៦២​នាក់​ស្លាប់​ដោយ​ជំនន់​ទឹកភ្លៀង​និង​ការបាក់​ដី​នៅ​ជប៉ុន​

3777
ចែករម្លែក

ការធ្លាក់ភ្លៀងខ្លាំងបានវាយប្រហារជប៉ុនខាងលិចនិងខាងត្បូងដល់ថ្ងៃទី៣ជាហេតុនាំអោយមានការព្រមានអំពីគ្រោះមហន្តរាយនៅលើកោះគ្យូស៊ូនិងស៊ីកូគុកាលពីថ្ងៃអាទិត្យទី៨កក្កដានៅពេលចំនួនមនុស្សស្លាប់ពីគ្រោះធម្មជាតិនេះបានឡើងដល់៦២នាក់ និងរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង។

ដេកលើដំបូងផ្ទះរង់ចាំជំនួយ

ការធ្លាក់ភ្លៀងខ្លាំងក្នុងកំរិតលើសធម្មតា៣ដង បានបង្កការបាក់ដីនិងធ្វើអោយទន្លេមានទឹកពេញប្រៀប និងនាំអោយមនុស្សជាច្រើនជាប់នៅក្នុងផ្ទះឬលើដំបូលផ្ទះ។

មន្រ្តីម្នាក់នៅទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រាប់សន្និសីទកាសែតមួយថា”យើងមិនដែលជួបការធ្លាក់ភ្លៀងអាក្រក់បែបនេះទេពីមុន។ស្ថានភាពនេះគ្រោះថ្នាក់ណាស់”។

សារព័ត៌មានNHK បាននិយាយថា យ៉ាងតិចមនុស្ស៦២នាក់ស្លាប់និង៤៤នាក់បាត់ខ្លួន។ក្នុងចំណោមអ្នកបាត់ខ្លួនមានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ដែលគេជឿថាជាប់នៅក្នុងផ្ទះដោយសារការបាក់ដីដែលបណ្តាលអោយស្លាប់មនុស្ស៣នាក់ផ្សេងទៀត។

រដ្ឋាភិបាលជប៉ុនបានបង្កើតមណ្ឌលគ្រាអាសន្នមួយនៅការិយាល័យនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង និងអ្នកជួយ សង្រ្គោះប្រមាណ៥៤.០០០នាក់មកពីយោធាប៉ូលិសនិងអគ្គិភ័យត្រូវបានបញ្ជូនទៅកាន់តំបន់ខាងត្បូងនិងខាងលិចប្រទេស។

នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ បាននិយាយថា” នៅមានមនុស្សជាច្រើនទៀតបាត់ខ្លួននិងអ្នកផ្សេងទៀតត្រូវការជំនួយ ។យើងកំពុងធ្វើការប្រជែងនឹងពេលវេលា”។

បទបញ្ជាជម្លៀសមនុស្សនៅជាធរមានសំរាប់មនុស្សប្រមាណ២លាននាក់និង២,៣លាននាក់ទៀតត្រូវបានណែនាំអោយជម្លៀស តែភ្លៀងបានឈប់និងទឹកស្រកនៅតំបន់ខ្លះ៕ដោយ៖វាសនា

ទិដ្ឋភាព ជប៉ុន ខាងត្បូង និង ខាងលិច រង ការ ជន់ លិច និង បាក់ ដី ក្រោយ ការធ្លាក់ ភ្លៀង ខ្លាំង