៥ចំណុច​ត្រូវ​និយាយ នៅមុន​ជំនួប​រវាងអេ​ស្ប៉ា​ញនិងអង់គ្លេសក្នុង​ក្របខ័ណ្ឌ Nations Leagueនាយប់នេះ

939
ចែករម្លែក

​ក្រុម​អង់គ្លេស​នឹង​ប៉ះ​អេ​ស្ប៉ា​ញ​នៅក្នុង​ទីក្រុង​សេ​វី​យ៉ា នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​១៥ តុលា​នេះ ដោយ​សម្លឹង​រក​ជ័យជម្នះ​លើកដំបូង​នៅក្នុង​ក្របខ័ណ្ឌ Nations League បន្ទាប់ពី​ប្រកួត​ស្មើ​នៅ​ទឹកដី​ក្រូ​អាស៊ី​។

​ក្រុម​របស់លោក ហ្គា​រ៉េត សោ​វ​ហ្គេ​ត រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការបើកឆាក​២​ប្រកួត​ក្នុង Nations League ខណៈ​អេ​ស្ប៉ា​ញ​បើកឆាក​ឈ្នះ​ទាំង​២ ទៅលើ​ក្រូ​អាស៊ី និង​អង់គ្លេស​។

៥ ចំណុច​ខាងក្រោម​នេះ​គឺជា​អ្វីដែល​ត្រូវ​និយាយ​មុន​ជំនួប​នៅ​កីឡដ្ឋាន Estadio Benito Villamarin ៖

១. ធ្លាក់​ទៅ​ពូ​ល B ឬ អត់ គឺជា​សំណួរ​ធំ​
​បើកឆាក​២​ប្រកួត​មកនេះ​អង់គ្លេស​មិនទាន់​ឈ្នះ​ទេ បន្ទាប់ពី​ស្មើ ០-០ ជាមួយ​ក្រូ​អាស៊ី​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ហើយ​កាលពី​ខែ​មុន​អង់គ្លេស​ចាញ់​អេ​ស្ប៉ា​ញ ២-១ ក្នុងផ្ទះ​ខ្លួន​។

​ជាមួយ​រូបមន្ត​ផ្អែកលើ​ប្រវត្តិ​ជួបគ្នា ប្រសិនបើ​ក្រុម​ច្រើន​បញ្ចប់ទៅ​មាន​ពិន្ទុ​ស្មើគ្នា អេ​ស្ប៉ា​ញ​គឺមាន​ប្រៀប​ខ្លាំង​ក្នុងការ​ឡើងទៅ​វគ្គ​បន្ទាប់ ហើយ​បើទោះបីជា​ស្មើ​នៅ​ទីក្រុង​សេ​វី​យ៉ា​យប់​នេះ ក៏​អង់គ្លេស​នៅតែ​ស្ថិត​ក្នុងចំណោម​ក្រុម​ខ្លាំង​នៅក្នុង​ពូ​ល A សម្រាប់​រដូវ​កាល ២០២០-២១ ដដែល​។

២. អត់​មាន​កីឡាករ​ជំនួយ​
​ការ​ប៉ះ​អេ​ស្ប៉ា​ញ​នៅ​ទឹកដី​សេ​វី​យ៉ា​គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អង់គ្លេស ប៉ុន្តែ​វា​ជា​តេស្ត​ដ៏​ពិបាក​មួយ ដោយហេតុថា ខ្សែការពារ ច​ន ស្តូ​ន និង ខ្សែបម្រើ ចូ​ដាន់ ហ៊ែ​ន​ឌ័​រ​សុន ត្រូវបាន​ផ្អាក​ម្នាក់​១​ប្រកួត បន្ទាប់ពី​ទទួល​កាត​លឿង​ម្នាក់​២ នៅ​២​ប្រកួត​បើកឆាក​ដំបូង​។

​ដោយ​មិនអាច​កោះហៅ​កីឡាករ​ថ្មី​មក​ជំនួស​បាន គេ​កំពុងតែ​ឆ្ងល់​ថា​តើ​លោក​សោ​វ​ហ្គេ​ត​នឹង​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​ដោយ​របៀប​ណា​។

៣. កីឡាករ ចា​ដុន សាន់​កូ ល្អ​គ្រាន់​គ្រាន់​ដើម្បី​ចាប់ផ្តើម​ជម្រើស​ដំបូង​ហើយ​ឬ​នៅ​?
​ខ្សែប្រយុទ្ធ Dortmund ចា​ដុន សាន់​កូ ក្លាយជា​កីឡាករ​ទីមួយ​ដែល​កើត​នៅ​សហ​វត្សរ៍​ថ្មី​នេះ លេង​ឱ្យ​អង់គ្លេស នៅពេល​រូបគេ​ចេញពី​កៅអី​បម្រុង​ពេល​ប៉ះ​ក្រូ​អាស៊ី​។

