៥​ស្លាប់ ច្រើន​នាក់​រងរបួស​និង​បាត់​ខ្លួន​ក្នុង​ការផ្ទុះ​ភ្នំភ្លើង​នៅ​នូវែ​លសេ​ឡង់​

235
ចែករម្លែក

​ភ្នំភ្លើង​នៅ​កោះ​មួយ​នៅ​ប្រទេស​នូវែល​សេឡ​ង់​ដែល​មាន​អ្នកទេ​សចរ​ច្រើន​ទៅ​លេង​កម្សាន្ត បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ខែ​ធ្នូ ដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​៥​នាក់ ហើយ​​មនុស្ស​មួយចំនួន​បាន​បាត់​ខ្លួន​និង​រងរបួស​បន្ទាប់ពី​ការផ្ទុះ​នេះ​។​

​នាយករដ្ឋមន្ត្រី លោកស្រី​ចា​ស៊ីន​ដា អា​ដឺ​ម បាន​និយាយថា អ្នកទេសចរ​ប្រហែល​១០០ នាក់​បាន​ស្ថិតនៅលើ​កោះ​ឬ​នៅ​ជិត​កោះ​វ៉ា​យ​(White) នោះ នៅពេល​ដែល​វា​បាន​ផ្ទុះឡើង​។​​មនុស្ស​មួយចំនួន​ក្នុងចំណោម​ពួកគេ​ទាំងនោះ​នៅ​ពេល​នេះ​គឺ​ទំនងជា​បាត់​ខ្លួន និង​មនុស្ស​មួយចំនួន បាន​រងរបួស ហើយ​ត្រូវបាន​នាំ​មក​កាន់​ឆ្នេរសមុទ្រ​។

​លោកស្រី​បាន​និយាយថា ឧបទ្ទវហេតុ​នេះ ទំនងជា​មាន​សភាព​ធ្ងន់ធ្ងរ​និង​មនុស្ស​ជាច្រើន​បាន​ទទួល​ផលប៉ះពាល់​។​

​ក្រុម​អ្នក​ឆ្លើយតប​ផ្នែក​សេវាកម្ម​ពេទ្យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ពួកគេ​ជឿជាក់​ថា​មាន​មនុស្ស ២០​នាក់​បាន​រង​របួស​និង​ត្រូវការ​ការព្យាបាល​។ ក្រុម​អ្នកឆ្លើយ​​តប​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ចំនួន​៧ គ្រឿង​ទៅ​កាន់​កោះ​នោះ ដោយ​មាន​គ្រូពេទ្យ​ច្រើន​នាក់​នៅលើ​ឧទ្ធម្ភាគចក្រ​ទាំងនោះ​។​

​លោក​ប្រ៊ែត ស្កុត អ្នកវិទ្យាសាស្ត្រ​ភ្នំភ្លើង​បាន​និយាយថា​ការផ្ទុះ​នេះ គឺ​មាន​កម្លាំង​ខ្លាំង​ហើយ​ព្រួស​ចេញ​ចំហាយ​ទឹក​ក្តៅ​និង​ផេះ​កម្ពស់​៣.៦៦០​ម៉ែត្រ ទៅក្នុង​អាកាស​។ វា​ក៏​បង្ក​​ផល​ប៉ះពាល់​ដល់​តំបន់​ទាំងមូល​ដែល​នៅ​ជិត​ភ្នំភ្លើង​នេះ​។​

​កោះ​White នេះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៥០ គីឡូម៉ែត្រ​ពី​តំបន់​ដីគោក​នៃ​ប្រទេស​នូវែ​លសេ​ឡង់​៕ ​ប្រែ​សម្រួល​៖​សុខា​/sn

ផ្សែងហុយ​ចេញពី​ភ្នំភ្លើង​White នៅ​នូវែ​លសេ​ឡង់ ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ខែ​ធ្នូ