៥​ប្រទេស​ដាច់​ភ្លើង​ព្រម​គ្នា សង្ស័យ​មានការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​

595
ចែករម្លែក

​អា​ហ្សង់​ទី​ន​បាន​និយាយថា ​ខ្លួន​មិន​បដិសេធ​លទ្ធភាព​នៃ​ការវាយប្រហារ​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិតណា​មួយ ក្រោយ​ពី​ប្រធានាធិបតី ម៉ូ​រី​ស្យូ ម៉ា​គ្រី បាន​ហៅ​វា​ថា​ជាការ​ដាច់​ចរន្ត​​អគ្គិសនី​៥​ប្រទេស​«​មិន​ដែល​ធ្លាប់​មាន​»​នៅ​អាម៉េរិក​ខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​។​

​លោក​ម៉ា​គ្រី បាន​និយាយថា អា​ហ្សង់​ទីន​កំពុង​ស៊ើបអង្កេត​ឧបទ្ទ​វហេតុ​នេះ ដែល​បាន​ចាប់ផ្តើម​ពី​កំហុស​ដែល​មិន​ទាន់​ត្រូវ​បាន​ពន្យល់​បកស្រាយ​មួយ​នៅក្នុង​បណ្តាញ​ចែកចាយ​​ចរន្ត​រហូតដល់​ការ​ដាច់​ភ្លើង​នៅ​ទូទាំង​ប្រទេស​អា​ហ្សង់​ទីន អ៊ុយ​រុយ​ហ្កាយ ប្រេ​ស៊ីល ឈី​លី​និង​ប៉ា​រ៉ា​ហ្កាយ​។​

​រដ្ឋមន្ត្រី​ថាមពល​អា​ហ្សង់​ទីន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ទោះ​ជា​ការ​វាយប្រហារ​តាម​អ៊ិនធែណិ​តមិន​ជា​គោលដៅ​សង្ស័យ​ចម្បង ក៏​វា​មិន​ត្រូវ​បាន​ច្រានចោល​ដែរ​។​

​លោក​កា​ឡូ​ស ប៉ែ​រី​អេរ៉ា ប្រធាន​ការី​ចែកចាយ​ចរន្តអគ្គិសនី​អា​ហ្សង់​ទី​ន​បាន​និយាយថា «​បញ្ហា​បច្ចេកទេស ឬ​សំណើមអាច​បង្ក​ការ​ដាច់​ភ្លើង​នេះ​។​ព្រឹក​នេះ កំហុស​នៅ​ប្រព័ន្ធ​ចែក​​ចាយ​មួយ​នៅ​តំបន់ឆ្នេរ បណ្តាលឲ្យ​ដាច់​ចរន្ត​មួយ​ប្រទេស តែ​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។​នេះ​ជា​ករណី​មិន​ដែល​ធ្លាប់​មាន​ដែល​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​​ទូទៅ​»​។​

​ការ​ត​បណ្តាញ​ចែកចាយ​ភ្លើង​ជាប់​គ្នា​នៅ​តំបន់​នេះ​បណ្តាលឲ្យ​ដាច់​ភ្លើង​ព្រមៗ​គ្នា​ផង​ដែរ​នៅ​ប្រទេសប្រេ​ស៊ីល ឈី​លី ប៉ា​រ៉ា​ហ្កាយ​និង​អ៊ុយ​រុយ​ហ្កា​យ​។​តែ​វា​ត្រូវ​បាន​ស្តារ​ឲ្យមាន​ឡើងវិញ​ជាង​ពាក់កណ្តាល​គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​៕​ដោយ​៖​វាសនា​/Ha

បង្ខំ​លក់ដូ​រទាំង​ងងឹត​បន្ទាប់​ពី​ដាច់​ចរន្តអគ្គិសនី​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​