​ទោះបី​វា​មាន​រយៈពេល​ខ្លី​ត្រឹម ១២ នាទី​សម្រាប់​កីឡាករ​អាយុ ១៨ ឆ្នាំ​រូបនេះ ប៉ុន្តែ​រូបគេ​មើលទៅ​ស្វាហាប់ និង​ស្រេកឃ្លាន​ចង់បាន​បាល់​លេង​ដើម្បី​តាម​យកឈ្នះ​ចុង​ម៉ោង​ទៅលើ​ក្រូ​អាស៊ី ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​។​

​ស្របពេល​ដែល​រ៉ា​ស្វត​ស៊ុត​ខុស​ទី​ញឹកញាប់ និង រ៉ា​ហ៊ីម ស្ទើ​លីង ខាន​ស៊ុត​ចូល ៣ ឆ្នាំ​ឱ្យ​អង់គ្លេស លោក​សោ​វ​ហ្គេ​ត​អាច​នឹង​ផ្តល់ឱកាស​ឱ្យ​សាន់​កូ​ចាប់ផ្តើម​នៅ​រាត្រី​នេះ​។

៤. បដិវត្តន៍​របស់លោក​អ៊ិន​រី​កេ​
​លោក ល្វី​ស អ៊ី​ន​រី​កេ ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​របស់​អេ​ស្ប៉ា​ញ បន្ទាប់ពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​ដ៏​ខកចិត្ត ដែល​ចាប់ផ្តើម​ជាមួយ​ការបណ្តេញ​គ្រូបង្វឹក​មុន ឈ្មោះ ជូ​លែ​ន ឡូ​ប៉េ​តេ​ហ្គី នៅមុន​ការប្រកួត​វើ​ល​ខាប់​ចាប់ផ្តើម​មួយថ្ងៃ​។

​ជាមួយ​កីឡាករ​ជំនាន់​ថ្មី​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​កីឡាករ​មានបទពិសោធន៍​មួយចំនួន អតីត​គ្រូបង្វឹក Barcelona រូបនេះ​ចាប់ផ្តើម​ការប្រកួត​បាន​យ៉ាង​ល្អ​។​

​ជ័យជម្នះ ២-១ នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley ក្នុង​ក្របខ័ណ្ឌ Nations League កាលពី​ខែ​មុន បានបង្ហាញ​ពីស​ញ្ញា​វិជ្ជមាន មុនពេល​អេ​ស្ប៉ា​ញ​បំបាក់​ក្រូ​អាស៊ី ៦-០ នៅ​៣​ថ្ងៃក្រោយ ហើយ​វែ​ល​គឺជា​ជនរងគ្រោះ​បន្ទាប់ ដោយ​ចាញ់​គោ​ជល់​អេ​ស្ប៉ា​ញ ៤-១ នៅ​សប្តាហ៍​មុន​ក្នុងជំនួប​មិត្តភាព​។

៥. ការឈឺចាប់​របស់​ហារី ខេន អាច​បញ្ចប់ ជាមួយ​ការ​ស៊ុត​ចូល​អេ​ស្ប៉ា​ញ​
​ប្រធាន​ក្រុម​អង់គ្លេស​រូបនេះ​ពិតជា​បានឈ្នះ​ស្បែកជើង​មាស​នៅ​វើ​ល​ខាប់​កាលពី​រដូវក្តៅ​មែន តែ​កីឡាករ​អាយុ ២៥ ឆ្នាំ​រូបនេះ​មិនទាន់​ស៊ុត​ចូល​ទី​នៅឡើយ​ទេ ក្នុង ៦ ប្រកួត​អន្តរជាតិ​ចុងក្រោយ​នេះ​។

​ប្រសិនបើ​រូបគេ​មិនអាច​ស៊ុត​ចូល​អេ​ស្ប៉ា​ញយ​ប់​នេះ​ទេ វា​នឹង​ជាការ​ខ្សត់​គ្រាប់​បាល់​យូរ​បំផុត​សម្រាប់​អាជីព​ក្នុង​ជម្រើសជាតិ​របស់​ហារី ខេន​។

​ជាមួយ​ការណែនាំ​ជាច្រើន​ឱ្យ​រូបគេ​យក​ពេល​សម្រាក​ខ្លះ ហារី ខេន​ទទូចថា រូបគេ​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ទៅ​ស៊ុត​នៅ​ទីក្រុង​សេ​វី​យ៉ា ខណៈ​រូបគេ​សម្លឹង​រក​គ្រាប់​បាល់​ទី​១​ចាប់តាំងពី​ឈ្នះ​កូ​ឡុំ​ប៊ី​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី ៣ កក្កដា​៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេស​នឹង​ប៉ះ​អេ​ស្ប៉ា​ញ​នៅ​រាត្រី​នេះ