​ប្រុស​២​នាក់​និង​ស្ត្រី​២​នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ជន​ទី​៥​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​មនុស្ស​៧​នាក់​ទៀត រួម​មាន​ក្មេង​២​នាក់ រងរបួស​។​តែ​វិទ្យុ​FM​ខាង​ចរាចរណ៍​បាន​រាយការណ៍​ថា​ មនុស្ស​៦​នាក់​ក្នុង​រថយន្ត​វ៉ែន​បាន​ស្លាប់​និង​៦​នាក់​រងរបួស​។​

​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ឆក់យក​ជីវិត​មនុស្ស​ច្រើន​បំផុត​ទី​២​នៅ​ស្រះ​កែវ​ក្នុង​រយៈពេល​១​ខែ​មកនេះ ដោយ​កាលពី​ថ្ងៃ​១៥​សីហា ប្រមាណ​១​ខែ​មុន​​​ មនុស្ស​១១​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​​ថ្នាក់​រថយន្ត​វ៉ែន​បុក​រថយន្ត​ធំ​កង់​១៨ តែ​ពេល​នោះ​ជនរងគ្រោះ​ទាំងអស់​លើកលែងតែ​អ្នកបើកបរ​ថៃ​ម្នាក់ សុទ្ធតែ​ជា​កម្មករ​ឡាវ​៕​ដោយ​៖​វាសនា​/Ha

បុគ្គលិក​ជួយសង្គ្រោះ​នៅ​កន្លែងកើតហេតុ​និង​ខ្មោច​រថយន្ត​វ៉ែន​ដឹក​អ្នកដំណើរ​និង​រថយន្ត​ទេសចរណ៍ នៅ​ស្រុក​វឌ្ឍនា​ណា​ក់​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