៥ សញ្ជាតិ ចាប់ផ្ដើម​ប្រជែង​គ្នា ដណ្ដើម​មេដាយ​

653
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ប្រកួតប្រជែង ដណ្ដើម​មេដាយមាស ដែលមាន​ឈ្មោះថា Boostrong Gold Medal Fighter on Fire បានចាប់ផ្ដើម​ហើយ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ។ នេះ​ជា​ព្រឹត្តិការណ៍ ប្រកួត​ដ៏​អស្ចារ្យ​មួយ ដែលមាន​អ្នក​ប្រដាល់ ចំនួន ៥ ជាតិ​សាសន៍ ចូលរួម ដែលមាន​អ្នក​ប្រ​
ដាល់​ទាំងអស់ ១៦ រូប ។​

​កម្ពុជា មាន​ចំនួន​៨​រូប ថៃ​ចំនួន​៤​រូប អ៊ីរ៉ង់​ចំនួន​២​រូប ចិន​១​រូប និង​អូស្ដ្រាលី​ចំនួន​១​រូប ។ នេះ​ជាការ​ប្រកួត​ជម្រុះ ដែល​អ្នកចាញ់ គឺ​ត្រូវ​ហាលអាវ ឯ​អ្នកឈ្នះ​ប្រកួត​បន្ត រហូត​សល់​តែ ៤​រូប ទើប​ប្រកួត ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយមាស ឯ​អ្នកចាញ់​ប្រកួត​ដណ្ដើម​មេដាយសំរិទ្ធ ។​

​ការប្រកួត​នៅ​ជុំ​ទី​១ នឹង​នៅសល់​អ្នក​ប្រដាល់​ចំនួន ៨ រូប ដោយ ៨ រូប ត្រូវ​ខ្ទាត​ចេញ ។ អ្នក​ទាំង ៨ រូបនេះ ត្រូវ​ចាប់ឆ្នោត​ប្រកួត​ជម្រុះ នៅ​ជុំ​ទី​២ ដែល​ជុំ​ទី​២ នឹង​បញ្ចប់ ដោយ​នៅសល់​អ្នក​ប្រដាល់ ៤​រូប ។ ៤​រូបនេះ​ត្រូវ​ប្រកួត​គ្នា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​រក​អ្នកឈ្នះ ទៅ​ប្រកួត​ដណ្ដើម​មេដាយមាស​។​

អ្នក​ប្រដាល់ ដែល​ត្រូវ​ប្រជែង​គ្នា ដណ្ដើម​មេដាយមាស​

​សូមបញ្ជាក់ថា មេដាយមាស មាន​រង្វាន់ ៥.០០០ ដុល្លារ មេដាយប្រាក់ ២.០០០ ដុល្លារ មេដាយសំរិទ្ធ ១.០០០ ដុល្លារ និង​អ្នកចាញ់ ក្នុងការ​ប្រកួត​ដណ្ដើម មេដាយសំរិទ្ធ បាន​រង្វាន់​លើកទឹកចិត្ត ៥០០ ដុល្លារ ។​

​ការប្រកួត​មួយ​សប្ដាហ៍ ២ គូ ហើយ​ពេលនេះ ការប្រកួត​ដំណើរការ បាន​មួយ​សប្ដាហ៍​ហើយ ដោយ​អ្នក​ប្រដាល់​កម្ពុជា ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ឈ្នះ​អ្នក​ប្រដាល់​ថៃ ហ្វា មេ​ឆៃ (Fa Mechhai) នៅ​ទឹក​ទី​៤ ។ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ម៉ារ ទីន (Martin) នៅ​ទឹក​ទី​២ ។​

​ពេលនេះ អ្នក​ប្រដាល់ ដែល​ត្រូវ​តស៊ូ​បន្តទៀត​នោះ គឺ ទេស សំខាន់ ក្លិប​កងពលតូច​លេខ ៧០ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ហ្គា ហ្វា​រី (Gafaria) យ៉ា​ម ខេមរា​ក្លិប​រស្មី​កុមារកំព្រា ជួប​ជាមួយ​អ្នក​ប្រដាល់​ចិន រ៉ូ​ន ស៊ី​អា​ហ៊ូ (Roan Xia Hu) ធឿន វិ​ថា​ត់ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្វាន អេក (Kwan Ek) ។ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត ណាំ​នឹង (Phat Namneung) និង ធី តុង​ហ៊ី ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ជា​មួយ​អ្នក​ប្រដាល់​អូស្ត្រាលី ដា​រិ​ន ចិន (Darin Chen) ៕v