៦​នាក់​សា្លប់​ដោយសារ​ផ្ទាំង​ទឹកកក​បាក់សង្ក​ត់​លើ​ទាហាន​ល្បាត​ឥណ្ឌា​

246
ចែករម្លែក

​អ្នកនាំពាក្យ​កងទ័ព​បាន​និយាយ​ថា​ការបាក់​ផ្ទាំង​ព្រិល​ទឹកកក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​បាន​សង្កត់​លើ​ទាហាន​ល្បាត​មួយ​ក្រុម​របស់​ឥណ្ឌា​នៅ​តំបន់ភ្នំ​ហេមពាន្ត​ដែល​មាន​វត្ត​​មាន​យោធា​ច្រើន ដោយ​បាន​សម្លាប់​ទាហាន​៤ នាក់​និង​កម្មករ​២​នាក់​។​

​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​តំបន់ភ្នំ ស៊ែរឃឹ​ន ក្លេ​សឺ កម្ពស់​ជាង​៥.០០០​ម៉ែត្រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​កងទ័ព​រាប់រយ​នាក់​មក​ពី​ភាគី​ទាំង​សងខាង​បាន​ស្លាប់​ដោយសារ​ការបាក​ផ្ទាំង​ព្រិល​ទឹកកក​និង​ដោយសារ​អាកាសធាតុ​អាក្រក់​នៅ​តំបន់​នោះ​ក្នុង​រយៈពេល​ជាង​៣​ទសវត្សរ៍​​កន្លងមកនេះ​។​

​អ្នកនាំពាក្យ​យោធា​ឥណ្ឌា​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា ផ្ទាំង​ទឹកកក​បាន​បាក់​គ្រប​សង្កត់ពីលើ​មនុស្ស​៨ នាក់​ក្នុងពេល​ដើរល្បាត នៅ​តំបន់​ភាគ​ខាងជើង​នៃ​ជួរ​ភ្នំ​​កា​រ៉ា​កូរ៉ាម ។​

​ក្រុម​អ្នក​សង្គ្រោះបាន​ជីក​កកាយ​ព្រិល​ទឹកកក​ដើម្បី​សង្គ្រោះ​ទាហាន​ល្បាត​ទាំងនោះ​ពី​ផ្ទាក់​ទឹក​កកនោះ ហើយ​បាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​តាម​ឧទ្ទម្ភាគចក្រ​។​

​អ្នកនាំពាក្យ​យោធា បាន​និយាយថា​ទោះបីជា​មាន​ការ​ខំ​ប្រឹងប្រែង​ក្តី​ក៏​មាន​មនុស្ស​ស្លាប់​៦​នាក់ ដោយ​ការបាក់​ផ្ទាក់​ទឹក​កកនេះ​។​

​ការបាក់​ផ្ទាំង​ទឹកកក កើត​ឡើង​ជា​ធម្មតា​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ​គឺ​មាន​សីតុណ្ហភាព​ដក​៦០​អង្សា​សេ​៕ដោយ៖សុខា/sn

ក្រុម​អ្នក​សង្គ្រោះបាន​ជីក​កកាយ​ព្រិល​ទឹកកក​ដើម្បី​សង្គ្រោះ​ទាហាន​ល្បាត​ទាំងនោះ​ពី​ផ្ទាក់​ទឹក​កកនោះ ហើយ​បាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​តាម​ឧទ្ទម្ភាគចក្រ​